​ត្រូវ​ចងចាំ​គន្លឹះ​សំខាន់ៗ​ទាំង​​៥​នេះ បើ​អ្នក​ចង់​បង្កើត​ជំនួញ​​​មួយ​ ​ដែល​​​អាច​​ទាញ​យក​អតិថិជន​យ៉ាង​​លឿន​​​!​​



​ការ​ធ្វើ​អាជីវកម្ម​ ​​មិន​ស្រួល​ដូច​​ការ​គិត​នោះ​ទេ ​ព្រោះ​ការ​លំបាក​ជាក់​ស្តែង​វា​ខុស​ពី​ការ​គិត​ទុក​។ យ៉ាង​ណា​ក៏ដោយ ​បើ​អ្នក​ចេះ​តែ​ចង់​ធ្វើ​ ​តែ​ខ្លាច​បរាជ័យ​នោះ​​ ​វា​គ្មាន​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​បាន​ឡើយ។ ដូច្នេះ​​បើ​ចង់​រកស៊ី​​ ​ត្រូវ​តែ​តស៊ូ​ធ្វើ​វា​។ ​​តែ​បើ​ចង់​ជោគជ័យ​ក្នុង​ការ​រកស៊ី​ដំបូង​ ​ដោយ​​អាច​ទាញ​យក​អតិជន​បាន​យ៉ាង​លឿន​នោះ ​ត្រូវ​ចងចាំ​គន្លឹះ​សំខាន់ៗ​ខាង​ក្រោម​៖

​១) ​កំណត់​ទីផ្សារ​គោលដៅ​ឲ្យ​ច្បាស់​៖ ​មុន​ពេល​ចាប់​ផ្តើម​បង្កើត​អាជីវកម្ម​ណា​មួយ ​អ្នក​ត្រូវ​​​ដឹង​​ឲ្យ​ច្បាស់​ថា ​​តើ​នរណា​ជា​​ទីផ្សារ និង អតិថិជន​គោលដៅ​របស់​អ្នក​( ជា​យុវវ័យ ​អ្នក​សិក្សា ​​ក្រុមហ៊ុន​ ​ឬ​ ​​អ្នក​ម៉ៅការ​ដំណង) ​​​។ កាល​ណា​អ្នក​បាន​កំណត់​ជា​ស្រេច​​ហើយ ​នោះ​អ្នក​អាច​ចាប់​ផ្តើម​ដំណើរ​ការ​អាជីវកម្ម ​ដោយ​ដើរ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល​ហើយ​។​​​​​

២) ផលិតផល ​ឬ សេវាកម្ម​ដែល​មាន​លក្ខណៈ​ពិសេស​​​​៖ ​ប្រសិនបើ​អ្នក​ចង់​ឲ្យ​អាជីវកម្ម​ថ្មី​របស់​អ្នក ​ឆាប់​ទាញ​យក​អតិថិជន​បាន​យ៉ាង​រហ័ស​នោះ ​​អ្នក​ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់​ថា ​គួរ​​បង្កើត​ផលិតផល​ ​ឬ សេវា​កម្ម​បែប​ណា​ ​ដែល​មាន​លក្ខណៈ​ប្លែក​ពី​ក្រុមហ៊ុន​ដទៃ​។ ​កាល​ណា​អ្នក​ចម្លង​​តាម​តែ​អ្វី​ដែល​ក្រុមហ៊ុន​មុនៗ​ ​ធ្វើ​នោះ​គឺ​ប្រាកដ​​ណាស់​ថា មិន​ងាយ​នោះ​ឡើយ ​ព្រោះ​​ក្រុម​ហ៊ុន​របស់​អ្នក​​គឺ​មក​ក្រោយ​គេ​​នៅ​​ក្នុង​ទីផ្សារ​។

៣​) ​ត្រូវ​ផ្ដោត​លើ​គុណភាព៖ ​​​ការ​​បង្កើត​នូវ​ផលិតផល​ ​ឬ សេវាកម្ម​ថ្មី​អាច​នឹង​ឆាប់​ទាញ​យក​ចំណាប់​អារម្មណ៍​ ​របស់​មនុស្ស​ទូទៅ ​ប៉ុន្តែ​​វា​មិន​ស្ថិតស្ថេរ​ទេ បើ​គុណ​ភាព​មិន​ល្អ​។ ដូច្នេះ​ហើយ​​ ​ការ​ផ្ដោត​លើ​គុណ​ភាព​គឺ​ជា​រឿង​សំខាន់​ណាស់​ ​ព្រោះ​អតិថិជន​ ​គឺ​ជា​អ្នក​ទិញ​ ​ដូច្នេះ​គេ​ត្រូវ​តែ​ពិនិត្យ ​និង ស្វែងរក​អ្វី​ដែល​ល្អ​សម្រាប់​ការ​ប្រើប្រាស់​របស់​ពួកគេ​។

៤​) ​តម្លៃ​​សមរម្យ​៖ ​ត្រូវ​ចាំ​ថា ​របស់​ថ្មី​មិន​ត្រូវ​ ​ដាក់​លក់​ក្នុង​តម្លៃ​​ស្មើ ​ឬ ថ្លៃ​ជាង​ផលិតផល​ចាស់ៗ​នោះ​ទេ ​ទោះបី​​គុណភាព​ល្អ​ប្រហាក់ប្រហែល​គ្នា​ក៏​ដោយ ​ព្រោះ​ថា ការ​ដាក់​តម្លៃ​ឲ្យ​ទាប​ជាង​គូរ​ប្រជែង​បន្តិច​នេះ គឺ​ជា​ការ​បើក​ផ្លូវ​មួយ​ក្នុង​ការ​ដើរ​ចូល​ក្នុង​ទីផ្សារ​​ឲ្យ​បាន​ឆាប់​រហ័ស​។ ​បើ​​មិន​​អាច​ប្រើ​តម្លៃ​ទាប​ជាង​គេ​ទេ អ្នក​អាច​ប្រើ​វិធី​ផ្សេងៗ​ទៀត​​ដើម្បី​ទាញ​យក​ការ​ចាប់​អារម្មណ៍ ​ដូច​ជា ​ការ​បញ្ចុះ​តម្លៃ​ក្នុង​រយៈពេល​ណា​មួយ ​ការ​បន្ថែម​ផលិតផល ឬ សេវាកម្ម​ក្នុង​រយៈពេល​កំណត់​ច្បាស់លាស់​ណា​មួយ​ជា​ដើម​។

៥) ​ត្រូវ​​ពង្រឹង​ផ្នែក​ទីផ្សារ​៖ ​​​​​​​​ទោះបីជា​ផលិតផល​របស់​អ្នក​ល្អ​ប៉ុណ្ណា​ក៏ដោយ ​ប៉ុន្តែ​​អតិថិជន​មិន​ងាយ​នឹង​ស្គាល់​​ឡើយ ​បើ​អ្នក​មិន​ផ្សព្វផ្សាយ​ឲ្យ​គេ​បាន​ដឹង​​យ៉ាង​ទូលំទូលាយ​ទេ​។​ ​​ការ​ធ្វើ​ទីផ្សារ​នេះ​ ​គឺ​សំខាន់​ខ្លាំង​ណាស់​ ​​អ៊ីចឹង​ហើយ​បាន​ជា​ក្រុមហ៊ុន​ធំៗ ​គេ​តែង​ជ្រើសរើស​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ផលិតផល​របស់​ពួកគេ​អាច​ទៅ​ដល់​​ភ្នែក​របស់​មនុស្ស​ភាគច្រើន​បាន​៕

​ ​ដោយ​៖ ​អ៊ុន ​ភក្តី

X
5s