គណនេយ្យករ​គួរ​មាន​ជំនាញ​ទន់ ​4B! ​​តើ​អ្វី​ទៅ​ជា​ 4B?​



លោក សាន ឬ​ទ្ធី ​​ប្រធាន​ក្រុមហ៊ុន​​​ BSE Accounting ​និង​ជា​អ្នក​ជំនាញ​ផ្នែក​គណនេយ្យ​ ​បាន​លើក​ឡើង​ថា​ គណនេយ្យករ​ដើរ​តួនាទី​បួន​ធំៗ​ ​ដែល​ជា​សមិទ្ធផល​នៃ​កិច្ចការ​គណនេយ្យ​របស់​ពួក​គេ។ ​ជំនាញ​ទាំង​ ៤​នោះ​គឺ​ ជំនាញ​ទន់ ឬ​ហៅ​តាម​ភាសាអង់គ្លេស​ថា​ Soft Skill ​ដែល​ចាំ​បាច់​សម្រាប់​ជួយ​ឱ្យ​អាជីវកម្ម​ដំណើរការ​ទៅ​មុខ ​និង​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​តែ​ម្ដង។ ​តើ​អ្វី​ទៅជា​ 4B​ សម្រាប់​គណនេយ្យករ​?

B1. Be an Operational Accountant ​ត្រូវ​ធ្វើជា​ដៃគូ​របស់​ម្ចាស់​អាជីវកម្ម ដៃគូ​ផ្នែក​លក់ (sales) និង​ដៃគូ​ផ្នែក​ប្រតិបត្តិការ​ ​operational​ ជាដើម និង​ត្រូវ​ជួយ​ជ្រោមជ្រែង​ផ្ដល់​ព័ត៌មាន​និង​ប្រឹក្សា​យោបល់​ឲ្យ​អស់ពី​លទ្ធភាព ព្រោះ​គណនេយ្យករ​មួយ​រូប​មិនមែន​គ្រាន់តែ​​រៀប​ចំ​និង​ធ្វើ​បញ្ជី​នោះ​ទេ គឺ​ត្រូវ​មាន​ការសហការ​ជាមួយ​ក្រុមការងារ​ឲ្យ​បាន​ជិតស្និទ្ធ​ដើម្បី​ធ្វើការ​ឲ្យ​សម្រេច​គោលដៅ​ក្រុមហ៊ុន​ទាំងមូល​។​

B2. Be a Creative Problem Solver ​ចំណុចខ្លាំង​របស់​គណនេយ្យករ​មួយ​ទៀត​ដែល​គួរ​តែ​មាន​ គឺ​​​ត្រូវ​ចេះ​កំណត់​រក​បញ្ហា ដូច្នេះ​ចំណុច​នេះ​គណនេយ្យករ​ត្រូវ​ចេះ​ប្រើ​ចំណុចខ្លាំង​របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធិភាព និង​ចេះ​អភិវឌ្ឍ​ខ្លួនឯង ហើយ​នៅពេល​ដែលមាន​ការជជែក​ពិភាក្សា​ត្រូវ​ចេះ​ផ្ដល់​ជា​ដំណោះស្រាយ​ឲ្យ​អស់ពី​លទ្ធភាព ទៅតាម​ចំណេះដឹង​និង​ព័​ត៍​មាន​ដែល​យើង​មាន​។​

B3. Be a Profit Producer ​គណនេយ្យករ​មាន​ជំនាញ​ខាង​សន្សំ ប្រសិនបើ​ក្នុងដំណាក់កាល​ណាមួយ​ដែល​គាត់​ប្រើ​លុយ​មាន​ប្រសិទ្ធិភាព នោះ​ម្ចាស់​អាជីវកម្ម​មិនចាំបាច់​ទៅ​ខ្ចីលុយ​ពី​ធនាគារ​នាំ​ឲ្យ​ខាត​ការប្រាក់​នោះទេ នេះ​បង្ហាញ​ពី​ការជួយ​សន្សំ​ដល់​ក្រុមហ៊ុន ហើយ​ចំនួន​ដែល​គាត់​សន្សំ​និង​រត់​ចូល​ទៅខាង​ប្រាក់ចំណេញ​ទាំងអស់ ដែល​នេះ​គឺជា​ចំណុច​ដែល​បង្ហាញថា​គណនេយ្យក​រ​ជា​អ្នក​ពូកែ​សន្សំ​។​

B4. Be a Great Advisor ​គណនេយ្យករ​ដើរតួនាទី​ជា​អ្នកផ្ដល់យោបល់​យ៉ាងសំខាន់​ដល់​ម្ចាស់​អាជីវកម្ម ដូច្នេះ​គណនេយ្យករ​ត្រូវ​ចេះ​ប្រើប្រាស់​តួលេខ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ជួយ​ម្ចាស់​អាជីវកម្ម​ក្នុងការ​សម្រេចចិត្ត ម្យ៉ាងទៀត​ក្នុងនាម​ជា​គណនេយ្យករ​ម​យ​រូប​ត្រូវ​ចេះ​ប្រើប្រាស់​ពាក្យសម្ដី​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ ដូចជា​នៅពេល​ជួប​ជាមួយ​អ្នក​គណនេយ្យករ​ដូចគ្នា និង​អ្នក​ដែល​គ្មាន​ជំនាញ​គណនេយ្យ​៕ ​

ដោយ៖ ជួប ស្រីរ័ត្ន

X
5s