តើការមិនទទួលទានអាហារពេលព្រឹក មានផលប៉ះពាល់អវិជ្ជមានអ្វីខ្លះចំពោះសុខភាពរបស់អ្នក?
មនុស្សជាច្រើនមានទម្លាប់រំលងមិនទទួលទានអាហារពេលព្រឹក។ ប៉ុន្តែអាហារពេលនេះពិតជាសំខាន់ណាស់សម្រាប់សុខភាពរបស់អ្នកនិងថាមពលដែលអ្នកត្រូវការសម្រាប់ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក។ ហេតុនេះតើការមិនទទួលទានអាហារពេលព្រឹកមានផលប៉ះពាល់អវិជ្ជមានអ្វីខ្លះចំពោះសុខភាពរបស់អ្នក ?
១) ប្រព័ន្ធរំលាយអាហាររបស់អ្នកអាចនឹងធ្វើការយឺតជាងមុន៖ នៅពេលអ្នកមិនបានទទួលទានអាហារ នោះអត្រាល្បឿនដែលប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការនឹងទៅជាយឺតជាងមុនដើម្បីរក្សាថាមពល។ ជាពិសេសប្រព័ន្ធរំលាយអាហារធ្វើការយឺតស្រាប់នៅពេលអ្នកទើបនឹងភ្ញាក់ពីដំណេកនៅព្រឹកព្រលឹម ដូច្នេះបើអ្នកមិនបានបញ្ចូលអាហារទៀត វានឹងអាចប៉ះពាល់ធ្វើឲ្យដំណើរការណ៍របស់វាកាន់តែយឺតជាងមុនបាន។ ហេតុនេះអាហារពេលព្រឹកពិតជាសំខាន់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នកដែលអ្នកគួរយកចិត្តទុកដាក់ទទួលទានឲ្យបានទៀងទាត់។
២) ប៉ះពាល់ដល់ការធ្វើការរបស់ខួរក្បាល៖ ខួរក្បាលរបស់អ្នកត្រូវការយ៉ាងចាំបាច់នូវជាតិស្ករឬសារធាតុគ្លុយកូសដើម្បីធ្វើការបានរហ័សវាងវៃ។ យ៉ាងណាមិញ នៅពេលអ្នកមិនបានទទួលទានអាហារពេលព្រឹកបន្ទាប់ពីភ្ញាក់ពីដំណេក វានឹងធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកត្រូវធ្លាក់ចុះ ដែលអាចនឹងប៉ះពាល់ដល់ដំណើរការណ៍នៃការគិតរបស់អ្នកបាន។ ការទទួលទានអាហារដែលសម្បូរដោយជាតិកាបូអ៊ីដ្រាតពិតជាសំខាន់ណាស់ ព្រោះថាកាបូអ៊ីដ្រាតនឹងបំបែកជាគ្លុយកូសដែលអាចឲ្យខួរក្បាលរបស់អ្នកប្រើប្រាស់សម្រាប់ដំណើរការណ៍ការងាររបស់វាបាន។
៣) ងាយនឹងប្រឈមមុខនឹងជំងឺទឹកនោមផ្អែម៖ ការមិនទទួលទានអាហារពេលព្រឹកអាចបណ្ដាលឲ្យសមត្ថភាពកោសិការាងកាយរបស់អ្នកនៅក្នុងស្រូបយកជាតិស្ករឲ្យខូចខាតបាន ហើយវាក៏មានទំនាក់ទំនងភ្ជាប់គ្នាជាមួយនឹងជំងឺទឹកនោមផ្អែមតទៅទៀតបានដែរ។
៤) ងាយនឹងប្រឈមមុខនឹងជំងឺបេះដូង៖ អ្នកស្រាវជ្រាវបានរកឃើញថា នៅពេលដែលអ្នកមិនទទួលទានអ្វីសោះក្នុងរយៈពេលយូរពេកដូចជាគេងមួយយប់ហើយភ្ញាក់ឡើងនៅព្រឹកព្រលឹមមិនទទួលទានអ្វីទៀត នោះវានឹងបង្កើតភាពតានតឹងទៅដល់រាងកាយរបស់អ្នក ហើយធ្វើឲ្យរាងកាយរបស់អ្នកធ្វើការកាន់តែខ្លាំងជាងមុន ដែលបណ្ដាលឲ្យការរំលាយអាហាររបស់អ្នកមានការផ្លាស់ប្ដូរបាន។ បម្រែបម្រួលនៅក្នុងអ័រម៉ូនដែលមាននាទីរក្សាតុល្យភាពកម្រិតជាតិស្ករក្នុងឈាម រួមផ្សំជាមួយនឹងទំនោរដែលអ្នកឧស្សាហ៍រំលងមិនទទួលទានអាហារពេលព្រឹកងាយប្រឈមនឹងការឡើងទម្ងន់ ទាំងពីរយ៉ាងនេះសុទ្ធតែជាប់ទាក់ទងគ្នាជាមួយនឹងបញ្ហារោគបេះដូង៕
ប្រភព៖ rd.com ប្រែសម្រួល៖ ស្រីពៅ