វិធីសាស្ត្រ ៣យ៉ាងដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកឲ្យមានថាមពលខ្លាំងក្លា​



ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ដើរតួ​សំខាន់​ណាស់​សម្រាប់​ការពារ​អ្នក​ពី​មេរោគ​ផ្សេងៗ​ដែល​អាច​បង្ក​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ដល់​អ្នក​បាន។ ហេតុនេះ​ការ​ថែទាំ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ឲ្យ​មាន​ថាមពល​ខ្លាំងក្លា​គឺជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ធ្វើ ហើយ​៣​ចំណុច​ខាងក្រោម​នេះ​ដែរ​គឺជា​អ្វី​ដែល​អ្នក​គួរ​ដឹង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​គេហទំព័រ powerofpositivity៖

១) គេង​ឲ្យ​បាន​គ្រប់គ្រាន់៖ នៅ​ពេល​អ្នក​គេង កោសិកា​របស់​អ្នក​នឹង​ត្រូវ​បាន​ជួសជុល​ហើយ​កោសិកា​ថ្មីៗ​ក៏​ត្រូវ​បាន​ផលិត​ជា​បន្ត​បន្ទាប់​ទៀត ហេតុនេះ​ហើយ​ទើប​វា​ជា​រឿង​សំខាន់​បំផុត​មួយ​ដែល​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ឲ្យ​រាងកាយ​និង​ខួរក្បាល​របស់​អ្នក​សម្រាក​គ្រប់គ្រាន់​ជា​រៀងរាល់​យប់។ នៅ​ពេល​អ្នក​គេង​គ្រប់គ្រាន់ នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ក៏​មាន​ថាមពល​ខ្លាំងក្លា​សម្រាប់​ការពារ​អ្នក​ទប់ទល់​នឹង​មេរោគ​រាតត្បាត​ផ្សេងៗ​ពី​ខាងក្រៅ​មក​ដែរ។

២) វីតាមីនC៖ វីតាមីនC បើ​និយាយ​ចំពោះ​ដំណើរការណ៍​រាងកាយ​របស់​មនុស្ស​ពិត​ជា​ដើរតួ​សំខាន់​ណាស់។ វីតាមីនC​ជួយ​ព្យាបាល​អ្នក​នៅ​ពេល​អ្នក​គ្រុន​ផ្ដាសាយ ហើយ​វា​ថែមទាំង​អាច​ជួសជុល​ក៏​ដូចជា​ផលិត​ជាលិកា ជួយ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក និង​ដើរ​តួ​ជា​សារធាតុ​ធម្មជាតិ​ដែល​ការពារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ផង​ដែរ។ មាន​វិធី​ជាច្រើន​ដែល​អ្នក​អាច​បញ្ចូល​វីតាមីនC​ក្នុង​រាងកាយ​របស់​អ្នក ដូចជា​តាមរយៈ​ការ​ទទួលទាន​ផ្លែក្រូច​ឬ​ទឹក​ក្រូច​ច្របាច់​ស្រស់ៗ ផ្លែ​ប៉េងប៉ោះ ផ្លែ​ត្រសក់ស្រូវ ម្ទេសប្លោក​ពណ៌​ក្រហម​ឬ​បៃតង និង​ផ្កា​ខាត់ណា​ប្រូកូលី​ជាដើម។

៣) អាហារ​ដែល​សម្បូរ​ជាតិ​ស័ង្កសី៖ មនុស្ស​ភាគច្រើន​ខ្វះ​នូវ​សារធាតុ​ដ៏​សំខាន់​មួយ​នេះ។ ជាតិ​ស័ង្កសី​ជួយ​ទប់ទល់​រាងកាយ​អ្នក​ពី​មេរោគ​បាក់តេរី​ផ្សេងៗ និង​ជួយ​រក្សា​លំនឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក ហើយ​វា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ជួសជុល​កោសិកា​ផង​ដែរ។ សណ្ដែក​ខៀវ ពោត ផ្លែ​ប៊ឺរី និង​ទំពាំងបាយជូរ​ក្រៀម​ជាដើម សុទ្ធតែ​ជា​ប្រភព​នៃ​ជាតិ​ស័ង្កសី​ដ៏​ល្អ​សម្រាប់​អ្នក៕

ដោយ៖ ស្រីពៅ

X
5s