សារប្រយោជន៍សុខភាព ដ៏ច្រើនលើសលប់ដែលអ្នកនឹងទទួលបាន ពីការទៅលេងសមុទ្រ
ការទៅលេងកម្សាន្តនៅតំបន់មាត់សមុទ្រ ឬតាមកោះគឺជាចំណង់ចំណូលចិត្តរបស់មនុស្សជាច្រើននាក់។ ច្បាស់ណាស់ថា រាល់ការដើរកម្សាន្តសុទ្ធតែមានប្រយោជន៍ចំពោះសុខភាព ជាពិសេសគឺបានបន្ធូរអារម្មណ៍តានតឹងពីការបំពេញការងារ ឬការសិក្សា ឬអាជីវកម្ម។ ខាងក្រោមនេះ គឺជាសារប្រយោជន៍នៃការដើរកម្សាន្តនៅសមុទ្រ៖
១) កាត់បន្ថយភាពតានតឹង៖ គុណសម្បត្តិមួយដែលមនុស្សនឹងទទួលបានពេលទៅលេងសមុទ្រគឺបន្ធូរនូវភាពតានតឹងនេះឯង។ គ្រាន់តែឮសូរសម្លេងនៃសមុទ្រក៏ធ្វើឲ្យអ្នកធូរស្រាលបាត់ទៅហើយ។ មនុស្សជាច្រើនដែលធុញថប់ នឹងការងារឬជីវិតអាចមកលេងសមុទ្រដើម្បីបន្ធូរភាពតានតឹងបាន។
២) គេងលក់ស្រួល៖ ជឿឬមិនជឿ ការគេងនៅមាត់សមុទ្រ មិនត្រឹមធ្វើឲ្យអ្នកគេងលក់ស្រួល គេងបានស្ងប់ ថែមទាំងមានថាមពលពេលងើបពីគេងថែមទៀតផង។ ប្រសិនអ្នកមានជំងឺគេងមិនលក់ អ្នកអាចសាកល្បងព្យាបាលដោយធម្មជាតិនេះបាន។
៣) វីតាមីនD៖ ខ្លួនប្រាណរបស់មនុស្សមិនអាចខ្វះ វីតាមីនDក្នុងការលូតលាស់នោះទេ។ ទោះបីជាអ្នកអាចទទួលវីតាមីន D តាមរយៈទឹកដោះគោ ប៉ុន្តែ អ្នកអាចទទួលបានវីតាមីនDដោយគ្រាន់តែដើរតាមមាត់សមុទ្រត្រឹមរយៈពេល១០នាទីតែប៉ុណ្ណោះ ពិតជាអស្ចារ្យណាស់។
៤) សុខភាពល្អ៖ ដូចដឹងពីខាងលើមកហើយ សមុទ្រអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អនិងគេងលក់ស្រួល។ ប៉ុន្តែ អ្វីដែលអស្ចារ្យជាងនេះគឺទឹកសមុទ្រដែលមានសារធាតុប្រៃអាចជួយព្យាបាលជំងឺជាច្រើនមុខហើយក៏ជួយឲ្យរាងកាយរបស់អ្នកប្រឆាំងនឹងជំងឺផ្សេងៗ ដែលធ្វើឲ្យមិនងាយឈឺឡើយ។
៥) ជួយឲ្យអារម្មណ៍ស្ងប់៖ អ្នកពុំចាំបាច់ត្រូវការធម៌ឬតាំងសមាធិដើម្បីមានអារម្មណ៍ស្ងប់ស្ងាត់នោះទេ។ ត្រឹមនៅក្បែរធម្មជាតិដូចជាសមុទ្រឬដើមឈើ អ្នកមានអារម្មណ៍ស្ងប់ស្ងាត់និងអាចគិតដល់អ្វីល្អៗសម្រាប់ខ្លួនឯងទៀតផង៕
ដោយ៖ អឹុង មុយយូ