ពណ៌ដែលប្រើប្រាស់សម្រាប់ ម៉ាកយីហោ (Brand) មួយៗសុទ្ធតែមានអត្ថន័យ និងសារៈសំខាន់របស់វា
មុនពេលដំណើរការពាណិជ្ជកម្មឬក្រុមហ៊ុននីមួយៗ ថៅកែ ឬម្ចាស់ក្រុមហ៊ុន តែងតែរិះរក និងកំណត់ពណ៌ដែលពួកគាត់ ចង់ប្រើប្រាស់ក្នុងម៉ាកយីហោជានិច្ចព្រោះពណ៌អាចជាវិធីមួយដែលជួយផ្សព្វផ្សាយខ្លឹមសារនិងម៉ាកយីហោឱ្យអតិថិជន និងសាធារណជនឆាប់ស្គាល់។
ការជ្រើសរើសពណ៌ឲ្យបានត្រឹមត្រូវ និងមានអត្ថន័យឆ្លុះបញ្ចាំងពីក្រុមហ៊ុន គឺមិនមែនជារឿងងាយស្រួលនោះឡើយ។ ការជ្រើសរើសពណ៌បានត្រឹមត្រូវពិតជាសំខាន់។ ខាងក្រោមនេះជាអត្ថន័យនៃពណ៌ទាំង៤ដែលគេនិយមប្រើប្រាស់បំផុតនៅតាមក្រុមហ៊ុនធំៗបើតាមការចុះផ្សាយដោយ visual.ly៖
១) ពណ៌លឿង៖ ពណ៌លឿង គឺជាពណ៌ដែលលេចធ្លោ មនុស្សងាយស្រួលមើលឃើញ។ ហើយពណ៌នេះច្រើនតែប្រើប្រាស់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ បង្កើនភាពសប្បាយរីករាយឬឲ្យបានអារម្មណ៍កក់ក្ដៅជាដើម។ អ្នករកឃើញពណ៌លឿងក្នុងម៉ាកយីហោដូចជា McDonald Nikon ជាដើម។
២) ពណ៌ក្រហម៖ ពណ៌ក្រហមគឺជាពណ៌ដែលបង្ហាញអំពីចំណង់ ឬ ក្ដីស្រឡាញ់និងជួយបង្កើនអារម្មណ៍មនុស្សឲ្យមានថាមពល។ ម៉ាកដែលមានពណ៌ក្រហមមានដូចជា Red Bull Energy Drink, Canon, CocaCola, Toyota។ល។
៣) ពណ៌ខ្មៅ៖ ពណ៌ខ្មៅគឺជាពណ៌មួយដែលមិនសូវរើសផលិតផលព្រោះវាសាមញ្ញប៉ុន្តែវាបង្ហាញពីភាពប្រណិត ឬកាលីប។ ហើយពណ៌ខ្មៅច្រើនតែបង្ហាញពីអំណាច ភាពអាថ៌កំបាំងនិងភាពតែឯង។ ម៉ាកយីហោដែលមានពណ៌ខ្មៅមានដូចជា៖ Apple, Louis Vuition, Mercedes...។
៤) ពណ៌ខៀវ៖ ពណ៌ខៀវគឺជាពណ៌បង្ហាញភាពស្ងប់ស្ងាត់ ភាពជោគជ័យឬសន្តិភាព។ អ្នករកឃើញមើលម៉ាកយីហោដែលប្រើប្រាស់ពណ៌ខៀវដូចជាម៉ាកយីហោពេទ្យនិងខាងរដ្ឋាភិបាលជាដើម ដូចជា United Nations ដែលមានពណ៌សលាយពណ៌ខៀវ UNICEF ឬ UN environment ។ល៕
ដោយ៖ អឹុង មុយយូ