រោគសញ្ញាឈឺចុកចាប់រាងកាយចំនួន៣ដែលអ្នកមិនគួរព្រងើយកន្តើយ
អាការឈឺផ្នែករាងកាយខ្លះម្ដងម្កាលជួបប្រទះម្ដង នោះវាមិនគួរជាបញ្ហាអ្វីនោះទេ។ ប៉ុន្តែបើដូចមានរៀបរាប់ខាងក្រោម នោះវាជារោគសញ្ញាដ៏ធ្ងន់ធ្ងរមួយដែលអ្នកមិនគួរព្រងើយកន្តើយនោះឡើយដែលចុះផ្សាយដោយ powerofpositivity។
១) ឈឺចុកចាប់ត្រង់ពោះវៀន៖ អាការឈឺចុកចាប់ត្រង់ពោះវៀនអាចចាត់ទុកថាជាបញ្ហាធម្មតាសម្រាប់មនុស្សភាគច្រើន។ យ៉ាងណាមិញបើអ្នកសង្កេតឃើញថាអាការឈឺចុកចាប់របស់អ្នកចម្លែកខុសប្រក្រតី និងមានសភាពធ្ងន់ធ្ងរ នោះអ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញហើយ ព្រោះថាការឈឺចុកចាប់ពោះវៀននេះអាចបណ្ដាលមកពីមូលហេតុផ្សេងៗគ្នាជាច្រើនដែលក្នុងនោះក៏អាចមានបញ្ហាធ្ងន់ធ្ងរដូចជារលាកលំពែង ក្រួសក្នុងថង់ទឹកប្រមាត់ ឬក៏អាចជាការមានផ្ទៃពោះក្រៅស្បូនផងដែរ។
២) ឈឺក្បាល៖ នរណាក៏សុទ្ធតែធ្លាប់មានអាការឈឺក្បាលដែរ ប៉ុន្តែបើសិនជាអាការឈឺក្បាលរបស់អ្នកមានសភាពធ្ងន់ធ្ងរខ្លាំង នោះវាអាចមកពីមូលហេតុផ្សេងដែលធ្ងន់ធ្ងរលើសពីការរំពឹងទុករបស់អ្នកបាន។ បើសភាពឈឺក្បាលរបស់អ្នកមានកម្រិតធ្ងន់ធ្ងរខ្លាំង នោះវាអាចបណ្ដាលមកពីជំងឺម្យ៉ាងដែលជាប្រភេទនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដែលសរសៃឈាមបានដាច់ធ្លាយហើយហូរឈាមចូលទៅក្នុងតំបន់ណាមួយក្នុងខួរក្បាលរបស់អ្នក និងបំផ្លាញខួរក្បាលរបស់អ្នកមិនអាចដំណើរការណ៍បានប្រក្រតី ឬក៏អាចបណ្ដាលមកពីដុំសាច់ដុះក្នុងខួរក្បាលបានដែរ។ ហេតុនេះហើយបើសិនជាអ្នកឈឺក្បាលធ្ងន់ធ្ងរខ្លាំង អ្នកមិនគួរព្រងើយកន្តើយនឹងរោគសញ្ញានេះឡើយ ហើយត្រូវប្រញាប់ទៅជួបគ្រូពេទ្យកាន់តែឆាប់កាន់តែល្អ។
៣) ឈឺជើង៖ អ្នកអាចនឹងឈឺជើងឬកំភួនជើងក្រោយពេលធ្វើលំហាត់ប្រាណរួច ឬដើរចម្ងាយឆ្ងាយច្រើនម៉ោង ដែលនេះគឺជារឿងធម្មតានោះទេ។ យ៉ាងណាមិញ បើសិនជាសុខៗស្រាប់តែអ្នកឈឺចុកចាប់ត្រង់ជើងឬត្រង់កំភួនជើងរបស់អ្នកខ្លាំងដោយគ្មានមូលហេតុច្បាស់លាស់ នោះអ្នកក៏មិនគួរមើលរំលងរោគសញ្ញានេះដែរ។ ការឈឺចុកចាប់ជើងឬដុំកំភួនជើង អាចមានមូលហេតុមកពីមានកំណកឈាមនៅក្នុងកំភួនជើងរបស់អ្នក ហើយបើអ្នកមិនប្រញាប់ពិនិត្យព្យាបាលវាទេ នោះកំណកឈាមនេះអាចនឹងធ្វើដំណើរទៅកាន់សួតរបស់អ្នក ហើយធ្វើឲ្យមានកំណកឈាមក្នុងសួតរបស់អ្នកវិញ នៅពេលមកដល់ដំណាក់កាលនេះវាអាចឈានទៅដល់ការស្លាប់បាន៕
ដោយ៖ ស្រីពៅ