គន្លឹះ ៤យ៉ាងដែលអ្នកគួរតែប្រើប្រាស់ក្នុងការប្រជុំម្ដងៗ ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​



ការ​ធ្វើការ​ជាមួយ​គ្នា​គឺ​ពិត​ជា​មិន​អាច​ចៀសវាង​បាន​ឡើយ​នូវ​ការ​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​នូវ​គំនិត​អ្វីមួយ។ យ៉ាងណាមិញ​ការ​ប្រជុំ​បើ​សិន​ជា​មាន​ញឹកញាប់​ច្រើន​ដង​ពេក ក៏​មិន​សូវ​ជា​មាន​ផល​វិជ្ជមាន​ចំពោះ​គ្រប់​គ្នា​ប៉ុន្មាន​នោះ​ដែរ។ ហេតុនេះ​តើ​អ្នក​គួរតែ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​ការ​ប្រជុំ​របស់​អ្នក​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ចូលរួម​ស្ដាប់​ការ​និយាយ​របស់​អ្នក​បាន ?

១) ស្វែងយល់​ពី​អ្វី​ដែល​អ្នក​ចូលរួម​របស់​អ្នក​ចង់​បាន៖ អ្នក​ត្រូវ​ឆ្លើយ​សំណួរ​មួយ​ឲ្យ​ច្បាស់លាស់​ថា តើ​មូលហេតុ​អ្វី​បាន​ជា​អ្នក​ចូលរួម​របស់​អ្នក​ចាំបាច់​ត្រូវ​ស្ដាប់​នូវ​អ្វី​ដែល​អ្នក​ចង់​និយាយ ? តើ​សារ​របស់​អ្នក​មាន​សារសំខាន់​អ្វី​សម្រាប់​ការងារ​របស់​ពួកគេ​ទាំងនោះ ហើយ​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ដោយ​របៀប​ណា​ខ្លះ​ដែរ ?

២) បិទ​ចោល​នូវ​ឧបករណ៍​អេឡិចត្រូនិក​ដែល​រំខាន​ទាំងឡាយ៖ អ្នក​គឺជា​តួអង្គ​សំខាន់​ដែល​មាន​សារ​ដែល​ត្រូវ​ប្រកាស​ចែករំលែក ដូចនេះ​អ្នក​គួរតែ​ធ្វើ​ជា​គំរូ​ដល់​អ្នក​ចូលរួម​របស់​អ្នក​ដោយ​បិទ​ចោល​នូវ​ឧបករណ៍​អេឡិចត្រូនិក​ទាំងឡាយ​របស់​អ្នក ដែល​អាច​នឹង​បង្ក​ការ​រំខាន​ដល់​ការ​ប្រជុំ​របស់​អ្នក​បាន។ ម្យ៉ាងទៀត​វា​ក៏​ជា​ឥរិយាបថ​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ថា​អ្នក​បាន​ឲ្យ​តម្លៃ​ទៅលើ​ពួកគេ និង​ពេលវេលា​របស់​ពួកគេ​ផង​ដែរ។

៣) ផ្ដល់​ឱកាស​ដល់​អ្នក​ស្ដាប់​របស់​អ្នក​ក្នុង​ការ​និយាយ៖ បើ​តាំង​ពី​ដើម​រហូត​ដល់​ចប់​អ្នក​និយាយ​តែ​ម្នាក់​ឯង និង​មិន​បាន​ទុក​ឱកាស​ខ្លះ​សម្រាប់​អ្នក​ចូលរួម​ដទៃ​ទៀត​គេ​បាន​និយាយ​ផង​នោះ តើ​ធ្វើ​ដូចម្ដេច​នឹង​អ្នក​អាច​ដឹង​ថា​ពួកគេ​បាន​យល់​អំពី​អ្វី​ដែល​អ្នក​បាន​និយាយ​តាំង​ពី​ដើម​មក​នោះ​កើត ? បើ​សិន​ជា​ពួកគេ​មិន​អាច​យល់ តើ​អ្នក​ទាំងអស់​គ្នា​នឹង​អាច​សហការ​គ្នា​អស់​ពី​ចិត្ត​យ៉ាង​ដូចម្ដេច​បាន ? លើស​ពី​នេះ​កាល​ដែល​អ្នក​ទុក​ឱកាស​សម្រាប់​ឲ្យ​អ្នកដទៃ​បាន​និយាយ​និង​បញ្ចេញ​មតិ​យោបល់​របស់​ពួកគេ នោះ​វា​ក៏​ធ្វើឲ្យ​ពួកគេ​បាន​ទទួល​នូវ​អារម្មណ៍​មួយ​ដែល​បង្ហាញ​ថា​អ្នក​ឲ្យ​តម្លៃ​ទៅលើ​ពួកគេ​ដែរ។

៤) មាន​ភាព​ប្រាកដ​ច្បាស់លាស់​ចំពោះ​អ្វី​ដែល​អ្នក​ចង់​ប្រាប់​ពួកគេ៖ អ្នក​គួរតែ​ជ្រើសរើស​ប្រើប្រាស់​ពាក្យសម្ដី​បែប​ណា​ដែល​មាន​លក្ខណៈ​សាមញ្ញ​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ទទួល​យក​បាន និង​អាច​ចំណេញ​ពេលវេលា​ទាំងអស់​គ្នា។ ក៏​ជា​ការ​ប្រសើរ​ដែរ​ដែល​អ្នក​និយាយ​ឲ្យ​ចំ​ទៅ​ដល់​ចំណុច​សំខាន់​ដែល​អ្នក​ចង់​និយាយ​តែ​ម្ដង ដោយ​មិន​ចាំបាច់​អូស​បន្លាយ​ខាត​បង់​ពេលវេលា​យូរ និង​អាច​ឲ្យ​អ្នក​ចូលរួម​របស់​អ្នក​យល់​ពី​អ្វី​ដែល​អ្នក​ចង់​ប្រាប់​ពួកគេ​ផង​ដែរ៕

ប្រភព៖ entrepreneur.com ប្រែសម្រួល៖ ស្រីពៅ

X
5s