តើការកាត់បន្ថយការទទួលទានជាតិសូដ្យូមច្រើនមានប្រយោជន៍អ្វីខ្លះចំពោះសុខភាព ?
សូដ្យូមមានសារសំខាន់ណាស់សម្រាប់ដំណើរការណ៍ក្នុងរាងកាយរបស់អ្នកទាំងមូល និងជាពិសេសគឺសុខភាពបេះដូងរបស់អ្នក។ យ៉ាងណាមិញ នៅពេលវត្តមានរបស់វាមានច្រើនហួសកម្រិតពេក នោះវានឹងនាំមកនូវផលប៉ះពាល់អវិជ្ជមានជាច្រើនមកវិញ។
អំបិលដែលអ្នកប្រើប្រាស់ដើម្បីចម្អិនអាហារនិងមាននៅក្នុងអាហារស្រាប់ៗដែលត្រូវបានគេវេចខ្ចប់ក្នុងកំប៉ុងឬកញ្ចប់នេះ គឺជាសូដ្យូមក្លរួដែលស្ថិតក្នុងចំណោមប្រភេទសូដ្យូមមួយដែរ។
កម្រិតសូដ្យូមខ្ពស់តែងមានទំនាក់ទំនងគ្នាជាមួយនឹងការកើនឡើងសម្ពាធឈាម។ កាត់បន្ថយការទទួលទានអាហារដែលមានជាតិសូដ្យូមខ្ពស់ អាចធ្វើឲ្យកម្រិតសម្ពាធឈាមរបស់អ្នកចុះថយ និងអាចជួយការពារការហើម ដូចជាការហើមជើង ហើយក៏អាចជួយកាត់បន្ថយហានិភ័យពីជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺគ្រួសក្នុងតម្រងនោម និងការវិវត្តរបស់ជំងឺពុកឆ្អឹងផងដែរ។
ដើម្បីកាត់បន្ថយកម្រិតសូដ្យូមក្នុងរាងកាយរបស់អ្នក អ្នកគួរកាត់បន្ថយការទទួលទាននូវអាហារស្រាប់ៗដែលត្រូវបានគេវេចខ្ចប់ និងកាត់បន្ថយការប្រើប្រាស់អំបិលក្នុងការចម្អិនអាហារប្រចាំថ្ងៃ ជាពិសេសគឺត្រូវងាកមកបរិភោគបន្លែផ្លែឈើឲ្យបានច្រើនវិញ៕