ដឹងទេថា មានអាហារអ្វីខ្លះដែលបំផ្លាញអត្ថប្រយោជន៍ជាតិកាល់ស្យូមផ្ដល់ដល់រាងកាយអ្នក?
កាល់ស្យូមដើរតួសំខាន់ណាស់សម្រាប់ដំណើរការណ៍ក្នុងរាងកាយរបស់អ្នក។ តួនាទីរបស់វាមានលើសពីការពង្រឹងសាច់ដុំនិងថែទាំធ្មេញរបស់អ្នកឲ្យរឹងមាំ ព្រោះថារាងកាយរបស់អ្នកក៏ត្រូវការកាល់ស្យូមដើម្បីរក្សាកោសិកាឲ្យមានសុខភាពល្អ និងការបញ្ចេញអ័រម៉ូន ហើយបើអ្នកខ្វះជាតិកាល់ស្យូម អ្នកងាយនឹងប្រឈមមុខនឹងហានិភ័យពីជំងឺពុកឆ្អឹង ជ្រុះសក់ ផុយក្រចក ឆាប់អស់កម្លាំង ថែមទាំងអាចឈានដល់ការប្រកាច់បានដែរ។
ដូច្នេះហើយវាជារឿងចាំបាច់បំផុតដែលអ្នកត្រូវទទួលទានជាតិកាល់ស្យូមឲ្យបានចន្លោះពី១០០០ទៅ១៥០០មីលីក្រាមជារៀងរាល់ថ្ងៃ។ ប៉ុន្តែ ជាតិកាល់ស្យូមដែលអ្នកបានទទួលទានអាចនឹងក្លាយជាឥតប្រយោជន៍ដោយសារវត្តមានរបស់អាហារ៣ប្រភេទខាងក្រោមនេះបាន៖
១) សូដ្យូម៖ អាហារដែលសម្បូរជាតិសូដ្យូមមិនមែនមានវត្តមានតែនៅក្នុងអាហារដែលប្រើប្រាស់អំបិលច្រើននោះទេ តែវាក៏សម្បូរនៅក្នុងប្រភេទអាហារស្រាប់ៗដែលត្រូវបានច្រកក្នុងកំប៉ុងវេចខ្ចប់រួចជាស្រេចផងដែរ។ បើអ្នកទទួលទានអាហារដែលសម្បូរជាតិកាល់ស្យូមច្រើន តែក្នុងពេលតែមួយក៏ទទួលទានអាហារដែលសម្បូរជាតិសូដ្យូមច្រើនដែរនោះ នោះអត្ថប្រយោជន៍ពីកាល់ស្យូមនឹងត្រូវខាតបង់ជាក់ជាពុំខាន។
២) កាហ្វេអ៊ីន៖ ដោយសារតែសារធាតុកាហ្វេអ៊ីនមានឥទ្ធិពលទៅលើកម្រិតដែលសរីរាង្គបញ្ចេញចោលកាកសំណល់របស់អ្នកធ្វើការ នោះនៅពេលដែលអ្នកទទួលយកសារធាតុកាហ្វេអ៊ីនចូលក្នុងរាងកាយ វាក៏នឹងនាំយកទៅជាតិកាល់ស្យូមដែលមានប្រយោជន៍សម្រាប់អ្នកទៅជាមួយដែរ។
៣) អាល់កុល៖ បើទោះជាការសិក្សានៅមិនទាន់រកឃើញជាក់លាក់ថាតើជាតិអាល់កុលមានផលប៉ះពាល់ដល់ការបាត់បង់កាល់ស្យូមកម្រិតប៉ុន្មាននៅក្នុងរាងកាយអ្នកក៏ដោយ ក៏អាល់កុលត្រូវបានគេរកឃើញពីឥទ្ធិពលអវិជ្ជមានដែលវាមានទៅលើរបៀបដែលកាល់ស្យូមត្រូវបានស្រូបយកដោយរាងកាយរបស់អ្នកដែរ៕
ប្រភព៖ lifehack ប្រែសម្រួល៖ ស្រីពៅ