មុននឹងសម្រេចចិត្តរាប់អានមិត្តថ្មី សួរខ្លួនឯង ៣សំណួរនេះសិន
ក្នុងជីវិតប្រចាំថ្ងៃ មនុស្សគ្រប់គ្នាតែងជួបមនុស្សថ្មីនៅគ្រប់ទីកន្លែង មិនថា នៅកន្លែងការងារឬហាងកាហ្វេទេ។ មិត្តភាព អាចចាប់ផ្ដើមដោយងាយដោយគ្រាន់តែសាកសួរគ្នាពីប្រវត្តិឬសួរថាគេធ្វើការអ្វី មកពីណា។ល។ យ៉ាងណាមិញ មានមិត្តភក្ត្រច្រើនមិនសំខាន់នោះទេ សំខាន់តើអ្នកមានមិត្តល្អដែរឬទេ? ដូចសុភាសិតមួយពោលថា «មានមិត្តច្រើន មិនស្មើនឹងកល្យាណមិត្តម្នាក់។» ដូច្នេះហើយ មុនពេលរាប់អានមនុស្សថ្មី អ្នកគួរសួរខ្លួនឯងនូវសំនួរខាងក្រោមនេះសិនដើម្បីកុំឲ្យរាប់អានមនុស្សខុស៖
១) តើពួកគេអាចនឹងស្មោះត្រង់និងមិនធ្វើពុតជាមួយអ្នកដែរឬទេ?៖ អ្នកត្រូវសង្កេតអត្តចរិតរបស់គេឲ្យបានល្អ។ ពិតណាស់ថា មនុស្សគ្រប់រូបមិនចង់ឲ្យគេបោកប្រាស់ឬកុហកឡើយ។ ម៉្យាងវិញទៀត អ្នកក៏មិនចង់មានមិត្តក្លែងក្លាយផងដែរ។ ប្រសិនជាគេមិនមានភាពស្មោះត្រង់នឹងអ្នកទេ នោះបញ្ជាក់ថា គេមិនមែនជាមនុស្សល្អទេ។
២) តើពួកគេអាចទទួលយកអ្នក «ជាអ្នក» ដែរឬទេ?៖ មិត្តពិតប្រាកដគួរស្រឡាញ់អ្នក «ជាអ្នក»។ បើទោះបីជាអ្នកមានចំណុចអាក្រក់ដែលពួកគេមិនពេញចិត្ត ក៏ពួកគេទទួលយកគ្នាព្រោះនេះជាអ្វីដែលធ្វើអ្នក «ជាអ្នក»។ មិត្តល្អមិនព្យាយាមកែប្រែអ្នកនោះទេ។ ពួកគេអាចឲ្យមតិដើម្បីស្ថាបនា ប៉ុន្តែនៅតែទទួលយកអ្នកជានិច្ច។
៣) តើពួកគេនឹងដាក់ទុនលើមិត្តភាពនេះដែរឬទេ?៖ មិត្តភាពមិនអាចកើតមានឡើងតែម្ខាងនោះទេ។ វាទាមទារឱ្យអ្នកទាំងពីរផ្ដល់តម្លៃ យោគយល់ឲ្យគ្នា គោរពគ្នា។ល។ មិត្តភាពដែលល្អគួរតែជាលក្ខណៈការផ្តល់ឲ្យនិងការទទួលយក ( Give and take relationship)៕
ដោយ៖ មុយយូ