អត្ថប្រយោជន៍ ទឹកឃ្មុំ លើសពីអ្វីដែលអ្នកបានដឹង
ទឹកឃ្មុំ គឺជាឱសថធម្មជាតិសម្រាប់ព្យាបាលរបួស ឬជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាពតាំងតែពីសម័យបុរាណមកម្ល៉េះ។ ប៉ុន្តែអត្ថប្រយោជន៍របស់វាមានច្រើនលើសពីត្រឹមតែព្យាបាលទៅទៀត។
បើយោងតាមគេហទំព័រ healthline.com ទឹកឃ្មុំដែលមានគុណភាពល្អ ត្រូវបានគេរកឃើញមាននូវសារធាតុគីមីចូលផ្សំដូចជាសមាសធាតុសរីរាង្គប្រហើរដែលជា អាស៊ីដផេណុល អង់ស៊ីម សមាសធាតុដូចជាflavonoid ដែលតែងមានវត្តមាននៅក្នុងបន្លែនិងផ្លែឈើ និងអាស៊ីដសរីរាង្គផងដែរ។ អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា គឺដោយសារតែធាតុផ្សំទាំងនេះហើយដែលបានផ្ដល់ឲ្យទឹកឃ្មុំនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏មានថាមពលបែបនេះ។
សារធាតុនេះមានប្រយោជន៍ជាច្រើនដែលអាចកាត់បន្ថយហានិភ័យពីជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងប្រភេទមហារីកមួយចំនួន និងថែមទាំងអាចជួយដល់សុខភាពរបស់ភ្នែកបានទៀតផង។ មិនតែប៉ុណ្ណោះ ដោយសារតែមានវត្តមានរបស់សារធាតុដែលប្រឆាំងនឹងអុកស៊ីតកម្មមាននៅក្នុងទឹកឃ្មុំ វាក៏អាចជួយកាត់បន្ថយសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាពផងដែរ ដែលវាតែងតែជាកត្តាចម្បងមួយនៅក្នុងបញ្ហារោគបេះដូងផ្សេងៗ។
ជាមួយគ្នានេះដែរ វាក៏អាចជួយកាត់បន្ថយកម្រិតជាតិកូឡេស្តេរ៉ុល ដែលមានចំណែកនៅក្នុងបញ្ហារោគបេះដូងនេះដែរ។ ទោះជាយ៉ាងណា អ្នកក៏ត្រូវទទួលទានវានៅក្នុងបរិមាណមួយដែលសមល្មម ពុំនោះទេវាអាចនឹងបង្កជាបញ្ហាមកវិញបាន៕
ដោយ៖ ស្រីពៅ