អាហារ ៤ប្រភេទដែលអាចផ្ដល់នូវជាតិអ៊ីយ៉ូដ ដែលចាំបាច់សម្រាប់រាងកាយអ្នកបាន
តាមប្រភពរបស់healthline.com ប្រមាណ១ភាគ៣នៃប្រជាជនទូទាំងសកលលោកកំពុងតែប្រឈមមុខនឹងហានិភ័យពីកង្វះខាតជាតិអ៊ីយ៉ូដ។ ខ្វះខាតជីវជាតិដ៏សំខាន់មួយនេះអាចបណ្ដាលឲ្យមានការហើមនៃក្រពេញទីរ៉ូអ៊ីត ដែលអាចធ្វើឲ្យមនុស្សនោះឆាប់អស់កម្លាំងល្ហិតល្ហៃ ខ្សោយសាច់ដុំ និងឡើងទម្ងន់។ អាហារគឺជាផ្នែកមួយដ៏សំខាន់ដែលអាចឲ្យអ្នកទទួលបាននូវជីវជាតិបំប៉ននេះបាន។ តើមានអាហារអ្វីខ្លះដែលអាចផ្ដល់នូវជាតិអ៊ីយ៉ូដបាន ?
១) បង្គា៖ បង្គាប្រមាណ៨៥ក្រាមមានវត្តមានរបស់ជាតិអ៊ីយ៉ូដចំនួន៣៥មីក្រូក្រាម ឬស្មើនឹង២៣%នៃបរិមាណជាតិអ៊ីយ៉ូដដែលចាំបាច់ជាប្រចាំថ្ងៃ។ បង្គាមិនត្រឹមតែជាប្រភពនៃជាតិអ៊ីយ៉ូដដែលមានសារសំខាន់សម្រាប់រាងកាយប៉ុណ្ណោះទេ តែវាក៏ជាប្រភពនៃវីតាមីនB១២ សេឡេញ៉ូម និងផូស្វ័រផងដែរ។
២) អំបិលអ៊ីយ៉ូដ៖ អំបិលអ៊ីយ៉ូដក្នុង១ភាគ៤នៃ១ស្លាបព្រាកាហ្វេ មានវត្តមានរបស់ជាតិអ៊ីយ៉ូដប្រមាណ៧១មីក្រូក្រាម ដែលស្មើនឹង៤៧%នៃតម្រូវការចាំបាច់ជាប្រចាំថ្ងៃ។ ហេតុនេះវាជាការប្រសើរណាស់ បើអ្នកអាចប្ដូរមកប្រើប្រាស់អំបិលអ៊ីយ៉ូដជំនួសឲ្យអំបិលសូដ្យូមក្នុងការចម្អិនអាហារប្រចាំថ្ងៃ។
៣) ត្រីធូណា៖ ត្រីធូណាគឺជាប្រភពនៃជាតិអ៊ីយ៉ូដ ប្រូតេអ៊ីន មានកម្រិតកាឡូរីទាប ហើយថែមទាំងសម្បូរទៅដោយជាតិប៉ូតាស្យូម វីតាមីនB និងជាតិដែកទៀតផង។ ម្យ៉ាងទៀតដោយសារតែត្រីនេះមានវត្តមានរបស់អាស៊ីដខ្លាញ់អូមេហ្កា៣ផងនោះ វាក៏ជាអាហារដ៏ល្អមួយប្រភេទដែលអាចកាត់បន្ថយហានិភ័យពីជំងឺបេះដូងបានដែរ។
៤) ស៊ុត៖ ស៊ុតគឺជាប្រភពអាហារដ៏ល្អមួយទៀតដែលអាចផ្ដល់ឲ្យអ្នកនូវជាតិអ៊ីយ៉ូដដែលសំខាន់សម្រាប់រាងកាយអ្នកនេះ ជាពិសេសគឺផ្នែកពណ៌ក្រហមរបស់ស៊ុតនេះឯងដែលសម្បូរទៅដោយជាតិអ៊ីយ៉ូដបំផុត។ មិនតែប៉ុណ្ណោះស៊ុតក៏អាចផ្ដល់ឲ្យអ្នកនូវប្រូតេអ៊ីន អាស៊ីដខ្លាញ់ដែលល្អ សារធាតុខនិជ និងវីតាមីនដ៏ច្រើនផងដែរ៕
ដោយ៖ ស្រីពៅ