មេរៀនជីវិតដែលមិនអាចកាត់ថ្លៃបានទាំង ៧ របស់សត្វកណ្ដៀរ អាចយកទៅអនុវត្តក្នុងជីវិត
អ្នកដឹងហើយថាសត្វកណ្ដៀរជាសត្វដែលមានមាឌតូចល្អិតជាងសត្វដ៏ទៃទៀតក្នុងលោក។ បើទោះបីជាយ៉ាងណាក៏ដោយ អ្នកក៏អាចរៀនសូត្រពីសត្វកណ្ដៀរនូវមេរៀនដ៏មានតម្លៃផងដែរ។ ដូចនេះ BizKhmer សូមលើកយកមេរៀនជីវិតទាំង ៧របស់សត្វកណ្ដៀរមកចែកជូនមិត្តអ្នកអានក្នុងការត្រិះរិះពិចារណា និងរៀនសូត្រតាម ដែលដកស្រង់ចេញពីគេហទំព័រ nairaland៖
សូមអាន៖ មេរៀនជីវិតទាំង ៦ ដែលអ្នកអាចរៀនសូត្រពី «សត្វតោ»
១) ការសហការគ្នា៖ សត្វកណ្ដៀរមានមាឌតូច ប៉ុន្តែសត្វកណ្ដៀរអាចបង្កើតជាកងទ័ពដ៏ខ្លាំងក្លា និងរឹងមាំបាន ពីព្រោះតែសាមគ្គីភាព និងការសហការគ្នា។ សត្វកណ្ដៀរចូលចិត្តរស់នៅជាក្រុម ពួកវាមិនដែលរស់នៅតែឯង ឬកម្រដើរចេញពីក្រុមរបស់វាណាស់។ ការសហការគ្នា និងសាមគ្គីភាពរបស់សត្វកណ្ដៀរគឺជាមេរៀនដ៏ល្អមួយដែលអ្នកអាចរៀនសូត្របាន។ អ្នកត្រូវរៀនធ្វើការជាក្រុមជាមួយអ្នកដ៏ទៃ ប្រសិនបើអ្នកចង់ជោគជ័យ។ ការបំពេញឲ្យគ្នាទៅវិញទៅមកល្អប្រសើរជាងការប្រកួតប្រជែងគ្នាយកឈ្នះយកចាញ់។ ដូចពាក្យខ្មែរពេលថា «ចង្កឹះមួយបាច់កាច់មិនបាក់។»
២) វិន័យ៖ អ្វីៗបញ្ចប់ទៅដោយភាពមានសណ្ដាប់ធ្នាប់។ សត្វកណ្ដៀរតែងតែមានច្បាប់ទម្លាប់ និងវិន័យដែលសត្វកណ្ដៀរទាំងអស់ត្រូវគោរពតាមនៅក្នុងអាណាចក្ររបស់ពួកវា។ ដូចនេះ អ្នកត្រូវរៀនបន្សំខ្លួនរបស់អ្នកទៅនឹងវិន័យ និងរៀនធ្វើការជាមួយក្រុមរបស់អ្នក។
៣) ការខិតខំប្រឹងប្រែង៖ សត្វកណ្ដៀរមានការខិតខំប្រឹងប្រែងធ្វើការខ្លាំងណាស់។ សត្វកណ្ដៀរមិនដែលខ្ជះខ្ជាយពេលវេលាឡើយ បើទោះបីជាវាស្ថិតក្នុងស្ថានការណ៍បែបណាក៏ដោយ។ ដូចនេះ អ្នកត្រូវតែខិតខំប្រឹងប្រែងធ្វើការ ប្រសិនបើអ្នកចង់សម្រេចរឿងធំក្នុងជីវិតរបស់អ្នក។
៤) បែងចែកការងារ៖ ក្នុងអាណាចក្ររបស់សត្វកណ្ដៀរមានទាហាន កម្មករ ស្ដេច និងម្ចាស់ក្សត្រី។ ពួកសត្វកណ្ដៀរទាំងនោះមានតួនាទីធ្វើការខុសៗគ្នាទៅតាមជំនាញរៀងៗខ្លួន ប៉ុន្តែសត្វកណ្ដៀរមានគោលដៅមួយច្បាស់លាស់គឺ ប្រសិទ្ធភាពការងារ។ អ្នកគួរតែរៀនបែងចែកការងាររបស់អ្នកទៅឲ្យអ្នកដ៏ទៃជួយធ្វើដើម្បីអ្នកមានពេលសម្រាក និងធ្វើឲ្យកិច្ចការនោះកាន់តែឆាប់សម្រេច។
៥) ការតស៊ូ៖ អ្នកអាចឃើញពីការតស៊ូរបស់សត្វកណ្ដៀរនៅពេលភ្លៀងធ្លាក់ហើយ។ សត្វកណ្ដៀរចាប់ផ្ដើមធ្វើការភ្លាមៗដោយមិនខ្វល់ពីភ្លៀងដែលចង់ធ្លាក់មកម្ដងទៀតនោះទេ ដោយពួកវាខិតខំសាងសង់ និងជួសជុលកន្លែងរបស់វាដើម្បីអាចស្នាក់នៅបន្តបាន។ អ្នកក៏ដូចគ្នា ត្រូវតែចេះខិតខំតស៊ូជំនះភាពលំបាកលំបិនបន្ដិចដើម្បីសម្រចគោលដៅធំរបស់អ្នក។
៦) អភិបាលកិច្ចល្អ៖ សត្វកណ្ដៀរដែលមានភាពស្មោះត្រង់តែងតែត្រូវបានមេដឹកនាំរបស់វាយកមកធ្វើការក្រោមបញ្ជារ។ សត្វកណ្ដៀរមិនដែលលំអៀងទៅកាន់កូនចៅរបស់វាឡើយ។ សត្វកណ្ដៀរនឹងធ្វើការជ្រើសរើសអ្នកដែលខ្លាំង និងមានសមត្ថភាពដើម្បីកាន់អំណាច។ ស្រដៀងគ្នាដែរ អ្នកត្រូវចេះរើសមនុស្សពូកែមកធ្វើការឲ្យអ្នក ជាជាងមនុស្សដែលពូកែអែបអប។
៧) ចក្ខុវិស័យ៖ សត្វកណ្ដៀរមើលឃើញលើសពីបច្ចុប្បន្នទៅទៀត។ សត្វកណ្ដៀរចង់បង្កើតជាតំបង់ថ្មីមួយផ្សេងទៀត ដោយពួកវារំពឹងថាថ្ងៃណាមួយវានឹងក្លាយជាអាណាចក្រមួយដ៏រឹងមាំ។ ដូចនេះ អ្នកត្រូវតែរៀនមើលឲ្យធ្លុះបច្ចុប្បន្នកាល។ អ្នកត្រូវរៀនដើម្បីអភិវឌ្ឍខ្លួនរបស់អ្នកដោយមានចក្ខុវិស័យច្បាស់លាស់៕
សូមអាន៖ មេរៀនជីវិតសំខាន់ៗ៣យ៉ាងដែលអ្នកអាចរៀនសូត្របានពីសត្វកវែង
ដោយ៖ លង់ វណ្ណៈ