៣យ៉ាងដែលអ្នកគួរត្រៀមទុកសម្រាប់ការសម្ភាសការងារ
តើគួររៀបចំខ្លួនយ៉ាងដូចម្ដេចខ្លះនៅពេលអ្នកត្រូវមានសម្ភាសការងារនៅពេលខាងមុខនេះ ? ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ៣យ៉ាងដែលអាចផ្ដល់ជាគំនិតសម្រាប់អ្នកក្នុងការត្រៀមខ្លួនសម្រាប់ការសម្ភាសការងារបាន៖
១) សិក្សាអំពីមុខតំណែងដែលអ្នកបានដាក់ពាក្យសុំធ្វើការ៖ មុននឹងអ្នកទៅសម្ភាស អ្នកគួរសិក្សាឲ្យបានច្បាស់ពីលក្ខន្តិកៈដែលក្រុមហ៊ុនមួយនោះត្រូវការពីអ្នក ហើយអ្នកក៏គួរគិតត្រៀមទុកជាមុនពីជំនាញដែលអ្នកមានទាំងប៉ុន្មានដែលអ្នកគិតថាសំខាន់និងចាំបាច់សម្រាប់ប្រើជាប្រយោជន៍ក្នុងការជួយក្រុមហ៊ុនមួយនោះឲ្យរីកចម្រើនទៅតាមចក្ខុវិស័យរបស់ពួកគេបាន។ ជាការប្រសើរបំផុតបើសិនជាអ្នកបានរៀបរាប់អំពីស្ថានភាពដែលអ្នកបានប្រើប្រាស់ជំនាញរបស់អ្នកទាំងនោះដោយជោគជ័យ ឬមិនជោគជ័យក៏ដោយតែប្រាប់ទៅពួកគេថាតើអ្នករៀនសូត្របានអ្វីខ្លះក្នុងស្ថានភាពលើកនោះ។
២) ស្រាវជ្រាវអំពីក្រុមហ៊ុនដែលអ្នកបានដាក់ពាក្យសុំធ្វើការ៖ សមត្ថភាព ជំនាញ ឬភាពឈ្លាសវៃរបស់មនុស្សអាចបណ្ដុះបណ្ដាលបាន យ៉ាងណាមិញឥរិយាបថ អត្តចរិត និងសីលធម៌របស់មនុស្សមិនងាយនឹងហាត់ពត់លត់ដំដោយងាយៗបាននោះទេ បើទោះជាអាចក៏ត្រូវការរយៈពេលយូរដែរ។ ក្រុមហ៊ុននីមួយៗសុទ្ធតែមានវប្បធម៌ការងារឬក៏ជាអត្តចរិតរបស់ពួកគេរៀងៗខ្លួន។ ហេតុនេះ អ្នកក៏ត្រូវចាំបាច់ស្វែងយល់ពីអត្តចរិតនេះនៅក្នុងក្រុមហ៊ុនដែលអ្នកបានដាក់ពាក្យសុំធ្វើការ និងប្រាប់ទៅពួកគេពីលក្ខណៈទាំងនោះដែលបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឲ្យមកចង់ចូលរួមចំណែកជាមួយពួកគេ រួមទាំងមូលហេតុដែលអ្នកគិតថាអ្នកស័ក្ដិសមសម្រាប់អ្វីដែលពួកគេកំពុងតែស្វែងរកនោះ។
៣) រៀបចំទុកសំណួរខ្លះៗសម្រាប់សួរទៅកាន់អ្នកសម្ភាសការងាររបស់អ្នក៖ បើអ្នកមានសំណួរសម្រាប់សួរទៅកាន់ពួកគេវិញ នោះវាគឺជាការបញ្ជាក់ថាអ្នកពិតជាមានចំណាប់អារម្មណ៍នៅក្នុងការរួមចំណែកនៅក្នុងក្រុមហ៊ុនរបស់ពួកគេមែន។ អ្នកអាចសាកសួរពីព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធជាមួយការទទួលខុសត្រូវដែលមាននៅក្នុងមុខតំណែងការងាររបស់អ្នក ឬក៏អាចសាកសួរពីបទពិសោធន៍របស់អ្នកសម្ភាសការងាររបស់អ្នកនៅក្នុងក្រុមហ៊ុននោះ។ ទោះជាយ៉ាងណា សំណួររបស់អ្នកត្រូវតែចេញពីចិត្តស្មោះត្រង់ពិតប្រាកដ មិនមែនជាការសួរដើម្បីគ្រាន់តែទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេមកផ្ដល់ការងារឲ្យអ្នកនោះឡើយ៕
ប្រភព៖ success ប្រែសម្រួល៖ ស្រីពៅ