គន្លឹះ៣យ៉ាងក្នុងការចញ្ចឹមកូនរបស់លោកអ្នកឲ្យក្លាយជាបុគ្គលជោគជ័យ
លោកស្រី Lythcott-Haims អតីតព្រឹទ្ធបុរសថ្នាក់ឆ្នាំទីមួយរបស់សកលវិទ្យាល័យ Stanford ពីឆ្នាំ ២០០២ ដល់ ២០១២ និងជាអ្នកនិពន្ធសៀវភៅ របៀបចញ្ចឹមកូនពេញវ័យ (How to Raise an Adult) បានមើលឃើញថាក្មេងដែលមានភាពអាប់អួរក្នុងជីវិតមិនអាចក្លាយជាក្មេងដែលមានសមត្ថភាព ឬជោគជ័យនោះទេ។ ខាងក្រោមនេះគឺជាគន្លឹះទាំង ៣ក្នុងការចញ្ចឹមកូនឲ្យក្លាយជាបុគ្គលជោគជ័យ ដែលចុះផ្សាយដោយគេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក៖
សូមអាន៖ គន្លឹះអប់រំកូនប្រកបដោយគន្លងធម៌ ទាំង១០ប្រការដែលលោកអ្នកគួរដឹង!
១) ដាក់វិន័យជាជាងប្រើអំណាច៖ បើយោងតាមអ្នកសិក្សាចិត្តសាស្រ្តជាច្រើនរូប វិធីសាស្រ្តក្នុងការចញ្ចឹមកូនមាន ៣យ៉ាង៖ ការអនុញ្ញាតិ (Permissive) ការប្រើអំណាច (authoritarian) និងការដាក់វិន័យ (authoritative)។ វិធីសាស្រ្តការអនុញ្ញាតិ (Permissive) គឺធ្វើឲ្យក្មេងក្លាយជាក្មេងទំរើសដោយសារតែឪពុកម្ដាយបណ្ដោយកូនពេកដោយខ្វះព្រំដែនកំណត់។ វិធីសាស្រ្តការប្រើអំណាច (authoritarian) ធ្វើឲ្យក្មេងក្លាយជាមនុស្សដែលខ្វះទំនុកចិត្ត មានការសង្ស័យលើខ្លួនឯង និងមានស្មារតីអន់ខ្សោយ ដោយសារតែឪពុកម្ដាយតែងតែប្រើកណ្ដាប់ដៃដែក ដោយប្រើតែអំណាចទៅលើកូន។ លោកស្រី Lythcott-Haims បានអះអាងថា វិធីសាស្រ្តចញ្ចឹមកូនដោយការដាក់វិន័យគឺល្អបំផុត។ ឪពុកម្ដាយដែលប្រើវិធីសាស្រ្តនេះបង្ហាញពីការស្រលាញ់ចូលចិត្តទៅលើកូន ប៉ុន្តែនៅតែប្រើប្រាស់វិន័យ និងដាក់ការរំពឹងទុកខ្ពស់ទៅលើកូន។ ដូចនេះ ក្មេងតែងតែមានការស្គាល់ ការស្រលាញ់ និងពេញចិត្តទៅលើខ្លួនរបស់ពួកគេ។
២) ឲ្យក្មេងធ្វើការងារជាទម្លាប់៖ ការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាល័យហាវឺដ (Harvard University) បានរកឃើញថា កត្តាមួយដ៏សំខាន់នៃភាពជោគជ័យរបស់មនុស្សគឺការធ្វើការងារជាទម្លាប់របស់គេពេលពួកគេនៅក្មេង។ លោកស្រី Lythcott-Haims បានមានប្រសាសន៍ថា៖ ប្រសិនបើក្មេងមិនលាងចានរបស់ពួកគេទេ វាមានន័យថាមាននរណាម្នាក់លាងឲ្យពួកគេហើយ។ ដូចនេះហើយពួកគេគិតថាវាមិនមែនជាការងាររបស់ពួកគេ ប៉ុន្តែពួកគេគួរតែត្រូវបង្រៀនថាការងារត្រូវតែធ្វើឲ្យហើយ ហើយសមាជិកគ្រប់រូបត្រូវតែចូលរួមចំណែកដើម្បីសម្រេចការងារធំមួយ។ ការងារជាទម្លាប់នឹងបណ្ដុះគំនិតក្មេងឲ្យមានគំនិតថាជីវិតគឺជាការចូលរួមធ្វើការជាក្រុម និងការសហការគ្នា ហើយកន្លែងរស់នៅដែលស្អាត និងមានរបៀបរៀបរយគឺមិនមែនកើតចេញពីវេទមន្តនោះទេ។
៣) បង្រៀនក្មេងពីកំហុស៖ លោកស្រី Lythcott-Haims បានមានប្រសាសន៍ថា ឪពុកម្ដាយភាគច្រើនតែងតែទម្លាក់បញ្ហាជាច្រើនជំពូកមកលើកូនរបស់ពួកគេ ជាជាងធ្វើឲ្យបញ្ហាតិចតួចទាំងនោះឲ្យក្លាយជាមេរៀនដែលកូនរបស់ពួកគេអាចរៀនសូត្របាន។ ក្មេងគួរតែរៀនអំពីការឈឺចាប់ពេលពួកគេភ្លេចធ្វើអ្វីមួយ។ ឧទាហរណ៍ ប្រសិនបើកូនរបស់អ្នកភ្លេចធ្វើកិច្ចការផ្ទះ អ្នកគួរតែប្រាប់ពួកគេថា ប្រសិនបើកូនមិនធ្វើកិច្ចការផ្ទះ កូននឹងបានពិន្ទុសូន្យ ឬប្រសិនបើកូនមិនយកប្រអប់អាហារទៅសាលាទេ កូនប្រាកដជានឹងឃ្លាន។ ឪពុកម្ដាយគ្រប់រូបគួរតែបង្រៀនកូនៗរបស់ពួកគេអំពីសារៈសំខាន់នៃភាពមានទំនួលខុសត្រូវ និងភាពមានរបៀបរៀបរយ៕
សូមអាន៖ វិធីសាស្រ្តចញ្ចឹមកូន ៤យ៉ាង ដែលឪពុកម្ដាយគ្រប់រូបគួរយល់ដឹង
ដោយ៖ លង់ វណ្ណៈ