តើកាកកាហ្វេដែលអ្នកឆុងរួចហើយបម្រុងយកទៅចោលនោះ មានអត្ថប្រយោជន៍ដូចម្ដេចខ្លះ?
បើអ្នកចូលចិត្តឆុងកាហ្វេ នោះអ្នកអាចនឹងចោលកាកកាហ្វេបន្ទាប់ពីយកវាទៅឆុងរួចរាល់ហើយ។ ប៉ុន្តែ តើអ្នកមានដឹងទេថាកាកកាហ្វេនេះ មានអត្ថប្រយោជន៍ជាច្រើនសូម្បីតែវាត្រូវបានឆុងចេញជាទឹកកាហ្វេដ៏ឈ្ងុយសម្រាប់អ្នករួចហើយក៏ដោយ។ ដិយយោងតាមប្រភពមួយរបស់គេហទំព័រhealthline.com តើអត្ថប្រយោជន៍សំខាន់ៗរបស់វាមានដូចម្ដេចខ្លះ ?
១) ជួយបណ្ដុះសក់៖ មានការសិក្សាមួយចំនួនបានរកឃើញថា កាកកាហ្វេអាចជួយកម្ចាត់ចេញនូវកោសិកាងាប់ទាំងឡាយ និងជួយបង្កើនចរន្តឈាមដែលអាចបង្កើនការលូតលាស់នៃសក់របស់អ្នកបាន។ អ្នកអាចសាកល្បងពិសោធន៍ប្រយោជន៍របស់កាកកាហ្វេបាន ដោយគ្រាន់តែធ្វើការម៉ាស្សាក្បាលនិងសក់របស់អ្នកជាមួយនឹងកាកកាហ្វេដែលត្រូវបានទុកសល់ចោលនោះ។
២) ភ្នាក់ងារលាងសម្អាតបែបធម្មជាតិ៖ លើសពីអត្ថប្រយោជន៍ខាងលើ កាកកាហ្វេក៏អាចត្រូវបានយកមកប្រើប្រាស់ធ្វើជាភ្នាក់ងារលាងសម្អាតមួយតាមបែបធម្មជាតិផងដែរ។ បើអ្នកមិនចង់ប្រើប្រាស់សារធាតុគីមីផ្សេងៗដើម្បីលាងសម្អាតសម្ភារទាំងឡាយណាដែលពិបាកក្នុងការសម្អាតទេ នោះកាកកាហ្វេដែលអ្នកបម្រុងយកទៅបោះចោលបន្ទាប់ពីឆុងវារួចហើយនោះ អាចប្រើធ្វើជាភ្នាក់ងារសម្អាតដ៏មានប្រសិទ្ធភាពសម្រាប់អ្នកបាន។ ម្យ៉ាងទៀត ដោយសារតែកាកកាហ្វេមានលក្ខណៈប្រឆាំងនឹងបាក់តេរីនិងមេរោគផងនោះ នោះវាក៏អាចធ្វើឲ្យសម្ភារដែលអ្នកសម្អាតរួចមានអនាម័យផងដែរ។
៣) បណ្ដេញសត្វល្អិតដែលបំផ្លាញដំណាំរបស់អ្នក៖ កាកកាហ្វេត្រូវបានគេរកឃើញថា មានសារធាតុចូលផ្សំមួយចំនួនដែលមានលក្ខណៈបំពុលខ្ពស់សម្រាប់សត្វល្អិត។ មិនតែប៉ុណ្ណោះ កាកកាហ្វេនៅពេលត្រូវបានយកទៅលាយផ្សំជាមួយនឹងកាកសំណល់ផ្ទះបាយ មានជីវជាតិដែលអំណោយផលដល់ការលូតលាស់របស់ដំណាំរបស់អ្នក និងថែមទាំងផលិតនូវឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាប បើធៀបនឹងសារធាតុគីមីផ្សេងៗ៕
ដោយ៖ ស្រីពៅ