តើ​មាន​ទម្លាប់​អ្វីខ្លះ​ដែល​អាច​ឲ្យ​អ្នក​បណ្ដុះ​នូវ​ការ​ចាយ​វាយ​ដោយ​ការ​សន្សំ​សំចៃ​បាន?​



តើ​មាន​ទម្លាប់​អ្វីខ្លះ​ដែល​អាច​ឲ្យ​អ្នក​បណ្ដុះ​នូវ​ការ​ចាយ​វាយ​ដោយ​ការ​សន្សំ​សំចៃ​បាន ? ខាងក្រោម​នេះ​គឺជា​ទម្លាប់​៣​យ៉ាង​ដែល​អាច​ផ្ដល់​ជា​គំនិត​សម្រាប់​ឲ្យ​អ្នក​សិក្សា​និង​អនុវត្ត​តាម​បាន៖

១) តាមដាន​រាល់​ការ​ចំណាយ​បន្តិចបន្តួច៖ មនុស្ស​ភាគច្រើន​ច្រើន​តែ​មិន​សូវ​ចាប់​អារម្មណ៍​ទៅលើ​ការ​ចំណាយ​បន្តិចបន្តួច​នោះ​ឡើយ ប៉ុន្តែ​ជា​ញឹកញាប់​ណាស់​ដែល​ការ​ចំណាយ​បន្តិចបន្តួច​នេះ​ឯង​ដែល​ប្រមូល​ផ្ដុំ​គ្នា​ធ្វើឲ្យ​ប្រាក់​របស់​អ្នក​កាន់តែ​ឆាប់​អស់​ទៅៗ​ទាំង​មិន​ដឹង​ខ្លួន។ ដូចនេះ​អ្នក​មិន​ត្រូវ​ធ្វេស​ប្រហែស​ទៅលើ​ការ​ចំណាយ​បន្តិចបន្តួច​របស់​ខ្លួនឯង​ឡើយ។

២) មាន​សតិ​ដឹង​ពី​អ្វី​ដែល​ទើប​ជា​ការ​ចំណាយ​ដ៏​ចាំបាច់​ពិត​ប្រាកដ៖ តើ​អ្វី​ទៅ​ទើប​ជា​ការ​ចំណាយ​ដ៏​ចាំបាច់​ពិត​ប្រាកដ ? មនុស្ស​ជាច្រើន​យល់​ថា​ពួកគេ​ខិតខំ​ធ្វើការ​ខ្លាំង​ណាស់ ហេតុនេះ​ហើយ​វា​ជា​រឿង​ស័ក្ដិសម​បំផុត​ដែល​ពួកគេ​គួរតែ​លើក​ទឹកចិត្ត​ខ្លួនឯង​ជាមួយ​នឹង​គ្រឿង​សម្ភារ​ទំនើបៗ​ឡូយឆាយ​អស់​ទាំងនោះ។ ប៉ុន្តែ​បើ​គិត​ឲ្យ​ដិតដល់​ទៅ ពួកគេ​ត្រូវការ​វា​ដើម្បី​មក​លម្អ​ជីវិត​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ឯង ព្រោះ​មាន​ពេល​ខ្លះ​របស់​អស់​ទាំងនោះ​ពិត​ជា​មិន​ចាំបាច់​ទាល់តែ​សោះ​ឡើយ​សម្រាប់​ការ​រស់នៅ​របស់​ពួកគេ ឬ​ក៏​អាច​និយាយ​បាន​ថា​បើ​ទោះ​ជា​ពួកគេ​អត់​មាន​របស់​ទាំងនោះ​ក៏​ពួកគេ​នៅ​តែ​អាច​រស់នៅ​បាន​ដោយ​មិន​លំបាក​នោះ​ដែរ។ ហេតុនេះ​ហើយ​អ្នក​មិន​គួរ​ឲ្យ​ការ​ចំណាយ​ទៅលើ​អ្វី​ដែល​មិន​ចាំបាច់​ទាំងនោះ មក​គាប​សង្កត់​ឲ្យ​ជីវិត​របស់​ខ្លួនឯង​កាន់តែ​លំបាក​ដោយសារ​តែ​វា​នោះ​ឡើយ។

៣) ការ​សន្សំ​ត្រូវតែ​មាន​ការ​ចាប់ផ្ដើម​ពី​បន្តិច​ៗ​ទៅ​មុន៖ មិន​ចាំបាច់​ទាល់តែ​មាន​ប្រាក់​ច្រើន​ចាំ​ចាប់ផ្ដើម​សន្សំ​នោះ​ទេ ពេលវេលា​ដែល​អ្នក​ត្រូវ​ចាប់ផ្ដើម​សន្សំ​គឺជា​ឥឡូវ​នេះ​ឯង បើ​ទោះ​ជា​តិចតួច​ក៏​ដោយ។ បើ​អ្នក​មិន​ទាន់​បាន​ចាប់ផ្ដើម​សន្សំ​ទេ នោះ​អ្នក​នឹង​រក​លេស​ឲ្យ​ខ្លួនឯង​មិនខាន។ តែ​បើ​សិន​ជា​អ្នក​បាន​ដាក់ចិត្ត​ថា​សន្សំ​ហើយ នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មិន​សូវ​ហ៊ាន​ដាច់​ចិត្ត​ចាយ​វា​ផ្ដេសផ្ដាស​ដូច​កាល​ពី​មុន​ទៀត​ឡើយ៕

ដោយ៖ ស្រីពៅ

X
5s