តើអ្នកដឹកនាំល្អ គួរចៀសវាងនូវពាក្យសម្ដីបែបណាខ្លះចំពោះកូនចៅ?
តើអ្នកយល់ថា អ្នកដឹកនាំដ៏ល្អមួយរូបគួរតែចៀសវាងនូវពាក្យសម្ដីបែបណាខ្លះចំពោះកូនចៅរបស់ពួកគេ ? ខាងក្រោមគឺជាពាក្យសម្ដីចំនួន៣ឃ្លាដែលអ្នកដឹកនាំល្អមិនគួរប្រើទាល់តែសោះចំពោះកូនចៅ៖
១) ពេលនេះខ្ញុំមិនទំនេរទេ៖ កូនចៅរបស់អ្នកសុទ្ធតែដឹងហើយថាអ្នកដឹកនាំរបស់ពួកគេមានភាររវល់ច្រើន តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរតបថាមិនទំនេរឬពេលនេះខ្ញុំរវល់ណាស់គ្រប់ពេលចំពោះពួកគេនោះឡើយ ពុំនោះទេថ្ងៃក្រោយពួកគេនឹងលែងហ៊ានសួរអ្នកទៀតហើយ ហើយវានឹងធ្វើឲ្យការទំនាក់ទំនងអ្នកជាមួយនឹងពួកគេអាចនឹងពិបាកនៅពេលក្រោយបាន។
២) គេតែងតែធ្វើការងារនេះដោយរបៀបបែបនេះឯង៖ នៅពេលអ្នកប្រើប្រាស់ពាក្យសម្ដីបែបនេះទៅកាន់បុគ្គលិករបស់អ្នក វាហាក់ដូចជាអ្នកមិនបានទុកឱកាសនិងផ្ដល់ទំនុកចិត្តជឿជាក់ទៅលើបុគ្គលិកដើម្បីឲ្យពួកគេបានបញ្ចេញនូវសមត្ថភាពនិងគំនិតច្នៃប្រឌិតរបស់ពួកគេក្នុងការធ្វើការងារដដែលៗទៅតាមរបៀបធ្វើការរបស់ពួកគេដូច្នោះឯង។ អ្នកដឹកនាំគួរតែបើកចិត្តឲ្យទូលាយក្នុងការទទួលយកគំនិតថ្មីៗនិងរបៀបធ្វើការថ្មីៗដែលខុសប្លែកពីរបៀបចាស់របស់ខ្លួន ព្រោះមានតែតាមវិធីនេះប៉ុណ្ណោះទើបសមាជិកកូនចៅរបស់អ្នកនិងក្រុមហ៊ុនរបស់អ្នកអាចរីកចម្រើនបាន។
៣) បុគ្គលិកម្នាក់នោះធ្វើការងារនេះបានល្អជាងឯងទៅទៀត៖ អ្នកមិនគួរធ្វើនូវអ្វីដែលអ្នកមិនប្រាថ្នាចង់ឲ្យដទៃធ្វើដាក់អ្នកវិញនោះទេ។ មនុស្សគ្រប់គ្នាមិនថាជាគេម្នាក់នោះពិបាកនិយាយគ្នាប៉ុណ្ណាក៏ដោយ អ្នកគួរណាតែព្យាយាមស្វែងយល់ពីគេនិងការលំបាកដែលគេបានជួបប្រទះក្នុងការធ្វើកិច្ចការនោះឲ្យអ្នកជាមុនសិន សឹមចង់វាយតម្លៃគេតាមជាក្រោយក៏មិនខាតបង់អ្វីដែរ។ អ្នកអាចនឹងគិតថា ការយកគេទៅប្រៀបធៀបជាមួយនឹងអ្នកផ្សេងទៀតដែលបានធ្វើកិច្ចការនោះល្អជាងគេ នឹងជំរុញគេឲ្យប្រឹងប្រែងធ្វើការងារនោះឲ្យល្អប្រសើរជាងមុនឲ្យអ្នក។ យ៉ាងណាមិញ ការប្រៀបធៀបបែបនេះមានតែបំបាក់ទឹកចិត្តបុគ្គលិកនេះ និងបែរជាការបង្ហាញពីភាពជាអ្នកដឹកនាំដែលទន់ខ្សោយរបស់អ្នកទៅវិញទេ៕
ដោយ៖ ស្រីពៅ