គន្លឹះសំខាន់ៗ ៩យ៉ាង ដែលនាំឲ្យជីវិតរបស់អ្នកមានភាពរីករាយ ស្រស់ថ្លា​



មនុស្សម្នាក់ៗកើតមកមិនដូចគ្នានោះទេ ជីវិតរបស់អ្នកខ្លះពោរពេញទៅដោយទុក្ខសោក តែអ្នកខ្លះមានជីវិតពោរពេញទៅដោយភាពសប្បាយរីករាយ និងសុភមង្គលនៅក្នុងជីវិត។ ប៉ុន្តែ គ្មាននរណាម្នាក់ចង់រស់នៅប្រកបដោយជីវិតដែលជួបតែទុក្ខសោកនោះទេ។ ដូចនេះ BizKhmer សូមលើកយកគន្លឹះសំខាន់ ៩ យ៉ាងដែលអាចប្រែក្លាយជីវិតរបស់អ្នកឲ្យមានភាពរីករាយ និងស្រស់ថ្លាឡើងវិញ ដែលចុះផ្សាយដោយគេហទំព័រ Lifehack៖ ​បាន​អាន​ហើយ​ឬនៅ? វិធី ៤យ៉ាង​ដើម្បី​ស្វែង​រក​ភាព​រីករាយ​ដាក់​ខ្លន​ឯង​ឱ្យ​បាន

១) ការទទួលយក៖ មិនថារឿងល្អ ឬមិនល្អនោះទេ គឺតែងតែចូលមកក្នុងជីវិតរបស់អ្នកដោយជៀសមិនរួចឡើយ។ ដូចនេះ ជាជាងបដិសេធមិនព្រមទទួលយករឿងទាំងនោះ អ្នកត្រូវរៀនទទួលយកវាហើយស្វែងរកដំណោះស្រាយ។ នៅពេលដែលអ្នកទទួលយករឿងល្អនិងមិនល្អទាំងនោះ អ្នកនឹងរកឃើញថាអ្នកមានអារម្មណ៍កាន់តែរីករាយក្នុងជីវិត។

២) គំនិតវិជ្ជមាន៖ អ្វីក៏ដោយតែងតែមានចំណុចវិជ្ជមានរបស់វា។ បើទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាក ឈឺចាប់យ៉ាងណាក៏ដោយ គឺគង់តែមានចំណុចវិជ្ជមានដែរ។ ប្រសិនបើអ្នកមើលមិនឃើញពីភាពវិជ្ជមានរបស់បញ្ហារបស់អ្នកនោះទេ អ្នកនឹងកាន់តែងាយធ្លាក់ខ្លួនទៅក្នុងស្ថានភាពទុក្ខសោក ហើយភាពខ្វាយខ្វល់នឹងមកសន្ធឹតក្នុងជីវិតរបស់អ្នកជាមិនខាន។ ដូចនេះ ប្រសិនបើអ្នកជួបប្រទះនិងរឿងពិបាក ឬបញ្ហាក្នុងជីវិតរបស់អ្នក ព្យាយាមឈានមួយជំហានចេញពីស្ថានការណ៍នោះ ហើយវាយតម្លៃវា។ ប្រសិនបើអ្នករកមើលឲ្យជ្រៅបន្តិច អ្នកប្រាកដជារកឃើញពីចំណុចវិជ្ជមានរបស់វាជាមិនខាន។

៣) ស្វែងរកការពេញចិត្ត៖ ជីវិតដែលមានសកម្មភាពដែលមិនបំពេញចិត្តរបស់អ្នក គឺជារឿងដែលខាតពេលវេលា នឹងធ្វើឲ្យអ្នកមិនសប្បាយចិត្ត។ ដូចនេះ អ្នកត្រូវរកឲ្យឃើញនូវអ្វីដែលអ្នកចូលចិត្តធ្វើ និងធ្វើឲ្យអ្នករីករាយពេលអ្នកធ្វើវា ជាជាងសកម្មភាពដែលអ្នកមិនពេញចិត្តធ្វើ។

៤) ធ្វើឲ្យគ្រប់វិនាទីមានតម្លៃ៖ អ្នកត្រូវចាំថាគ្រប់វិនាទីគឺមានតម្លៃខ្លាំងណាស់សម្រាប់អ្នក។ ដូចនេះ ព្យាយាមធ្វើអ្វីដែលអ្នកចង់ធ្វើដើម្បីធ្វើជីវិតរបស់អ្នករីករាយ។ កំណត់ពេលវាលារបស់អ្នកឲ្យច្បាស់លាស់។

៥) ការថែរក្សាផ្លូវចិត្ត៖ ការថែរក្សាផ្លូវចិត្តគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យអ្នករីករាយ និងធ្វើឲ្យអ្នកមានសុខភាពផ្លូវចិត្តល្អ។ ការថែរក្សាផ្លូវចិត្តគឺជាសកម្មភាពទាំងឡាយណាដែលធ្វើឲ្យចិត្តរបស់អ្នកមានថាមពលឡើងវិញ។ អ្នកអាចចំណាយពេលទៅលំហែកាយ ឬចំណាយពេលមើលរឿងដែលអ្នកចូលចិត្តជាដើម។

៦) ស្វែងរកបទពិសោធន៍ថ្មី៖ អ្នកគួរតែធ្វើអ្វីដែលថ្មី ឬទទួលយកបទពិសោធន៍ថ្មីដើម្បីរៀនសូត្រ និងស្វែងរកមនុស្សដែលមានផ្នត់គំនិតជោគជ័យ ដែលអាចជំរុញទឹកចិត្តអ្នក និងធ្វើឲ្យជីវិតរបស់អ្នកស្រស់ថ្លា។

៧) កំណត់គោលដៅ៖ ជីវិតរបស់អ្នកបើគ្មានគោលដៅច្បាស់លាស់នោះទេ ជីវិតរបស់អ្នកប្រកដជាគ្មានរសជាតិ។ គោលដៅគឺជាអ្វីដែលផ្ដល់នូវការលើកទឹកចិត្ត និងផ្ដល់នូវគោលបំណងពិតប្រាកដក្នុងជីវិតដើម្បីឲ្យការរស់នៅក្នុងមួយថ្ងៃៗរបស់អ្នកប្រកបដោយភាពសប្បាយរីករាយ។

៨) ការដឹងគុណ៖ ចាប់ផ្ដើមអនុវត្តការដឹងគុណរបស់អ្នកក្នុងថ្ងៃនេះ។ អ្នកគួរតែកត់ត្រាទុកនូវអ្វីដែលអ្នកត្រូវដឹងគុណ។ អ្នកអាចដឹងគុណចំពោះនរណាម្នាក់ ឬរឿងអ្វីមួយដែលបានកើតឡើង។ ការដឹងគុណគឺធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ថ្លា និងធ្វើឲ្យអ្នកមានភាពរីករាយ។

៩) ការជួយអ្នកដ៏ទៃ៖ ការចំណាយពេលស្ម័គ្រចិត្តធ្វើអ្វីមួយ គឺធ្វើឲ្យអ្នកមានឪកាសចេញទៅក្រៅជួយអ្នកដ៏ទៃ និងជួបមនុស្សជាច្រើន។ នៅពេលដែលអ្នកអាចធ្វើឲ្យជីវិតនរណាម្នាក់ផ្លាស់ប្ដូរ ភាពសប្បាយរីករាយនឹងចូលមកក្នុងជីវិតរបស់អ្នកដោយឯកឯង៕

សូមអាន៖ ងាយ​ៗ! គ្រាន់​តែ​អនុវត្ត​ចំណុច​ទាំង​ ៣ នេះ ក៏អាចជួយឲ្យជីវិត​របស់​អ្នក​​រីករាយ​បាន​ដែរ

ដោយ៖ លង់ វណ្ណៈ

X
5s