តើការតាំងលម្អកូនរុក្ខជាតិក្នុងកន្លែងធ្វើការមានអត្ថប្រយោជន៍អ្វីខ្លះ?
ទំនាក់ទំនងរបស់មនុស្សលោកនិងធម្មជាតិគឺមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ។ ដើមឈើនិងរុក្ខជាតិមានប្រយោជន៍ជាច្រើនសម្រាប់ជីវិតរបស់ការរស់រានមានជីវិតរបស់មនុស្សយើង។
វាមិនខាតបង់អ្វីឡើយក្នុងការតាំងលម្អកូនរុក្ខជាតិបន្តិចបន្តួចនៅកន្លែងធ្វើការនោះ ហើយវាក៏ថែមទាំងមានគុណសម្បត្តិសំខាន់ៗដូចខាងក្រោមនេះដែលអ្នកគួរចាប់អារម្មណ៍ដែរ។
១) បង្កើនប្រសិទ្ធភាពការងារនិងភាពច្នៃប្រឌិត៖ យោងតាមការសិក្សាមួយរបស់ Exeter University បានរកឃើញថាការតាំងលម្អកូនរុក្ខជាតិនៅក្នុងកន្លែងធ្វើការ បានធ្វើឲ្យការចងចាំរបស់បុគ្គលិកអាចរក្សាទុកបានយូរហើយប្រសិទ្ធភាពការងារមានការកើនឡើង១៥%ប្រសើរជាងមុន។ រីឯការសិក្សាមួយទៀតមកពីសាកលវិទ្យាល័យដដែលនេះ ក៏បានរកឃើញបន្ថែមថាភាពច្នៃប្រឌិតរបស់បុគ្គលិកបានកើនឡើងប្រសើរជាងមុន៣៥%នៅពេលមានកូនរុក្ខជាតិតាំងលម្អក្នុងកន្លែងធ្វើការ។ នេះអាចមកពីមនុស្សយើងមានទំនាក់ទំនងជាមួយធម្មជាតិ ហើយរុក្ខជាតិនេះក៏បានធ្វើឲ្យយើងមានអារម្មណ៍ស្ងប់និងស្រស់ស្រាយ។
២) ខ្យល់អាកាសបរិសុទ្ធ៖ វត្តមានរបស់រុក្ខជាតិអាចកាត់បន្ថយឧស្ម័នកាបូនិចបានរហូតដល់ទៅ៥០% ថែមទាំងអាចកាត់បន្ថយភាគល្អិតកខ្វក់ដូចជាធូលី និងមេរោគបាក់តេរីផ្សេងៗដែលអាចបង្កជំងឺដល់អ្នកក៏ដូចជាមិត្តរួមការងាររបស់អ្នក។ ម្យ៉ាងទៀត កូនរុក្ខជាតិក៏អាចជួយកាត់បន្ថយបរិយាកាសអាប់អួដែលបង្កជាអារម្មណ៍តានតឹងនិងធុញថប់ដល់អ្នកផងដែរ។
៣) ផ្ដល់សោភណភាពដល់បរិយាកាសធ្វើការរបស់អ្នក៖ កូនរុក្ខជាតិមិនត្រឹមតែមានប្រយោជន៍ចំពោះសុខភាពផ្លូវចិត្តរួមទាំងប្រសិទ្ធភាពការងាររបស់អ្នកប៉ុណ្ណោះទេ តែវាក៏ផ្ដល់ជាទេសភាពលម្អដ៏សាមញ្ញមួយដល់បរិយាកាសការងាររបស់អ្នក ហើយក៏អាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនដែលចេញចូលកន្លែងធ្វើការរបស់អ្នកដែរ៕
ប្រភព៖ success ប្រែសម្រួល៖ ស្រីពៅ