មូលហេតុ​ ៤យ៉ាង​ដែល​ជា​ដើម​ហេតុ​នៃ​អាការ​វិលមុខ​ឈឺក្បាល​



អាការ​ឈឺក្បាល​វិលមុខ ​គឺជា​រឿង​ធម្មតា​ដែល​នរណា​ក៏​សុទ្ធតែ​ធ្លាប់​មាន​ដូចៗ​គ្នា​ដែរ។ ប៉ុន្តែ​មាន​ពេល​ខ្លះ​យើង​មិន​ដឹង​ថា​តើ​មូលហេតុ​អ្វី​ទៅ​ទើប​នាំឲ្យ​មាន​អាការ​បែប​នោះ​នោះ​ឡើយ ហេតុនេះ​យើង​ក៏​មិន​ដឹង​ថា​ត្រូវ​ព្យាបាល​អាការ​នោះ​ដោយ​របៀប​ណា​ដែរ។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​៤យ៉ាង​ដែល​ជា​ដើម​ហេតុ​នៃ​អាការ​វិលមុខ​ឈឺក្បាល ដែល​អ្នក​អាច​សង្កេត​លើ​ខ្លួន​ឯង​បាន៖

១) ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន

នៅ​ពេល​រាងកាយ​អ្នក​ខ្វះ​ជាតិ​ទឹក វា​នឹង​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​របស់​អ្នក​ធ្លាក់​ចុះ ដែល​ជា​មូលហេតុ​មួយ​ធ្វើឲ្យ​អ្នក​ឈឺ​ក្បាល​ធេងធោង។ កង្វះ​ជាតិ​ទឹក​អាច​កើត​មាន​ក្រោយ​ពី​អ្នក​ស្ថិត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង​ច្រើន​ម៉ោង​ពេក ឬ​ក្រោយ​ពី​បញ្ចេញ​ជាតិ​ញើស​ច្រើន​តាមរយៈ​ការ​ហាត់ប្រាណ​ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ ឬ​ក៏​អាច​កើត​មក​ពី​ការ​ទទួលទាន​កាហ្វេ​និង​សារធាតុ​អាល់កុល​ជាដើម។

២) កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប

ការ​មិន​ទទួលទាន​អាហារ ឬ​ក៏​ជា​ឥទ្ធិពល​ដែល​ទទួល​រង​មក​ពី​ថ្នាំ​ពេទ្យ​ផ្សេងៗ​ដែល​អ្នក​បាន​ប្រើប្រាស់​និង​មាន​ឥទ្ធិពល​ធ្វើឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ធ្លាក់​ចុះ ក៏​ជា​មូលហេតុ​មួយ​ដែល​នាំឲ្យ​អ្នក​វិលមុខ​ឈឺក្បាល​បាន​ដែរ។

៣) ស្ត្រេស ​តប់ប្រមល់​ច្រើន

ផ្លូវចិត្ត​របស់​អ្នក​មាន​ទំនាក់ទំនង​មិន​ដាច់​ពី​គ្នា​ជាមួយ​នឹង​ដំណើរការណ៍​សរីរាង្គ​ទាំងឡាយ​ក្នុង​រាងកាយ​របស់​អ្នក។ ហេតុ​ដូច្នេះ​ហើយ នៅ​ពេល​អ្នក​ទទួល​អារម្មណ៍​ថា​ស្មុគស្មាញ​ខ្លាំង អ្នក​គួរតែ​រក​វិធីសាស្ត្រ​បែប​ណា​ដើម្បី​អាច​ឲ្យ​ខ្លួនឯង​បន្ធូរ​អារម្មណ៍​បាន​ធូរស្បើយ​និង​សប្បាយ​ចិត្ត​ជាង​មុន​ទើប​ជា​ការ​ប្រសើរ។

៤) កង្វះ​កោសិកា​ឈាម​ក្រហម

អ្នក​ដែល​មាន​ជំងឺ​ខ្វះ​កោសិកា​ឈាម​ក្រហម ឬ​ស្ត្រី​ទាំងឡាយ​ដែល​មក​រដូវ​ធ្លាក់​ឈាម​អស់​ច្រើន សុទ្ធតែ​អាច​ប្រឈម​មុខ​នឹង​អាការ​ឈឺក្បាល​វិលមុខ៕

X
5s