គន្លឹះ ៨ចំណុចដើម្បីកសាងកេរ្តិ៍ឈ្មោះល្អក្នុងសង្គម ពីអ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ
លោក ង៉ែត ជូ ជាទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Market Consulting (EMC) ជាទូទៅតែងតែចែករំលែកចំណេះដឹង និង គនិតល្អៗជាច្រើននៅលើបណ្ដាញសង្គម។ ចំណេះដឹងទាំងនោះ ភាគច្រើនទាក់ទងទៅនឹង សេដ្ឋកិច្ច គំនិតអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុជាដើម។ ថ្ងៃនេះ Bizkhmer សូមលើកយកនូវចំណុចមួយដែល លោកបានសរសេរនៅលើគណនីហ្វេកបុកផ្ទាល់ខ្លួនរបស់លោក អំពីគន្លឹះ៨ចំណុចដែលគួរអនុវត្ត ដើម្បីកសាងកេរ្តិ៍ឈ្មោះល្អក្នុងសង្គម។ គន្លឹះទាំង៨ ចំណុចនោះរួមមាន៖
១) មានចក្ខុវិស័យ៖ បុគ្គលឆ្នើមជាច្រើនតែងនិយាយពីអនាគត មើលឃើញថានឹងមានអ្វីកើតឡើងនាពេលអនាគត ហើយរៀបចំផែនការឬបេសកកម្មដើម្បីចាប់យកឱកាសដែលនឹងកើតមានឡើង។ ឧទាហរណ៍: សេដ្ឋីជនជាតិថៃលោក សុងសាក់ឌី បានមើលឃើញពីអនាគតនៃក្រុងបាងកកនិងបានវិនិយោគលើផ្ទៃដីប្រមាណ១៦០ហិកតានៅជិតក្រុងបាងកកនាឆ្នាំ១៩៨៤-១៩៨៥។ ចក្ខុវិស័យនេះបានធ្វើអោយលោកក្លាយជាសេដ្ឋីអចនលទ្រព្យក្នុងកំឡុងឆ្នាំ១៩៩៧។
២) បង្កើតសាមិទ្ធិផលឬស្នាដៃនានា៖ បុគ្គលល្បីត្រូវបង្កើតសាមិទ្ធិផលរបស់ខ្លួន ដូចជាកសាងទ្រព្យសម្បត្តិដោយសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងដោយមិនពឹងផ្អែកលើកេរ្តិ៍មរតកគ្រួសារ។ល។ ៣) មានទំនួលខុសត្រូវ៖ ជាទូទៅបគ្គលលេចធ្លោតែងតែជាអ្នកមានទំនួលខុសត្រូវខ្ពស់ចំពោះកិច្ចការរបស់ខ្លួន។ ស្ថាបនិករបស់ Alibaba លោក Jack Ma ដែលបានបង្កើត Alipay លើកឡើងថាពេលលោកបង្កើត Alipay នៅប្រទេសចិនដំបូងលោកស្មគ្រ័ចិត្តដើរចូលគុកប្រសិនបើរដ្ឋាភិបាលចិនចាត់វិធានការតឹងរឹង។ លោកបានលើកឡើងថាភាពជាអ្នកដឹកនាំ គឺជាការទទួលខុសត្រូវ។ ដូចគ្នានេះដែរ ស្ថាបនិករបស់Facebook លោក Mak Zuckerberg បាននិយាយចំពោះមុខសមាជិកព្រឹទ្ធសភាអាមេរិកថា លោកបង្កើត និងគ្រប់គ្រង Facebook ដូច្នេះរាល់កំហុសទាំងឡាយ ជាកំហុសរបស់លោក លោកទទួលខុសត្រូវ។
៤) អភិវឌ្ឍចំណេះដឹងជាប្រចាំ៖ រាល់បុគ្គលឆ្នើមតែងអាន និងស្រាវជ្រាវជាប្រចាំដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងអោយទាន់ការវិវត្តនៃទីផ្សារ និងបច្ចេកវិទ្យា។ គេមិននិយាយថារឿងហ្នឹងខ្ញុំចេះហើយ គេតែងតែស្តាប់នូវមតិយោបល់អ្នកដទៃ។
៥) ចេះចែករំលែកនូវចំណេះដឹង និងបទពិសោធន៍នានា៖ ចំណេះដឹង និងចំណេះធ្វើដែលបានមកពីការអាន សិក្សាស្រាវជ្រាវ និងអនុវត្តផ្ទាល់ ត្រូវចែករំលែកបន្តរព្រោះនឹងបានជាប្រយោជន៍ដល់អ្នកដទៃផងដែរ។ មនុស្សជាច្រើននឹងគោរពរាប់អានអ្នកមានសមត្ថភាព និងសណ្តានចិត្តល្អក្នុងការចែករំលែកចំណេះដឹងនានា។
៦) ធ្វើការងារជាក្រុម និងកសាងទំនាក់ទំនងល្អក្នុងសង្គម៖ អ្នកមិនអាចជោគជ័យនោះទេប្រសិនបើមិនចេះសហការ និងធ្វើការជាក្រុម។ នៅពេលអ្នកមានសមត្ថភាព និងចូលរួមសង្គមបានទូលំទូលាយ នោះអ្នកក៏បានចូលរួមកសាងសង្គមតាមរយៈការចូលរួមនោះដែរ។ មានមនុស្សជាច្រើនរង់ចាំមើលសកម្មភាពរបស់អ្នក។
៧) មានភាពស្មោះត្រង់៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក្នុងតម្លៃណាក៏ដោយ អ្នកត្រូវរក្សាភាពស្មោះត្រង់អោយខានតែបាន។ ភាពស្មោះត្រង់ជាទ្រព្យចាយមិនចេះអស់ អ្នកដទៃនឹងមិនបោះបង់បុគ្គលស្មោះត្រង់ឡើយ។ បើទោះជាអ្នកយាមផ្ទះក៏គេត្រូវការបុគ្គលដែលមានភាពស្មោះត្រង់ដែរ។ ការកុហក កេងប្រវញ្ច័មិនអាចលាក់បាំងបានទេ យូរនិងឆាប់គង់តែអ្នកដទៃដឹងទេ។ សមដូចពាក្យចាស់លោកពោលថា រឿង៣មិនអាចលាក់បាំងបាន គឺ ផោមក្នុងទឹក យកក្រដាសខ្ចប់រងើកភ្លើង និង ដំរីងាប់យកចង្អេបាំង។
៨) មានសីលធម៌រស់នៅល្អ៖ ទោះអ្នកមានទ្រព្យមហាសាល មានចំណេះដឹងទូលំទូលាយយ៉ាងណា ក៏អ្នកមិនអាចកសាងកេរ្តិ៍ឈ្មោះល្អដោយខ្វះសីលធម៌បានដែរ។ ប៉ុន្តែមនុស្សមួយចំនួនក្នុងសង្គមបច្ចុប្បន្នយល់ខុសថា បើមានប្រាក់គឺមានកិត្តិយសហើយ។ ការយល់បែបនេះ មិនអាចអោយយើងកសាងសង្គមកម្ពុជាជាអារ្យ ប្រទេសបានឡើយ៕