សំណួរដែលអ្នកចាំបាច់គួរសន្ទនាជាមួយបុគ្គលិក ដើម្បីភាពរីកចម្រើនរបស់ក្រុមហ៊ុនអ្នក​



សន្ទនា​អំពី​បញ្ហា​មួយ​ចំនួន​ជាមួយ​បុគ្គលិក​អាច​ជា​រឿង​លំបាក​សម្រាប់​ពិភាក្សា​គ្នា ប៉ុន្តែ​បើ​អ្នក​អាច​ធ្វើ​បាន​នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​បាន​រីកចម្រើន​ប្រសើរ​ជាង​មុន​មិនខាន។ ខាងក្រោម​នេះ​គឺជា​សំណួរ​ចំនួន​៣​ដែល​អ្នក​ចាំបាច់​គួរ​និយាយ​ជាមួយ​បុគ្គលិក៖

១) តើ​ប្រាក់​ចំណូល​ទទួល​បាន​មក​ពី​ណា​ខ្លះ ? ៖ បើ​សិន​ជា​បុគ្គលិក​របស់​អ្នក​បាន​យល់​ថា​ការងារ​របស់​ពួកគេ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ អាច​ចូល​រួម​ចំណែក​ជួយ​អ្វីខ្លះ​បាន​ដល់​ទស្សនវិស័យ​នៃ​ក្រុមហ៊ុន និង​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន នោះ​វា​នឹង​ក្លាយ​ជា​កត្តា​ជំរុញ​កម្លាំង​ចិត្ត​ប្រកប​ដោយ​ភាព​ប្រាកដប្រជា​នឹងន​មួយ​សម្រាប់​ពួកគេ​ក្នុង​ការ​ជម្នះ​ឧបសគ្គ​ទាំងឡាយ​ដើម្បី​សម្រេច​សមិទ្ធផល​របស់​ខ្លួន។ មាន​បញ្ហា​ខ្លះៗ​អំពី​រឿង​លុយកាក់​ដែល​គួរតែ​រក្សា​ទុក​សម្ងាត់​រង់ចាំ​ដំណោះស្រាយ​ប្រសើរ​ជាជាង​ដោយ​អាស្រ័យ​ទៅលើ​ការ​ឈ្វេងយល់​របស់​អ្នក​ជា​ម្ចាស់​ក្រុមហ៊ុន​ខ្លួនឯង ប៉ុន្តែ​ការ​ប្រាប់​បុគ្គលិក​អំពី​ថា​តើ​ការ​ខិតខំ​របស់​ពួកគេ​នឹង​ជួយ​ឲ្យ​មាន​ការ​បង្កើន​ប្រាក់​ចំណូល​ពី​ណា​ខ្លះ នោះ​វា​ជា​រឿង​ចាំបាច់​មួយ​ដែល​អ្នក​គួរ​ពិចារណា​ធ្វើ​វា។

២) តើ​ចំណុច​ខ្សោយ​របស់​ខ្ញុំ​ជា​មេដឹកនាំ​មាន​អ្វីខ្លះ? ៖ មនុស្ស​ជាច្រើន​នៅ​ពេល​ដែល​មាន​មុខតំណែង​ខ្ពង់ខ្ពស់​គ្រប់គ្រង​គេ ពួកគេ​ច្រើន​តែ​ក្អេងក្អាង​ពី​ចំណេះដឹង​របស់​ខ្លួន សមត្ថភាព​របស់​ខ្លួន សមិទ្ធផល​របស់​ខ្លួន​មិន​ថា​ជា​សញ្ញាប័ត្រ​ថ្នាក់​ខ្ពស់​ពី​ក្នុង​ស្រុក​ឬ​ប្រទេស​ក្រៅ ឬ​អាង​ខ្សែ​បក្សពួក​អ្វី​នោះ​ទេ។ មនុស្ស​ដែល​អួត​ក្អេងក្អាង​មាន​មោទនភាព​ជ្រុល​ចំពោះ​ខ្លួនឯង ច្រើន​តែ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​ចំណេះដឹង​របស់​ខ្លួន ឬ​ក្លាយ​ជា​ទាសករ​នៃ​ចំណេះដឹង​របស់​ខ្លួន​នោះ​ឯង ព្រោះ​ចំណេះដឹង​របស់​មនុស្ស​តែង​មាន​ដែន​កំណត់។ មនុស្ស​ដែល​មាន​គតិបណ្ឌិត នឹង​បន្ទាប​ខ្លួន​គេ​ឲ្យ​ទាប​និង​រៀន​សូត្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ជានិច្ច។

៣) តើ​នរណា​ដែល​មិន​គួរ​នៅ​បន្ត​ទៀត? ៖ បុគ្គលិក​ចាកចេញ​បុគ្គលិក​ចូល​ថ្មី នេះ​គឺជា​រឿង​ធម្មតា​នោះ​ទេ។ ប៉ុន្តែ​មុន​នឹង​អ្នក​សម្រេច​ចិត្ត​បញ្ឈប់​ការងារ​របស់​បុគ្គលិក​ណា​ម្នាក់ នោះ​អ្នក​គួរតែ​ព្យាយាម​យល់​ពី​បញ្ហា​របស់​ពួកគេ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ពួកគេ​សិន។ មនុស្ស​ដែល​ខ្វះខាត​សមត្ថភាព​អាច​ត្រូវ​បាន​បណ្ដុះបណ្ដាល​ទៀត​បាន ប៉ុន្តែ​បើ​សិន​ជា​ពួកគេ​លែង​មាន​គោលដៅ​ដូច​គ្នា​ជាមួយ​នឹង​អ្នក​ទៀត​ហើយ ហើយ​ពួកគេ​ក៏​មិន​សូវ​មាន​ចិត្ត​ចង់​បន្ត​ធ្វើ​ការងារ​ជាមួយ​អ្នក​ទៀត នោះ​អ្នក​ក៏​គួរតែ​បញ្ឈប់​ពួកគេ​បើ​សិន​ជា​ការងារ​របស់​ពួកគេ​បាន​ប៉ះពាល់​ដល់​ភាព​រីកចម្រើន​នៅ​ក្នុង​ក្រុមហ៊ុន​អ្នក៕

ដោយ៖ ស្រីពៅ

X
5s