ដំបូន្មានពីសហគ្រិន​ស្ត្រី​មេម៉ាយ​បរទេស​ ២រូប​​អំពី​ភាព​ជោគជ័យ​នៃ​អាជីវកម្ម​



ធ្វើ​ជា​ស្ត្រី​មេម៉ាយ​ដែល​មាន​បន្ទុក​ធ្ងន់​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូនៗ​តែ​ម្នាក់​ឯង គឺជា​រឿង​ដ៏​លំបាក​យ៉ាង​ខ្លាំង​សម្រាប់​ស្ត្រី។ យ៉ាងណាមិញ  ដោយ​មានប្រភពពី entrepreneur.com ក្នុង​អត្ថបទ​នេះ​នឹង​លើកឡើង​ពី​សហគ្រិន​ស្ត្រី​២​រូប​ដែល​ជា​ស្ត្រី​មេម៉ាយ តែ​នៅ​តែ​អាច​ជោគជ័យ​នៅ​ក្នុង​ដំណើរ​ជីវិត​ជា​សហគ្រិន​របស់​ពួកគេ។ តើ​ពួកគាត់​មាន​ដំបូន្មាន​អ្វីខ្លះ​ដែល​អាច​ឲ្យ​អ្នក​រៀន​សូត្រ​ពី​ពួកគាត់​បាន ?

  • លោកស្រី Angela Benton

គឺជា​ម្ចាស់​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​វេទិកា​នៅ​លើ​អនឡាញ ដែល​មាន​ឈ្មោះ​ថា NewMe និង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១១ ក្រុមហ៊ុន​របស់​លោកស្រី​បាន​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ជាច្រើន​ក្នុង​ការ​កសាង​អាជីវកម្ម​របស់​ពួកគេ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ គាត់​បាន​បើក​អាជីវកម្ម​មួយ​នេះ​ស្រប​ពេល​ដែល​មាន​បន្ទុក​ត្រូវ​ចិញ្ចឹម​បីបាច់​កូន​ដែល​មាន​អាយុ​១៦​ឆ្នាំ។ ថ្វីបើ​មាន​ឧបសគ្គ​ជាច្រើន​សម្រាប់​គាត់​ដែល​ជា​សហគ្រិន​ហើយ​ក៏​ជា​ស្ត្រី​មេម៉ាយ​ផង​នោះ គាត់​នៅ​តែ​អាច​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​និង​ថែម​ទាំង​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​ការ​រចនា​ផង​ដែរ។ លោកស្រី​មាន​ដំបូន្មាន​ថា ធ្វើ​ជា​ស្ត្រី​មេម៉ាយ​មួយ​រូប​ពុំ​មែន​ជា​ការ​បរាជ័យ​ដែល​រុញច្រាន​អ្នក​ឲ្យ​ដើរ​ថយក្រោយ​នោះ​ទេ។ ភាព​ជា​សហគ្រិន​មាន​កិច្ចការ​ច្រើន​អនេក​រាប់​មិន​អស់។ ប៉ុន្តែ​ការ​ដែល​ធ្វើ​ជា​ស្ត្រី​មេម៉ាយ​ម្នាក់ អាច​ធ្វើឲ្យ​គាត់​រៀន​សូត្រ​បាន​នូវ​ជំនាញ​ជាច្រើន​ដូចជា​ភាព​ច្នៃប្រឌិត ការ​ធ្វើ​កិច្ចការ​ច្រើន​ក្នុង​ពេល​តែមួយ គ្រប់គ្រង​និង​ប្រើប្រាស់​ថវិកា និង​វិធី​ដោះស្រាយ​បញ្ហា។ គាត់​ក៏​បាន​និយាយ​ថា គាត់​សុខ​ចិត្ត​ចំណាយ​លុយ​របស់​គាត់​ទៅលើ​មនុស្ស​ដែល​មាន​ជំនាញ​លើ​រឿង​អស់​ទាំងនេះ ជាជាង​ទៅលើ​អ្នក​ដែល​បាន​បញ្ចប់​ការ​សិក្សា​ចេញ​ពី​សាកលវិទ្យាល័យ។

  • លោកស្រី Nusha Pelicano

Nusha Pelicano លោកស្រី​គឺជា​ម្ដាយ​របស់​កូន​ចំនួន​៦​នាក់ ជា​អ្នក​ប្រកួត​ក្នុង​កម្មវិធី​កីឡា Ironman Competition និង​ថែម​ទាំង​ជា​ម្ចាស់​ហាង​លក់​យ៉ាអ៊ួ​មួយ ដែល​បាន​ទិញ​សិទ្ធិ​ពី​ម្ចាស់​franchise​ក្រុមហ៊ុន Orange Leaf។ គាត់​បាន​លើកឡើង​ថា នៅ​ពេល​ដំបូង​ដែល​គាត់​គិត​ថា​តើ​ត្រូវ​ធ្វើ​រឿងរ៉ាវ​អស់​ទាំងនេះ​បាន​ក្នុង​ពេល​តែ​មួយ​ដោយ​របៀប​ណា វា​ស្ទើរតែ​បញ្ឈប់​គាត់​ពី​ការ​ចាប់ផ្ដើម​អាជីវកម្ម​របស់​គាត់​ទៅ​ហើយ។ ប៉ុន្តែ​វា​អាស្រ័យ​នៅ​លើ​ថា​តើ​អ្នក​ឲ្យ​និយមន័យ​បែប​ណា​ចំពោះ​តុល្យភាព​ក្នុង​ជីវិត​របស់​អ្នក។ មាន​ពេល​ខ្លះ​គាត់​ក៏​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​អាជីវកម្ម​ជាង​កូនៗ តែ​ក៏​មាន​ពេល​ខ្លះ​គាត់​ក៏​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​កូនៗ​ជាង​វិញ ដូច្នេះ​គាត់​ក៏​យល់​ថា​តាម​របៀប​នេះ​អ្វីៗ​នឹង​ទូទាត់​គ្នា​ឲ្យ​មាន​តុល្យភាព​ស្មើ​គ្នា​មិនខាន។ អ្វី​ដែល​សំខាន់​គឺ​គាត់​ទទួល​បាន​ប្រយោជន៍​ជាច្រើន​ពី​ជំនាញ​ទាំងនោះ៕ ដោយ៖ ស្រីពៅ

X
5s