វិធី ១០យ៉ាង ដើម្បីរៀនភាសាអង់គ្លេសឲ្យឆាប់ចេះ
ភាសាអង់គ្លេស គឺជាចំណេះដឹងមួយសំខាន់ណាស់ក្នុងពេលបច្ចុប្បន្នមិនថាសម្រាប់ទំនាក់ទំនងក្នុងអាជីពការងារ ឬក្នុងវិស័យធុរកិច្ច។ បើអ្នកចេះភាសានេះបានច្បាស់លាស់ វានឹងងាយស្រួលសម្រាប់អ្នក ទាំងការសិក្សាស្រាវជ្រាវ ការបំពេញការងារ និង ក្នុងទំនាក់ទំនងប្រចាំថ្ងៃ ហើយចំពោះអ្នកបំពេញការងារឱ្យគេវិញ គឺអាចរីកចម្រើនបានលឿន និងទទួលបានប្រាក់បៀរវត្សរ៍ខ្ពស់។ ខាងក្រោមនេះ ជាវិធីសាស្រ្ត ១០យ៉ាង ដ៏មានប្រសិទ្ធភាពដែលអាចជួយអ្នក រៀនភាសាអង់គ្លេសឲ្យឆាច់ចេះក្នុងរយៈពេលដ៏ខ្លី៖
១.កំណត់គោលដៅ ជាដំបូងអ្នកត្រូវកំណត់គោលដៅមួយឲ្យច្បាស់លាស់សម្រាប់ខ្លួនឯងក្នុងការរៀនភាសាអង់គ្លេសជាមុនសិន។ តើអ្នករៀនវាដើម្បីអ្វី? ហើយអ្នកនឹងយកវាមកប្រើនៅពេលណា? គោលដៅទាំងនោះអាច ព្រោះតែអ្នកចង់បានការងារកាន់តែល្អ ចង់បានអាហារូបករណ៍ទៅសិក្សានៅបរទេស ឬចង់យកវាមកប្រើក្នុងការងាររបស់អ្នកជាដើម។ បន្ទាប់មកត្រូវសួរខ្លួនឯងថា ដើម្បីសម្រេចក្ដីបំណងទាំងនេះ អ្នកត្រូវចេះភាសាអង់គ្លេសកម្រិតណា?
២.ស្វែងរកវគ្គសិក្សាណាដែលត្រូវនឹងតម្រូវការរបស់អ្នក វគ្គសិក្សាភាសាអង់គ្លេសមានច្រើនកម្រិត និង ច្រើនប្រភេទណាស់។ ដូច្នេះអ្នកត្រូវជ្រើសរើសវគ្គណាដែលសក្ដិសមនឹងអ្នក។ ឧទាហរណ៍៖ បើអ្នកជានិស្សិតផ្នែក សេដ្ឋកិច្ច ឬ ជំនួញ អ្នកគួរចូលរៀនសិក្សាភាសាអង់គ្លេសសម្រាប់ធុរកិច្ច ឬ សេដ្ឋកិច្ច។ ហើយបើអ្នកចង់ក្លាយជាគ្រូបង្រៀន អ្នកគួររៀន ថ្នាក់វេយ្យាករណ៍ ថ្នាក់សន្ទនា ឬ វីធីសាស្រ្តក្នុងការបង្រៀនជាដើម។
៣.ត្រូវមានទំនួលខុសត្រូវ ពេលសិក្សាភាសាអង់គ្លេសចាំបាច់ណាស់ ដែលអ្នកត្រូវតែមានទំនួលខុសត្រូវចំពោះខ្លួនឯង។ បើអ្នកជាសិស្ស អ្នកត្រូវប្រាកដថា អ្នកធ្វើកិច្ចការដែលគ្រូដាក់ឲ្យ អ្នកបែងចែកពេលវេលាច្បាស់លាស់ក្នុងរៀនសូត្រ រំលឹកមេរៀនសារឡើងវិញ ឬអនុវត្តន៍ការនិយាយជាដើម។
៤.អានកាន់តែច្រើនកាន់តែល្អ មិនខុសពីរៀនជំនាញផ្សេងទេ ទម្លាប់អានជាភាសាអង់គ្លេសជារឿងដ៏សំខាន់តែអ្នកត្រូវធ្វើ។ អ្នកអាចចាប់ផ្ដើមពីសៀវភៅដែលអ្នកចាប់អារម្មណ៍ និង អានទៅងាយយល់។ បន្ទាប់មកទម្លាប់ អានកាសែត ទស្សនាវដ្ដី និង ប្រលោមលោក ដែលសរសេរជាភាសាអង់គ្លេសជាដើម។ ការអាននឹងជួយអ្នកឲ្យចេះពាក្យថ្មីៗ ក្បួនវេយ្យាករណ៏ និង ឃ្លាល្អៗជាដើម។
៥.មើលភាពយន្ដជាមួយ Subtitle ការមើលភាពយន្តនិយាយភាសាអង់គ្លេស នឹងជួយអ្នកបង្កើនជំនាញក្នុងការស្ដាប់ ប៉ុន្តែវានឹងពិបាកយល់ បើអ្នកទើបតែចាប់ផ្ដើម។ ដូចនេះអ្នកគួរប្រើ Subtitle ជំនួយដើម្បីងាយយល់អត្ថន័យ ។
៦.ស្ដាប់ភាសាអង់គ្លេសឲ្យបានច្រើន បន្ទាប់ពីអ្នកស៊ាំនឹងភាពយន្តនិយាយភាសាអង់គ្លេស អ្នកត្រូប្ដូរមកស្ដាប់ភាសាអង់គ្លេសវិញ។ ឧទារណ៍៖ ការស្ដាប់វិទ្យុដែលផ្សាយជាភាសាអង់គ្លេស ស្ដាប់ចម្រៀងអង់គ្លេស ឬ មើលភាពយន្តដោយគ្មាន Subtitle ដាដើម។
៧.យកភាសាអង់គ្លេសមកប្រើនៅពេលដែលអ្នកកំពុងរៀន កុំខ្លាចនឹងបង្កើតកំហុស។ កុំខ្មាសអៀននៅពេលអ្នកនិយាយភាសាអង់គ្លេសខុស ព្រោះវាមិនមែនជាភាសាកំណើតរបស់អ្នកឯណា! ការយកពាក្យ ឃ្លា ឬ មេរៀនដែលអ្នកទើបរៀនថ្មីៗ មកប្រើ នឹងជួយអ្នកចងចាំវាបានល្អ និង ពង្រីកចំណេះដឹងកាន់តែលឿន។
៨.អនុវត្តជាប្រចាំ ការអនុវត្តន៍ជាចំណុចសំខាន់ជាងគេក្នុងការសិក្សាភាសាអង់គ្លេស។ អ្នកអាចអនុវត្តវាបាន តាមរយៈការនិយាយជាមួយជនជាតិបរទេស ការស្ដាប់ ការសរសេរ និង ការធ្វើលំហាត់ក្នុងសៀវភៅជាដើម។
៩.ប្រើប្រាស់ប្រភពចម្រុះដើម្បីរៀន ចំណុចនេះមានន័យថា អ្នកមិនត្រូវរៀនតែតាមសៀវភៅពុម្ពមួយឬពីរក្បាល ឬតាមតែគ្រូបង្រៀនក្នុងថ្នាក់នោះទេ។ អ្នកត្រូវស្វែងរកសៀវភៅឬឯកសារឲ្យច្រើនដើម្បីរៀនសូត្រ ជាពិសេសប្រភពលើប្រពន្ធ័អ៊ីនធឺណេត ។
១០.អភិវឌ្ឍជំនាញទាំងបួនក្នុងពេលដំណាលគ្នា កំហុសដ៏ធំរបស់អ្នករៀនភាសាអង់គ្លេសភាគច្រើន គឺពួកគេមិនបានអភិវឌ្ឍជំនាញទាំងបួនគឺ ជំនាញស្ដាប់ អាន សរសេរ និង និយាយ ព្រមគ្នានោះទេ។ ដូច្នេះអ្នកគួរតែគិតគួរអំពីបញ្ហានេះ។ នៅពេលរៀនមេរៀនមួយ អ្នកត្រូវដឹងថាចំណុចណានៃមេរៀនដែល បង្រៀនអ្នកឲ្យចេះ អាន ចេះស្ដាប់ ចេះនិយាយ និង ចេះសរសេរ ហើយសូមអនុវត្តវាទៅតាមវត្ថុបំណងនៃមេរៀននោះ៕
ដោយ៖ វាសនា