វិធីសាស្រ្តចញ្ចឹមកូន ៤យ៉ាង ដែលឪពុកម្ដាយគ្រប់រូបគួរ​យល់ដឹង​



វិធីសាស្រ្តចញ្ចឹមកូនរបស់អ្នក មានឥទ្ធិពលទៅលើសុខភាព និងភាពជោគជ័យក្នុងការសិក្សារបស់កូនៗរបស់អ្នក។ ការចញ្ចឹមបីបាច់ថែរក្សាកូនឲ្យបាន​ល្អ គឺមិនមែនជារឿងងាយស្រួលនោះឡើយ។ ខាងក្រោមនេះ គឺជា វិធីសាស្រ្តចញ្ចឹមកូនទាំង ៤យ៉ាង ដែលអ្នកគួរយល់ដឹង៖

១) ការអនុញ្ញាតិ៖ វិធីសាស្រ្តនេះគឺអនុញ្ញាតិឲ្យក្មេងមានពេលវេលាគ្រប់គ្រាន់និងមានភាពឯករាជ្យក្នុងការធ្វើអ្វីមួយដោយខ្លួនគេ។ ឪពុកម្ដាយអនុញ្ញាតិឲ្យកូនរបស់ពួកគេដោះស្រាយបញ្ហាដោយខ្លួនគេ និងចង់ឲ្យកូនរបស់ពួកគេលេង សប្បាយរីករាយ និងរៀនពីធម្មជាតិតាមរយៈសកម្មភាពរបស់ពួកគេ។ ប៉ុន្តែតាមរយៈវិធីសាស្រ្តនេះ ក្មេងមិនសូវទទួលបានការជួយជំរុញ ការណែនាំ និងការហ្វឹកហាត់ បង្ហាត់បង្រៀនដោយផ្ទាល់ពីឪពុកម្ដាយរបស់ពួកគេនោះទេ ដូចនេះ កុមារមិនសូវបានរៀនពីជំនាញផ្សេងៗសម្រាប់ភាពជោគជ័យក្នុងជីវិតរបស់ពួកគេនោះទេ។

២) ភាពតឹងរឹង៖ វិធីសាស្រ្តនេះធ្វើឲ្យក្មេងធ្វើអ្វីមួយដោយមានការណែនាំ មានច្បាប់ មានវិន័យតឹងរឹង។ ឪពុកម្ដាយប្រភេទនេះមានការរំពឹងទុកខ្ពស់ និងចង់ឲ្យកូនរបស់ពួកគេធ្វើអ្វីតាមការចង់បានរបស់ពួកគេ។ ពីព្រោះតែក្មេងត្រូវស្ដាប់បង្គាប់ឪពុកម្ដាយ ដូចនេះគេគ្រាន់តែធ្វើតាមតែការបញ្ជារ​ដែលដាក់ឲ្យ ដោយមិនចង់ឲ្យមានបញ្ហាជាមួយឪពុកម្ដាយរបស់គេ ជាជាងការខិតខំព្យាយាមធ្វើអ្វីមួយដោយសក្ដានុពលក្នុងខ្លួនរបស់ពួកគេ។

៣) ការថ្នាក់ថ្មម៖ ឪពុកម្ដាយប្រភេទនេះតែងតែចង់ឲ្យកូនរបស់គេទទួលបានការការពារ លួងលោម បបោសអង្អែលគ្រប់ពេល មិនចង់ឲ្យកូនរបស់ពួកគេជួបរឿងលំបាក។ គេតែងតែព្រួយបារម្ភពីកូនរបស់ពួកគេ ប្រសិនបើមិនបានការមើលថែពីគេ ដោយខ្លាចកូនរបស់ពួកគេត្រូវគេធ្វើបាប ឬត្រូវអ្នកដ៏ទៃកេងប្រវញ្ញផលប្រយោជន៍ជាដើម។ នៅពេលដែលឪពុកម្ដាយមានការព្រួយបារម្ភ និងថ្នាក់ថ្មមជ្រុលទៅលើកូនៗរបស់គេ កូនៗរបស់គេនឹងមិនសូវបានរៀនសូត្រពីការគ្រប់គ្រងបញ្ញាផ្លូវអារម្មណ៍ និងរៀនដោះស្រាយបញ្ហាដែលគេជួបប្រទះដោយខ្លួនគេឡើយ។

៤) ការជួយជ្រោមជ្រែង៖ ឪពុកម្ដាយតែងតែបង្កើតនូវតុល្យភាពរវាងការផ្ដល់សេរីភាព និងការផ្ដល់នូវការណែនាំទៅដល់កូនរបស់ពួកគេ។ ឪពុកម្ដាយប្រភេទនេះមិនព្យាយាមរឹតបន្តឹងកូនៗរបស់គេនោះទេ តែពួកគេជាអ្នកជួយឲ្យពួកគេធំធាត់ដោយភាពរឹងមាំខ្លួនគេ និងជួយពួកគេឲ្យសម្រេចដល់គោលដៅដែលគេចង់បាន។ ពួកគេធ្វើជាគំរូតាមរយះការផ្ដល់ជាឧទាហរណ៍ ដូចនេះក្មេងអាចកត់ចំណាំពីទង្វើរទាំងនោះ៕

ដោយ៖ លង់ វណ្ណៈ ប្រភព៖ inc.com

 

X
5s