តើមានអ្វីខ្លះដែលអ្នកគួរចៀសវាង នៅថ្ងៃចាប់ផ្ដើមការងារដំបូង ?
វាអាចថ្ងៃដំបូងនៃការចាប់ផ្ដើមការងារដំបូងបំផុតក្នុងឆាកជីវិតរបស់អ្នក។ ហេតុនេះអ្នកប្រាកដជាមានបញ្ហាជាច្រើនដែលកំពុងតែព្រួយបារម្ភថានឹងត្រូវឆ្លើយតបទៅវាដោយរបៀបណា។ ខាងក្រោមនេះគឺជាកំហុសចំនួន៣ដែលអ្នកគួរចៀសវាងនៅថ្ងៃដំបូងនៃការចាប់ផ្ដើមការងាររបស់អ្នក៖
១) ធ្វើពុតជាចេះអ្វីៗទាំងអស់៖ បើអ្នកមិនយល់អំពីដំណើរការណ៍ណាមួយក្នុងមុខតំណែងដែលអ្នកទទួលខុសត្រូវ នោះអ្នកគួរតែសួរនាំដើម្បីទទួលបានចម្លើយជាក់ច្បាស់ ពុំនោះទេអ្នកអាចនឹងសាងកំហុសឆ្គងហើយថែមទាំងខ្ជះខ្ជាយប៉ះពាល់ពេលវេលារបស់មិត្តរួមការងាររបស់អ្នកទៅវិញ។
២) មិនអើពើជាមួយមិត្តរួមការងាររបស់អ្នក៖ នៅក្នុងការងារ អ្នកនឹងត្រូវសហការគ្នាជាមួយនឹងមិត្តរួមការងាររបស់អ្នកដទៃទៀត ហេតុនេះបើទំនាក់ទំនងរវាងអ្នកនិងពួកគេល្អ នោះវាក៏នឹងធ្វើឲ្យការសហការគ្នារបស់អ្នកអាចរំពឹងទុកនូវលទ្ធផលជាផ្លែផ្កាល្អដែរ។ ការសម្ដែងឥរិយាបថរួសរាយរាក់ទាក់ទៅកាន់ពួកគេដោយចេញពីចិត្ត មិនត្រឹមតែអាចកសាងទំនាក់ទំនងល្អឲ្យកើតមានឡើងប៉ុណ្ណោះទេ តែវាក៏បានបង្ហាញពីអត្តចរិតជាមនុស្សដ៏គួរឲ្យរាប់អានម្នាក់ផងដែរ។
៣) ប្រឹងធ្វើការខ្លាំងពេក៖ មានពេលខ្លះការណ៍ដែលអ្នកព្យាយាមធ្វើការខ្លាំងពេកនៅពេលដំបូង វាអាចធ្វើឲ្យអ្នកត្រូវសម្ដែងនូវបុគ្គលិកលក្ខណៈមួយផ្សេងទៀតដែលមិនមែនជាអត្តចរិតពិតរបស់អ្នក។ ហេតុនេះអ្នកមិនចាំបាច់ត្រូវប្រឹងខ្លាំងពេកនោះទេ ព្យាយាមធ្វើនូវអ្វីដែលអ្នកអាចធ្វើទៅបាន និងទុកនូវការងារណាដែលអ្នកមិនអាចធ្វើបានទៅឲ្យអ្នកដទៃខ្លះក៏ជាការប្រសើរដែរ៕
ប្រភព៖ lifehack ប្រែសម្រួល៖ ស្រីពៅ