បញ្ហាសុខភាពចំនួន ៣ មានមូលហេតុមកពីខ្វះជាតិទឹកក្នុងខ្លួន
រាងកាយរបស់អ្នកដើម្បីដំណើរការណ៍បានប្រក្រតី ពិតជាមិនអាចខ្វះបានឡើយនូវវត្តមានរបស់ទឹក ដែលជារបស់សាមញ្ញនិងសម្បូរបំផុតដែលអ្នកអាចរកបាននៅជុំវិញខ្លួនអ្នក។
មានបញ្ហាសុខភាពជាច្រើនដែលកើតឡើងដោយមិននឹកស្មានដល់ថាមានមូលហេតុចេញមកពីកង្វះជាតិទឹកនោះឡើយ ហើយបញ្ហាសុខភាពចំនួន ៣នៅខាងក្រោមនេះ ដែលកើតឡើងដោយសារតែអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់នោះ យោងតាមការចុះផ្សាយរបស់គេហទំព័រ power of positivity ។
១) ឈឺក្បាលធេងធោង៖ កង្វះជាតិទឹកក៏បានធ្វើឲ្យខួរក្បាលរបស់អ្នកបាត់បង់ជាតិទឹកដែរ នៅពេលនោះខួរក្បាលរបស់អ្នកនឹងរួមតូច ដែលនេះក៏បានផ្ដល់សញ្ញាដល់កោសិកាដែលមាននាទីឆ្លើយតបនឹងការឈឺចាប់ ទើបជាមូលហេតុបណ្ដាលឲ្យអ្នកទទួលអារម្មណ៍ថាឈឺក្បាលធេងធោងនេះឯង។ ម្យ៉ាងទៀត កង្វះជាតិទឹកក៏មានឥទ្ធិពលធ្វើឲ្យឈាមនិងអុកស៊ីហ្សែនដែលត្រូវបញ្ជូនទៅខួរក្បាលមានតិចជាងមុន ដែលបានរួមចំណែកដល់អាការឈឺក្បាលរបស់អ្នកយ៉ាងចម្បងផងដែរ។
២) ការឆ្លងមេរោគដល់តម្រងនោម៖ នៅពេលអ្នកទទួលទានទឹកបានច្រើន នោះអ្នកក៏បញ្ចេញចោលច្រើននូវកាកសំណល់ជាតិពុលផ្សេងៗដែលមាននៅក្នុងរាងកាយអ្នកទៅជាមួយដែរ។ យ៉ាងណាមិញ បើសិនជាអ្នកមិនសូវទទួលទានទឹកទេ នោះកាកសំណល់ពុលទាំងនោះ នឹងប្រមូលផ្ដុំគ្នានៅក្នុងប្រព័ន្ធតម្រងនោមរបស់អ្នកបង្កជាមេរោគបាក់តេរី បន្ទាប់មកវានឹងនាំបញ្ហាដល់តម្រងនោមរបស់អ្នក។
៣) សម្ពាធឈាមឡើងខ្ពស់៖ កង្វះជាតិទឹកបាននាំជាការលំបាកដល់ឈាមរបស់អ្នកនៅក្នុងការធ្វើដំណើរ និងធ្វើឲ្យមានកម្រិតសូដ្យូមខ្ពស់ក្នុងឈាម។ នៅពេលមានហេតុការណ៍នេះកើតឡើង នោះវានឹងនាំឲ្យសម្ពាធឈាមរបស់អ្នកកើនឡើងខ្ពស់ និងបញ្ហាផ្សេងទៀតកើតមានផងដែរ៕
ដោយ៖ ស្រីពៅ