តើនវានុវត្តន៍សង្គម (Social Innovation) គឺជាអ្វី?
ពាក្យថា "នវានុវត្តន៍" ឬ Innovationជាភាសាអង់គ្លេស ជាទូទៅសំដៅដល់ការច្នៃប្រឌិតឬការបង្កើតគំនិតថ្មីៗ ដែលភាគច្រើនពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា វិទ្យាសាស្ត្រ ឬ ព័ត៌មានវិទ្យាជាដើម ។ ដោយឡែក បើក្នុងបរិបទនៃអាជីវកម្មវិញ មិនមែនសំដៅសុទ្ធតែការផ្សារភ្ជាប់ទោនឹងបច្ចេកវិទ្យានោះទេ ប៉ុន្តែការរកឃើញនូវរបៀបគ្រប់គ្រង ប្រព័ន្ធគ្រប់គ្រង ឬអ្វីដែលថ្មីដោយមិនចាំបាច់ផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យាក៏អាចនិយាយបានថាជា នវានុវត្តន៍ដែរ។
ជាមួយគ្នាមនេះដែរ បើគេភ្ជាប់ពាក្យនេះទៅនឹងពាក្យ "សង្គម" ( Social Innovation ) នោះអត្ថន័យរបស់វានឹងមិនផ្ដោតសំខាន់លើប្រព័ន្ធបច្ចេកវិទ្យាប៉ុន្មានទេ។ តាមរយៈវគ្គបណ្ដុះមួយមានឈ្មោះថា SEASIN Impact Connect Studios ដែលជាគម្រោងមួយផ្ដល់ជំនួយដោយសហគមន៍អឺរ៉ុប រៀបចំឡើងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានកំណត់និយមន័យ "នវានុវត្តន៍សង្គម" ឬ “Social Innovation” ថាជាដំណោះស្រាយថ្មីមួយ ក្នុងទម្រង់ជាសេវាកម្ម ជាទីផ្សារ ឬជាសហគ្រិនសង្គម ដែលអាចចូលរួមដោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងសង្គមប្រកបដោយប្រសិទ្ធភាពដោយប្រើមធ្យោបាយថ្មីៗ។ គោលដៅសំខាន់របស់ "នវានុវត្តន៍សង្គម" គឺបង្កើតអ្នកដឹកនាំដែលនាំ ឱ្យមានការផ្លាស់ប្ដូរ ( Changemakers )។
បើគេចង់បង្កើតក្រុម ដើម្បីធ្វើការងារផ្នែកនវានុវត្តន៍សង្គម គេចាំបាច់ត្រូវគិតដល់ដំណាក់សំខាន់ៗចំនួន ៧ គឺ៖
១.គិតអំពីបញ្ហាដែលកំពុងកើតមាន ផ្សារភ្ជាប់នឹងឱកាស
២.បង្កើត និង ប្រមូលគំនិតដើម្បីដោះស្រាយបញ្ហា
៣.អភិវឌ្ឍ និង សាកល្បងគំនិតទាំងនោះ
៤.ចាប់ផ្ដើមបង្កើតក្រុម (ប្រមូលនិងដឹកនាំមនុស្ស)
៥.ចែកចាយគំនិត និង ធ្វើប្រតិបត្តិការ
៦.ពង្រីក និង កំណត់សកម្មភាព ( Crowing & Scaling ) និង៧.ផ្លាស់ប្ដូរប្រព័ន្ធ។
គួររំលឹកផងដែរថា គម្រោងនវានុវត្តន៍សង្គម កំពុងត្រូវបានអនុវត្តនៅ សហរដ្ឋអាមេរិច និងទ្វីបអឺរ៉ុប ដោយយុវជនវ័យក្មេងៗជាពិសេសនិស្សិតសាកលវិទ្យាល័យ ដើម្បីរួមចំណែកដោះស្រាយបញ្ហានានាដែលកំពុងកើតឡើងនៅក្នុងប្រទេសរបស់ពួកគេ។ ចំពោះតំបន់អាស៊ីអាគ្នេយ៍វិញ សហគមន៍អឺរ៉ុបកំពុងផ្ដល់ជំនួយក្នុងការរៀបចំកម្មវិធីមួយឈ្មោះថា Impact Connect ដើម្បីដំណើរការ ស្ទីឌីយោ នវានុវត្តន៍សង្គម ( Social Innovation Studio )ជាមួយសាកលវីទ្យាល័យចំនួន៨ ក្នុងប្រទេសចំនួនបួនគឺ៖ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង ប្រទេសថៃ។ ចំណែកឯប្រទេសកម្ពុជាវិញ មានសាកលវិទ្យាល័យចំនួនពីរដែលបានសហការក្នុងគម្រោងនេះ គឺសាកវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យជាតិគ្រប់គ្រង។
ហើយបន្ទប់នវានុវត្តន៍សង្គម ( Social Innovation Lab ) នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវប្រើប្រាស់ជាទីតាំងសម្រាប់វគ្គបណ្តុះបណ្ដាលអំពីនុវត្តន៍សង្គម ដល់និស្សិតកម្ពុជា កាលពីថ្ងៃទី៩និង ទី១០ មេសាកន្លងទៅនេះ៕
ដោយ៖ វាសនា