តើអ្វីខ្លះគឺជាឫសគល់នៃបញ្ហាជ្រុះសក់ ?
បញ្ហាជ្រុះសក់កើតឡើងទាំងចំពោះបុរសនិងស្ត្រី។ បញ្ហានេះអាចមានឫសគល់ចេញមកពីមូលហេតុជាច្រើនយ៉ាង ប៉ុន្តែទោះជាយ៉ាងណា មូលហេតុចំនួន ៥ខាងក្រោមយោងតាមការចុះផ្សាយរបស់គេហទំព័រ quickanddirtytips.com គឺជាមូលហេតុដ៏ពេញនិយមជាងគេដែលអាចកើតឡើងចំពោះអ្នកដែលមានបញ្ហាសក់ជ្រុះជាទូទៅបាន៖
១) ភាពមិនប្រក្រតីនៃក្រពេញទីរ៉ូអ៊ីត
ក្រពេញទីរ៉ូអ៊ីតដែលស្ថិតនៅចន្លោះកណ្ដាលករបស់អ្នក មានតួនាទីមើលការខុសត្រូវទៅលើប្រព័ន្ធរំលាយអាហាររបស់អ្នក រួមទាំងមុខងារសំខាន់ៗដទៃផ្សេងជាច្រើនទៀតផងដែរ។ បើក្រពេញទីរ៉ូអ៊ីតរបស់អ្នកបិទមិនដំណើរការណ៍ នោះវានឹងផលិតនូវអ័រម៉ូនទីរ៉ូអ៊ីតតិចជាងមុន នៅពេលនោះវាក៏អាចបិទដំណើរការណ៍ផ្សេងៗទៀតក្នុងរាងកាយរបស់អ្នកមិនឲ្យដំណើរការណ៍ប្រក្រតីដូចមុនទៀតដែរ។ ដំណើរការណ៍ក្នុងរាងកាយរបស់អ្នកនឹងប្រែប្រួលជាយឺតជាងមុន ជាហេតុនាំឲ្យអ្នកមានអារម្មណ៍ឆាប់អស់កម្លាំងល្ហិតល្ហៃ ឆាប់បាក់ទឹកចិត្ត ហើយដំណើរការណ៍ពោះវៀនរបស់អ្នកក៏យឺតជាងមុន ដែលធ្វើឲ្យអ្នកអាចមានបញ្ហាទល់លាមកឬពិបាកក្នុងការបន្ទោបង់ ស្បែកចាប់ផ្ដើមប្រែជាស្ងួត ហើយសក់របស់អ្នកក៏ជ្រុះច្រើននេះឯង។
២) មានស្ត្រេសច្រើន
ជាការពិតណាស់ស្ត្រេសខ្លាំងអាចធ្វើឲ្យអ្នកជ្រុះសក់អស់ច្រើនរយៈពេល៣ទៅ៤ខែជាប់ៗគ្នាបាន។ ធ្វើអារម្មណ៍របស់ខ្លួនឯងឲ្យសប្បាយៗ នោះអ្នកមិនត្រឹមតែអាចព្យាបាលបញ្ហាជ្រុះសក់របស់អ្នកឲ្យត្រឡប់មកដូចធម្មតាវិញនោះទេ តែអ្នកខ្លួនឯងក៏មានសេចក្ដីសុខ នោះទើបអ្នកអាចធ្វើការងារផ្សេងៗរបស់អ្នកបានប្រកបដោយជោគជ័យបាន។
៣) កង្វះជាតិដែក
ចំពោះស្ត្រីដែលមករដូវតែងតែប្រឈមមុខជាមួយនឹងកង្វះជាតិដែកនេះ នៅពេលដែលខ្វះកោសិកាឈាមក្រហមអំឡុងពេលធ្លាក់រដូវម្ដងៗ។ មិនតែប៉ុណ្ណោះចំពោះអ្នកដែលបរិភោគអាហារបួស ឬតមសាច់សត្វ ក៏អាចប្រឈមមុខជាមួយនឹងកង្វះជាតិដែកនេះយ៉ាងធ្ងន់ធ្ងរផងដែរ ជាហេតុនាំឲ្យពួកគេអាចនឹងប្រឈមមុខនឹងបញ្ហាជ្រុះសក់ច្រើនបាន។
៤) មានផ្ទៃពោះ
នៅពេលមានផ្ទៃពោះ វាអាចជារឿងធម្មតានោះទេសម្រាប់ស្ត្រីភាគច្រើនដែលជួបនឹងបញ្ហាជ្រុះសក់ច្រើន ព្រោះថានៅក្រោយពេលសម្រាលកូនរួច សក់របស់ពួកគេនឹងវិលត្រឡប់ទៅដូចសភាពដើមវិញហើយ។
៥) តំណពូជ
មនុស្សភាគច្រើនដែលមានបញ្ហាជ្រុះសក់ច្រើនច្រើនតែមានមូលហេតុដែលមានឫសគល់ចេញមកពីតំណពូជនេះ។ ពួកគេអាចមានម្ដាយឬឪពុកដែលមានបញ្ហាជ្រុះសក់នេះដែរ ទើបនាំឲ្យពួកគេអាចតំណហ្សែនលក្ខណៈនេះពីឪពុកឬម្ដាយឬសាច់ញាតិក្រុមគ្រួសាររបស់ពួកគេមកបែបនោះដែរ៕
ដោយ៖ ស្រីពៅ