ធ្វើដូចម្ដេចទើបមានអារម្មណ៍ចង់ធ្វើការវិញ ក្រោយការឈប់សម្រាកយូរថ្ងៃ?​



ការចូលមកបំពេញការងារវិញ បន្ទាប់ពីឈប់សម្រាកជាច្រើនថ្ងៃ គឺជារឿងមួយដែលគួរឲ្យធុញទ្រាន់ និង គួរឲ្យខ្ជិលខ្លាំងណាស់ ប៉ុន្ដែវារឿងមួយ ដែលមនុស្សគ្រប់គ្នាមិនអាច​ជៀសរួច​​ឡើយ។ ដូចនេះ អ្នកត្រូវស្វែងរកវិធីមួយចំនួន ដើម្បីឲ្យមានអារម្មណ៍ល្អ អាចធ្វើការបានដូចធម្មតាវិញ។ ខាងក្រោមនេះ ជាចំណុចទាំង ៧ ដែលអ្នកគួរធ្វើពេលចូលធ្វើការ ក្រោយថ្ងៃឈប់សម្រាកដ៏វែង៖

១.ទៅកន្លែងធ្វើការឲ្យបានឆាប់៖ អ្នកគួរក្រោកពីព្រលឹម រួចរៀបចំទៅធ្វើការឲ្យបានលឿនជាងថ្ងៃធម្មតា។ ធ្វើបែបនេះនឹងជួយអ្នកឲ្យមានពេលគ្រប់គ្រាន់ក្នុងការស្វែងរក ឬ រៀបចំអ្វីដែលអ្នកត្រូវការ ហើយវាក៏អាចកាត់បន្ថយភាពខ្ជិលច្រអូសរបស់អ្នកបានដែរ។

២.គិតពីថ្ងៃដែលអ្នកចូលធ្វើការដំបូង៖ បើអ្នកមិនមានអារម្មណ៍ល្អក្នុងការបំពេញការងារ សូមស្រមៃពីថ្ងៃដែលអ្នកទើបតែចូលធ្វើការដំបូង។ ហើយគិតដល់គោលបំណង និង សកម្មភាពដែលអ្នកបានធ្វើពីពេលចាប់ផ្ដើម នោះអ្នកនឹងមានអារម្មណ៍រីករាយ និង​ ប្រសើរជាងមុន។ សូមធ្វើចិត្តឲ្យទូលាយ ហើយប្រាប់ខ្លួនឯងថាអ្នកជាមនុស្សប្រកបដោយទំនួលខុសត្រូវ និងអាចពឹងពាក់បាន។

៣.ចែករំលែកបទពិសោធនៃថ្ងៃឈប់សម្រាករបស់អ្នក៖ នៅថ្ងៃដំបូង ដែលអ្នកត្រឡប់មកបំពេញការងារវិញ អ្នកគួរមានពេលវេលាដើម្បីជជែកលេងជាមួយមិត្តរួមការងារ និង ចែករំលែកបទពិសោធ ឬ សកម្មភាពនានាដែលអ្នកបានធ្វើ។ ការធ្វើបែបនេះ នឹងជួយបង្កើតបរិយាកាសការងារឲ្យកាន់តែរីករាយ ហើយអ្នកនឹងមានអារម្មណ៍ល្អធម្មតាឡើងវិញ។

៤.ចែករំលែករូបថតថ្ងៃឈប់សម្រាករបស់អ្នកនៅលើបណ្ដាញសង្គម៖ តាមការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យកាលីហ្វ័រញ៉ា បង្ហាញថា ការបង្ហោះរូបនៅលើបណ្ដាញសង្គមជួយឲ្យមនុស្សកាន់តែរីករាយជាងមុន។ អារម្មណ៍រីករាយនឹងជួយឲ្យអ្នកបំពេញការងារកាន់តែប្រសើរ។

៥.សរសរអំពីការងារដែលអ្នកត្រូវធ្វើ៖ បន្ទាប់ពីឈប់សម្រាកដ៏យូរ អ្នកអាចនឹងភ្លេចថាត្រូវធ្វើអ្វីខ្លះ។ ដូចនេះសូមសរសេរពីការងារចាស់ដែលអ្នកត្រូវបញ្ចប់ និង ការងារថ្មីដែលអ្នកត្រូវធ្វើ ម្ដងមួយៗទៅតាមលំដាប់។ សូមកុំព្យាយាមគិតតែអំពីលទ្ធផលល្អពេក តែត្រូវគិតថាតើអ្នកអាចប្រឈមនឹងបញ្ហាក្នុងការងារទាំងនោះបានកម្រិតណា។

៦.ចាប់ផ្ដើមពីការងារងាយៗ៖ បើអ្នកមានការងារជាច្រើននៅលើតុ ដែលដល់ថ្ងៃកំណត់(deadline) ។ សូមចាប់ផ្ដើមពីការងារណាដែលងាយស្រួលជាងគេ ព្រោះខួរក្បាលអ្នកប្រៀបដូចជាម៉ាស៊ីនអញ្ចឹងដែរ។ វាត្រូវចាប់ផ្ដើមសន្សឹមៗទៅអាចដំណើរការបានដោយរលូន។ ការចាប់ផ្ដើមជាមួយការងារងាយៗ នឹងជួយអ្នកឲ្យមានអារម្មណ៍ល្អពេញមួយថ្ងៃ ក្នុងការបំពេញការងារដទៃៗទៀត។

៧.ចងចាំពីការសន្សំ៖ សម្រាប់ថ្ងៃឈប់សម្រាកដែលទើបបញ្ចប់ អ្នកប្រហែលចំណាយប្រាក់ច្រើនហើយទៅលើវា។ ដូច្នេះសូមគិតថាការបំពេញការងារថ្ងៃនេះ អ្នកកំពុងសន្សំប្រាក់ និង ពេលវេលា សម្រាប់ថ្ងៃឈប់សម្រាកខាងមុខទៀត។ ការគិតបែបនេះនឹងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ស្រឡាញ់ការងារ និង តៀមខ្លួនជាស្រេចសម្រាប់វិស្សមកាលបន្ទាប់៕

ដោយ៖ រឿន វាសនា    

X
5s