តើលុយ (Money) និងសុភមង្គល (Happiness) មានទំនាក់ទំនងគ្នាដូចម្ដេច?
សំណួរមួយតែងត្រូវបានគេចោទសួរថា «តើលុយ ពិតជាអាចទិញ សុភមង្គលបានមែនទេ?» មនុស្សតែងមានចម្លើយខុសៗគ្នាចំពោះសំណួរមួយនេះ ហើយក៏មានមនុស្សជាច្រើនបានអះអាងថា លុយមិនអាចទិញសុភមង្គលបាននោះទេ។ ប៉ុន្តែ តាមការសិក្សាជាច្រើននាពេលកន្លងមក បានរកឃើញថា«លុយពិត ជាអាចទិញសុភមង្គលបានមែន ប៉ុន្តែមិនមែនទាំងស្រុងនោះទេ។»
មានការលើកឧទាហរណ៍មួយដូចខាងក្រោម៖ ឧទាហរណ៍ថា លោកកុសល ជាមហាសេដ្ឋី ឯលោកតារាត្រឹមជាអ្នកមានតែប៉ុណ្ណោះ។ តើអ្នកគិតថាអ្នកណាមានភាពរីករាយក្នុងជីវិតជាងទៅ? លោកកុសលសមសប្បាយចិត្តព្រោះគាត់មានលុយច្រើនមែនទេ? ប៉ុន្តែ ជីវិតរបស់លោកកុសលមិនងាយមានការផ្លាស់ប្ដូរទៀតទេព្រោះលោកជាមហាសេដ្ឋីហើយ។ ឯលោកតារាវិញ ថ្វីត្បិតតែលោកមានលុយតិចជាងលោកកុសល ប៉ុន្តែលោក តារា នៅមានលទ្ធភាពប្រើប្រាស់លុយដែលគាត់មានទៅបង្កើនប្រាក់ចំណូលបន្ថែម ជួយទ្រទ្រង់និងផ្លាស់ប្ដូរជីវភាពគ្រួសារ។
ដូច្នេះហើយ លោក តារា អាចមានភាពរីករាយក្នុងជីវិតព្រោះលោកមានអារម្មណ៍ថាខ្លួនឯងជោគជ័យ។ មនុស្សមួយចំនួនដែលរស់នៅក្នុងប្រទេសដូចជា ថៃ ម៉ាឡេស៊ី អាហ្សង់ទីន និយាយដោយខ្លីគឺបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ បានក៏ចែករំលែកក្នុងរបាយការណ៍ដែលគេនិយាយអំពីសុភមង្គលខ្លួនឯង (Self-reported level of happiness) បានឱ្យដឹងថា ភាគច្រើនពួកគេស្ថិតនៅលើបន្ទាត់ Trend Line (សូមមើលរូបភាព) ដែលមានន័យថា ប្រជាជនដែលរស់នៅក្នុងប្រទេសទាំងអស់នេះពេញចិត្តជាមួយអ្វីដែលខ្លួនឯងមាន (satisfied with what they have) ជាជាងប្រជាជននៃបណ្ដាប្រទេសដែលទទួលបានប្រាក់ចំណូលខ្ពស់ដូចជា សិង្ហបុរី ស្វីស អាល្លឺម៉ង់ បារាំង ជាដើម។
ដោយខ្លី យើងអាចសរុបបានលុយពិតជាមានឥទ្ធិពលផ្លាស់ប្តូរជីវិតនិងភាពរីករាយរបស់មនុស្សបានប៉ុន្តែមិនមែនមានន័យថាភាពរីករាយអាស្រ័យទៅលើចំនួនលុយដែលមនុស្សមាននោះទេ៕
ដោយ៖ អឹុង មុយយូ