ហេតុអ្វីកូនរបស់អ្នកចាំបាច់ត្រូវការវីតាមីនAឲ្យបានគ្រប់គ្រាន់?
វីតាមីនAដើរតួយ៉ាងសំខាន់ក្នុងការលូតលាស់ធំធាត់របស់ក្មេង និងសុខភាពភ្នែករបស់ពួកគេ។ វាក៏ជាសារធាតុចិញ្ចឹមដែលជួយទ្រទ្រង់ដល់ដំណើរការណ៍របស់ប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពល្អ ជួយកាត់បន្ថយហានិភ័យពីជំងឺងងឹតភ្នែក និងបញ្ហាផ្សេងទៀតរបស់ភ្នែក និងហានិភ័យពីការចម្លងរោគដ៏កាចសាហាវផ្សេងៗដូចជាកញ្ជ្រឹលនិងរាគមួលផងដែរ។
យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកកាលពីឆ្នាំ២០១៥ កង្វះវីតាមីនAគឺជាបញ្ហាសុខភាពដ៏ចម្បងដែលបានប៉ះពាល់ទៅលើផ្នែកមួយចំនួននៅលើពិភពលោកជាពិសេសទៅលើប៉ែកអាស៊ីអាគ្នេយ៍និងអាហ្វ្រិក។
កង្វះវីតាមីននេះនឹងធ្វើឲ្យសក់និងស្បែកមានសភាពស្ងួត និងខូចខាតដល់ការលូតលាស់របស់ឆ្អឹងទៀតផង។ នៅពេលដែលកុមារបានទទួលវីតាមីនAគ្រប់គ្រាន់ចាប់តាំងពីក្រោមអាយុ៥ឆ្នាំ វាត្រូវបានគេរកឃើញថាបានកាត់បន្ថយអត្រាមរណជារួមក្នុងប្រទេសនោះយ៉ាងមានប្រសិទ្ធភាពផងដែរ។
វីតាមីនAអាចរកបាននៅក្នុងទឹកដោះគោ ដំឡូងជ្វា ស៊ុត ការ៉ុត ផ្កាខាត់ណាប្រូកូលី ផ្លែស្វាយ ផ្លែទំពាំងបាយជូរក្រហម ផ្លែឪឡឹក ផ្លែល្ហុង គ្រាប់ធញ្ញជាតិ យ៉ាអួ ផ្លែត្រសក់ស្រូវ បន្លែទាំងឡាយណាដែលមានពណ៌លឿងនិងទឹកក្រូច និងបន្លែបៃតង និងអាហារផ្សេងទៀតជាច្រើន៕
ប្រភព៖ huffpost.com ប្រែសម្រួល៖ ស្រីពៅ