ទាំងនេះគឺជាអត្ថប្រយោជន៍៣យ៉ាងទទួលបានពីការទទួលទានតែ
តែមានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពរបស់អ្នក ប៉ុន្តែអត្ថប្រយោជន៍ ៣យ៉ាង ខាងក្រោមនេះ គឺជាអ្វីដែលអ្នកមិនគួរមើលរំលងនោះឡើយ។
១) កាត់បន្ថយហានិភ័យពីជំងឺមហារីក៖ បើទោះជាមានការសិក្សាមួយចំនួនបានរកឃើញទំនាក់ទំនងរវាងការទទួលទានកាហ្វេជាមួយនឹងការថយចុះនៃហានិភ័យពីមហារីកថ្លើមនិងមហារីកពោះវៀនធំ ប៉ុន្តែតែក៏ត្រូវបានគេរកឃើញពីគុណប្រយោជន៍របស់វាមានលើសពីនោះទៅទៀត ដែលវាអាចជួយដល់ក្រពះ លំពែង សុដន់ និងផ្នែកដទៃផ្សេងទៀតផងដែរ។ នេះក៏ដោយសារតែក្នុងតែមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ជាងកាហ្វេ ដែលសារធាតុនេះមាននាទីទប់ទល់ប្រឆាំងជាមួយនឹងពពួករ៉ាឌីកាល់សេរី ដែលជាដើមហេតុវិវត្តនូវជំងឺមហារីក។
២) ចៀសវាងពីការរមួលសាច់ដុំកំភួនជើងបាន៖ ទទួលទានសារធាតុកាហ្វេអ៊ីនច្រើនពេកមានផលប៉ះពាល់ធ្វើឲ្យរាងកាយរបស់អ្នកពិបាកក្នុងការស្រូបយកម៉ាញេស្យូម ហើយនៅពេលកម្រិតជាតិម៉ាញេស្យូមមានទាប នោះអ្នកនឹងអាចរមួលសាច់ដុំកំភួនជើង និងពិបាកក្នុងការទទួលទានដំណេកស្កប់ស្កល់នៅពេលយប់ផងដែរ។ បើទោះជាតែមានសារធាតុកាហ្វេអ៊ីនក៏ដោយ តែវាមានក្នុងកម្រិតទាបប៉ុណ្ណោះបើធៀបនឹងកាហ្វេ ដូច្នេះហើយបើអ្នកឧស្សាហ៍មានបញ្ហាបែបនោះ អ្នកគួរតែផ្លាស់ប្ដូរមកទទួលទានតែហើយ។
៣) ធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយជាងមុន៖ លើសពីអត្ថប្រយោជន៍ដែលតែមានចំពោះសុខភាពផ្លូវកាយរបស់អ្នកហើយ តែក៏ថែមទាំងអាចធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយជាងមុនបានដែរ៕
ប្រភព៖ www.rd.com ប្រែសម្រួល៖ ស្រីពៅ