តើ​ការ​រក​ឃើញ​អ្វី​ខ្លះ​ពី​សុខភាព​ដែល​ត្រូវ​បាន​មនុស្ស​គ្រប់​គ្នា​គាំទ្រ​ទៅលើ?​



ចំណេះដឹង​ពាក់ព័ន្ធ​ជាមួយ​នឹង​សុខភាព​មាន​ច្រើន​អនេក ប៉ុន្តែ​បើយោងតាមគេហទំព័រ healthline.com តើ​ការ​រក​ឃើញ​អ្វី​ខ្លះ​ពី​សុខភាព​ដែល​ត្រូវ​បាន​មនុស្ស​គ្រប់​គ្នា​គាំទ្រ​ទៅលើ ? ខាងក្រោម​នេះ​គឺជា​ការ​រក​ឃើញ​ចំនួន​៣៖

១) អាហារ​ដែល​ចេញ​មក​ពី​រោងចក្រ​ផលិត​មិន​សូវ​ល្អ​ចំពោះ​សុខភាព​នោះ​ទេ៖ ហេតុផល​ដែល​អាហារ​ទាំងឡាយ​ដែល​ត្រូវ​បាន​ផលិត​ចេញ​មក​ពី​រោងចក្រ មិន​មាន​ផល​វិជ្ជមាន​ច្រើន​ចំពោះ​សុខភាព​របស់​អ្នក ព្រោះ​ថា​សារធាតុ​ដែល​មាន​ប្រយោជន៍​ដូចជា​ជាតិ​សរសៃ​ជាដើម ត្រូវ​បាន​បាត់បង់​នៅ​ក្នុង​ដំណើរការណ៍​ផលិត។ មិនតែប៉ុណ្ណោះ​ដំណើរការណ៍​ផលិត​នេះ​ក៏​បាន​បន្ថែម​នូវ​សារធាតុ​មួយ​ចំនួន​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ដូចជា សារធាតុ​ផ្អែម​ដែល​ជា​ប្រភេទ​ស្ករ​កាបូអ៊ីដ្រាត ប្រើប្រាស់​ដើម្បី​បន្ថែម​រសជាតិ​ទៅ​ដល់​អាហារ​របស់​ពួកគេ និង​សារធាតុ​ដូចជា​ពពួក​អាស៊ីដ​ខ្លាញ់​មិន​ទាន់​ឆ្អែត​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត អាហារ​ចេញ​ពី​រោងចក្រ​ផលិត​ក៏​មាន​ប្រើប្រាស់​នូវ​សារធាតុ​គីមី​សិប្បនិម្មិត​មួយ​ចំនួន​ទៀត ដែល​មិន​ទាន់​ត្រូវ​បាន​គេ​យល់​ច្បាស់លាស់​ពី​សុវត្ថិភាព​របស់​វា​នៅ​ឡើយ។

២) ខ្វះ​វីតាមីនD​គឺជា​បញ្ហា​ចម្បង​ដ៏​ធ្ងន់ធ្ងរ​មួយ៖ មនុស្ស​យើង​ទទួល​បាន​វីតាមីនD​មក​ពី​ប្រភព​ធម្មជាតិ​ដែល​ជា​ពន្លឺ​ព្រះអាទិត្យ​របស់​យើង​នេះ​ឯង។ យ៉ាងណាមិញ មនុស្ស​ជាច្រើន​ដែល​មិន​ត្រូវ​បាន​ទទួល​នូវ​វីតាមីនD​គ្រប់គ្រាន់​ដោយសារ​តែ​តំបន់​ដែល​ពួកគេ​រស់នៅ​កម្រ​ទទួល​បាន​ពន្លឺ​ថ្ងៃ​ណាស់។ ម្យ៉ាង​ទៀត​សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​ហើយ ក៏​បែរ​ជា​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នៅ​ពេល​ចេញ​ក្រៅ ដែល​សារធាតុ​នេះ​ឯង​ដែល​មាន​ប្រសិទ្ធភាព​ជា​ខ្លាំង​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​ស្បែក​ផលិត​វីតាមីន​ដ៏​មាន​សារសំខាន់​មួយ​នេះ។ ប៉ុន្តែ​ការ​ខ្វះ​វីតាមីនD​នេះ​ពិត​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ ព្រោះ​ថា​វា​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​ជាច្រើន​ដូចជា​ទឹកនោម​ផ្អែម មហារីក ពុក​ឆ្អឹង និង​ជំងឺ​ផ្សេង​ៗ​ទៀត។

៣) ទទួលទាន​បន្លែ​ពិត​ជា​ល្អ​ចំពោះ​សុខភាព​ប្រាកដ​មែន៖ បន្លែ​សម្បូរ​ទៅ​ដោយ​វីតាមីន សារធាតុ​រ៉ែ​ខនិជ ជាតិ​សរសៃ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម និង​សារធាតុ​ដែល​មាន​ប្រយោជន៍​ជាច្រើន​ដទៃ​ទៀត។ ការ​បណ្ដុះ​ទម្លាប់​ទទួលទាន​បន្លែ​ឲ្យ​បាន​ច្រើន​ជា​ប្រចាំ​ជំនួស​ឲ្យ​សាច់​និង​ខ្លាញ់ ជួយ​ឲ្យ​សុខភាព​របស់​អ្នក​ល្អ​ប្រសើរ​និង​ទប់ស្កាត់​ពី​ជំងឺ​ច្រើន​មុខ​ដែរ៕

ដោយ៖ ស្រីពៅ

X
5s