មួយ​ខែ​ៗ​អស់​លុយ​​ទូរស័ព្ទ​​​ច្រើន​ណាស់​មែន​ទេ? ខាង​ក្រោម​នេះជា​មធ្យោបាយ​​អាច​ជួយ​សន្សំ​ថវិកា​ ប្រសិន​បើ​អ្នក​មិនទាន់​ចេះប្រើ ​​



មួយ​ខែ​ៗ​គ្រាន់​តែ​លុយ​បញ្ចូល​កាត​ទូរស័ព្ទ​មិន​ដឹង​ជា​អស់​ប៉ុន្មាន​ដុល្លា​ ហើយ​បើ​គណនា​យ៉ាង​តិច​សម្រាប់​អ្នក​ប្រើ​ប្រាស់នៅ​កម្ពុជា​យើង​ក៏​​អស់​ ៤​ដុល្លារ​ដែរ​សម្រាប់​អ្នក​ប្រើ​  SIM មួយ ហើយ​សម្រាប់​តែការ​ប្រើ​ប្រាស់​​ក្នុង​ប្រព័ន្ធប៉ុណ្ណោះ។ ពេល​ខ្លះ​ អ្នក​ចំណាយ​ទៅ​លើ​រឿង​ដែល​អ្នក​មិន​គួរ​ចំណាយ។ ប្រសិន​អ្នក​ធ្វើ​គន្លឹះ​ខាង​ក្រោម​នេះ​ ​​អ្នក​ពិត​ជា​អាច​កាត់​បន្ថយ​ការ​ចំណាយ​លុយ​ទូរស័ព្ទ​ជា​ពុំ​ខាត៖

១) ភ្ជាប់​ប្រព័ន្ធ​ឬ​គម្រោង​ត្រឹម​ត្រូវ៖ សម័យ​នេះ​ហើយ ក្រុមហ៊ុន​ទូរស័ព្ទ​នីមួយ​ៗ​សុទ្ធ​តែ​មាន​គម្រោង​ច្រើន​ណាស់​ដែល​អ្នក​អាច​​ជ្រើស​រើស​បាន​ ហើយ​ភាគ​ច្រើន​សុទ្ធ​តែ​​ជា​គម្រោង​អាច​ជួយ​សន្សំ​សំចៃ​​ថវិកា​បាន​ច្រើន​។ ប្រសិន​អ្នក​ពុំ​បាន​ភ្ជាប់​ប្រព័ន្ធ​នោះ​ទេ ក្រុមហ៊ុន​នឹង​កាត់​លុយ​របស់​អ្នក​ច្រើន​ណាស់។ គិត​ជា​មធ្យម​នៅ​កម្ពុជា​យើង​តម្លៃ​ពី ៥ សេន ទៅ ៧ សេន/នាទីសម្រាប់​តេ​ក្នុង​ប្រព័ន្ធ ៨ សេន/នាទី សម្រាប់​តេ​ក្រៅ​ប្រព័ន្ធ​ និង​យ៉ាង​ហោចណាស់​ ៣ សេន/នាទី​សម្រាប់​ការ​តេ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ដូច្នេះ​ច្បាស់​ណាស់​ថា​ ​ប្រសិន​​​បើ​​​អ្នក​ជ្រើស​រើស​ប្រព័ន្ធ​មិន​ត្រឹម​ត្រូវ ​អ្នក​ក៏​ត្រូវ​អស់​លុយ​ច្រើន​ដែរ។​

២) កុំ​ភ្ជាប់ ​call tune និង​សេវាកម្ម​ផ្សេងៗ​ទៀត៖ ​ភ្ជាប់ ​call tune​ ឬ​សេវាកម្ម​ផ្សេងៗ​ទៀត​ក្នុង​មួយ​ខែ ក្រុមហ៊ុន​កាត់​អស់​យ៉ាង​តិច​​ ៥០​សេន​ក្នុង​មួយ​សេវាកម្ម​។ វា​ជា​រឿង​ដែល​អ្នក​ពុំ​គួរ​ចំណាយ​​ទាល់តែសោះ​។​ ប្រសិន​ជា​ពុំ​ចាំ​បាច់ អ្នក​មិន​គួរ​ភ្ជាប់​call tune នោះ​ទេ។

៣) តេ Online ៖ វិធី​ម៉្យាង​ទៀត​​គឺ​អ្នក​អាច​ធ្វើ​ការ​ហៅ​ចេញ​តាម Facebook Whatsapp Skype ដោយ​ឥត​គិត​ថ្លៃ​ហើយ​សំឡេង​ក៏​ច្បាស់​ល្អ​ទៀត។

៤) កុំ​និយាយ​​គ្នា​​ជា​ក្រុម​មាន​គ្នា​ច្រើន​នាក់៖ ការ​និយាយ​ទូរស័ព្ទ​ដែល​លើស​ពី​ពីរ​នាក់ ក្រុមហ៊ុន​កាត់​លុយ​សាហាវ​ណាស់។ ដូច្នេះ​ហើយ ប្រសិន​ជា​អាច​ អ្នក​គួរ​តែ​ទូរស័ព្ទ​ម្តង​ម្នាក់​ៗ​ឬ​ផ្ញើ​សារ​​ជំនួស​វិញ៕

ដោយ៖ អឹុង មុយយូ

X
5s