តើអាហារអ្វីខ្លះដែលអ្នកគួររក្សាទុកក្រៅទូទឹកកក​ បើ​មិន​ចង់ឱ្យ​មាន​បញ្ហាដល់សុខភាព?​



សម្រាប់​អ្នក​ដែល​មាន​ទូទឹកកក​ប្រើប្រាស់ អ្នក​ប្រាកដ​ជា​ចេះ​តែ​ចង់​រក្សា​ទុក​របស់​របរ​ទទួលទាន​របស់​អ្នក​ទាំងអស់​ចូល​ក្នុង​ទូទឹកកក​សម្រាប់​រក្សា​ទុក។ ប៉ុន្តែ​មាន​អាហារ​មួយ​ចំនួន​ដូច​មាន​បង្ហាញ​ខាងក្រោម គឺជា​អាហារ​ដែល​អ្នក​មិន​គួរ​រក្សា​វា​ទុក​ក្នុង​ទូទឹកកក​នោះ​ឡើយ។

១) ដំឡូង៖ សីតុណ្ហភាព​ប្រហែល​៧​អង្សា​មាន​ភាព​ល្អ​សម្រាប់​ដំឡូង។ ប៉ុន្តែ​ដូចជា​នៅ​ក្នុង​ទូទឹកកក ភាគច្រើន​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ចន្លោះ​សីតុណ្ហភាព​ពី​១​អង្សា​ទៅ​៣​អង្សា។ នៅ​កន្លែង​ត្រជាក់​បែប​នេះ សារធាតុ​កាបូអ៊ីដ្រាត​ដែល​មាន​នៅ​ក្នុង​ដំឡូង​នឹង​បម្លែង​ទៅជា​ស្ករ ហើយ​ដំឡូង​របស់​អ្នក​អាច​ប្ដូរ​រសជាតិ​ប្រែ​ជា​ផ្អែម​ជាង​មុន​បន្តិច​បាន។ មូលហេតុ​នេះ​ហើយ​អ្នក​គួរតែ​រក្សា​ទុក​ដំឡូង​នៅ​ក្រៅ​ពី​ទូទឹកកក​ក៏​ជា​ការ​ប្រសើរ​ដែរ។

២) ទឹក​ជ្រលក់​ហិល​ដប៖ ទឹក​ជ្រលក់​ហិល​ដប​ដែល​អ្នក​ទិញ​មក​ពី​ផ្សារ មាន​សារធាតុ​ផ្សំ​ដែល​ជា​ទឹកខ្មេះ​និង​សារធាតុ​រក្សា​គុណភាព​មួយ​ចំនួន​សម្រាប់​រក្សា​រសជាតិ​របស់​វា។ នៅ​ពេល​ដាក់​នៅ​ក្នុង​ទូទឹកកក ម្ទេស​ហិល​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ធាតុផ្សំ​របស់​ទឹកជ្រលក់ អាច​នឹង​បាត់បង់​កម្ដៅ​ឬ​ភាព​ហិល​របស់​វា​បាន។

៣) រក្សា​ទុក​ស៊ុត​ដែល​នៅ​ទាំង​សម្បក​នៅ​កន្លែង​កក​របស់​ទូទឹកកក៖ នៅ​ពេល​អ្នក​ដាក់​ឲ្យ​ស៊ុត​ដែល​នៅ​ទាំង​សម្បក​នៅ​តំបន់​កក​របស់​ទូទឹកកក ជាតិ​ទឹក​ដែល​មាន​នៅ​ក្នុង​ស៊ុត​អាច​រីក​មាឌ​ហើយ​ធ្វើឲ្យ​សម្បក​របស់​ស៊ុត​ប្រេះ​បែក ដែល​អាច​ធ្វើឲ្យ​បាក់តេរី​ងាយ​នឹង​ចម្លង​ចូល​បាន។

៤) សាច់​ដែល​អ្នក​បាន​ក្លាសេ​វា​ឲ្យ​កក​រួច​ម្ដង​មក​ហើយ៖ នេះ​ក៏​ដោយសារតែ​សាច់​ដែល​បាន​ក្លាសេ​ឲ្យ​កក​រួច​ម្ដង​ហើយ​នោះ នៅ​ពេល​ត្រូវ​បាន​យក​ចេញ​មក​ខាងក្រៅ វា​ងាយ​នឹង​ចម្លង​បាក់តេរី​ជាង​សាច់​ដែល​មិន​ទាន់​បាន​ក្លាសេ​រួច​មក​ទៅ​ទៀត។ ហេតុនេះ​អ្នក​គួរតែ​ចម្អិន​វា​ជា​អាហារ​ឲ្យ​ឆ្អិន​អស់​ហើយ រួច​សឹម​យក​ចំណែក​ដែល​នៅ​សល់​របស់​អាហារ​នោះ​មក​រក្សា​ទុក​នៅ​ក្នុង​ទូទឹកកក​បន្ត​ទៀត៕

ប្រភព៖ rd.com ប្រែសម្រួល៖ ស្រីពៅ

X
5s