តើគួរទទួលទានអាហារអ្វី ដើម្បីជំនួយដល់ភ្នែករបស់អ្នកមានភាពល្អប្រសើរ?
ភាពចុះខ្សោយនៅក្នុងសមត្ថភាពនៃការមើលរបស់ភ្នែក បានក្លាយជាបញ្ហាដ៏ចម្បងមួយដែលមនុស្សភាគច្រើនបានជួបប្រទះស្ទើរគ្រប់ៗគ្នា។ ហេតុនេះតើការទទួលទានអាហារត្រឹមត្រូវអាចជួយជាផ្នែកមួយនៅក្នុងការកែសម្រួលបញ្ហានេះឲ្យល្អប្រសើរដូចម្ដេចខ្លះ ? ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកគួរទទួលទានដើម្បីសុខភាពភ្នែករបស់អ្នក៖
១) ដំឡូងជ្វា៖ សារធាតុបេតាការ៉ូទីន ដែលមាននៅក្នុងដំឡូងជ្វា មានប្រយោជន៍សម្រាប់សុខភាពភ្នែករបស់អ្នក។ សារធាតុនេះឯងក៏ជាសារធាតុគីមីដែលបានផ្ដល់ពណ៌ទឹកក្រូចដល់បន្លែការ៉ុតផងដែរ។ លើសពីនេះដំឡូងជ្វាក៏មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលជាវីតាមីន Eផងដែរ។ ទាំងដំឡូងជ្វានិងការ៉ុតសុទ្ធតែមានគុណប្រយោជន៍ជួយបំប៉នសុខភាពភ្នែករបស់អ្នកបានដូចគ្នា។
២) សាច់គោ៖ នៅក្នុងសាច់គោសម្បូរដោយជាតិស័ង្កសីខ្ពស់ ដែលត្រូវបានគេរកឃើញថាមានទំនាក់ទំនងជាមួយនឹងការប្រសើរឡើងនៃសុខភាពភ្នែក។ ជាតិស័ង្កសីអាចជួយពន្យារនូវការបាត់បង់សមត្ថភាពក្នុងការមើលដោយសារវ័យចំណាស់ និងការចុះខ្សោយនៃសមត្ថភាពនៅក្នុងការមើលបាន។ ដូចគ្នានឹងស៊ុតដែរ ស៊ុតក៏មានជាតិស័ង្កសី ហើយក៏ជាប្រភពអាហារដ៏ល្អដើម្បីទទួលបាននូវវីតាមីនC និងEផងដែរ។
៣) សាច់ត្រី៖ ត្រីភាគច្រើនតែងសម្បូរដោយអាស៊ីដខ្លាញ់អូមេហ្កា៣ ជាពិសេសគឺជាត្រីធូណា និងត្រីសាលមន។ ក៏មានការសិក្សាមួយចំនួនបានរកឃើញថា ខ្លាញ់ត្រីនេះផងដែរក៏អាចជួយការពារភ្នែកអ្នកពីការស្ងួតភ្នែក។ អាស៊ីដខ្លាញ់អូមេហ្កា៣នេះក៏អាចរកបានពីប្រភពគ្រាប់ធញ្ញជាតិជាច្រើនប្រភេទ មិនតែប៉ុណ្ណោះទទួលទានពពួកគ្រាប់ធញ្ញជាតិទាំងនោះក៏បានផ្ដល់នូវវីតាមីនEក្នុងកម្រិតខ្ពស់បន្ថែមលើសពីខ្លាញ់ត្រីផងដែរ។
៤) បន្លែបៃតង៖ នរណាក៏ដឹងដែរថាការទទួលទានបន្លែបៃតងមានអត្ថប្រយោជន៍យ៉ាងដូចម្ដេចខ្លះចំពោះសុខភាពរបស់ពួកគេ។ ព្រោះថាបន្លែបៃតងសម្បូរដោយសារធាតុluteinនិងzeaxanthin ដែលសុទ្ធតែជាជីវជាតិបំប៉នដ៏ចាំបាច់បំផុតសម្រាប់ភ្នែក ហើយវាក៏ជាប្រភពនៃវីតាមីនC ដូចជាផ្លែក្រូចឬផ្លែទំពាំងបាយជូរដែរ៕
ប្រភព៖ medicalnewstoday.com
ប្រែសម្រួល៖ ស្រីពៅ