ហេតុអ្វីទទួលទានទឹកដូងល្អសម្រាប់សុខភាពរបស់អ្នក?
ទឹកដូងគឺជាភេសជ្ជៈធម្មជាតិដ៏សាមញ្ញបំផុតមួយ តែសម្បូរទៅដោយអត្ថប្រយោជន៍ដែលអ្នកមិនគួរមើលរំលងចំពោះសុខភាពរបស់អ្នក។ រាងកាយរបស់អ្នកត្រូវការសារធាតុគីមីអេឡិចត្រូលីតដូចជាប៉ូតាស្យូមជាដើម ដើម្បីរក្សាចង្វាក់បេះដូងរបស់អ្នកឲ្យដំណើរការណ៍ប្រក្រតី នាំយកកាកសំណល់ចេញពីកោសិកា និងជារួមគឺដើម្បីឲ្យរាងកាយទាំងមូលដំណើរការណ៍បានល្អ។
ចំពោះមនុស្សជំទង់ម្នាក់ តាមធម្មតាចាំបាច់ត្រូវការបរិមាណប៉ូតាស្យូមនេះចំនួន៣,៥១០មីលីក្រាមជារៀងរាល់ថ្ងៃ នេះបើយោងតាមការសិក្សាមួយរបស់អង្គការសុខភាពពិភពលោក ឬWorld Health Organization។
នៅក្នុងទឹកដូងផ្ទុកទៅដោយបរិមាណសារធាតុប៉ូតាស្យូមដ៏ច្រើន ដែលក្នុង១កែវ(២៤០ក្រាម)មានរហូតដល់ទៅ៦០០មីលីក្រាមឯណោះ។ ដោយសារតែ៩៥%នៃទឹកដូងគឺបង្កឡើងពីទឹក ហេតុនេះការទទួលទានទឹកដូងនឹងជួយរក្សាជាតិទឹកក្នុងរាងកាយរបស់អ្នកបានយ៉ាងល្អបំផុត។
មិនតែប៉ុណ្ណោះ ទឹកដូងក៏ថែមទាំងជួយឲ្យអ្នកផ្ចង់អារម្មណ៍បានល្អជាងមុន រក្សាតុល្យភាពកម្រិតpH រក្សាលំនឹងកម្ដៅរាងកាយរបស់អ្នក និងនាំយកមកនូវជីវជាតិបំប៉នដ៏មានប្រយោជន៍ជាច្រើនសម្រាប់អ្នកផងដែរ។
ម្យ៉ាងវិញទៀត បើសិនជាអ្នកចង់ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកពេលព្រឹកព្រលឹមជាមួយនឹងទឹកដូងនៅពេលពោះទទេនៅឡើយ ក៏វាមិនមានផលប៉ះពាល់អវិជ្ជមានអ្វីដល់សុខភាពអ្នកដែរ ព្រោះថាទឹកដូងមានកម្រិតជាតិអាស៊ីដទាបបំផុត៕
ប្រែសម្រួល៖ ស្រីពៅ