មាន​អ្វី​កើត​ឡើង​ខ្លះ​ប្រសិន​អ្នក​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឲ្យ​បាន​ទៀងទាត់​?​



អ្នក​ខ្លះ​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ដោយ​សារ​​​ងើប​ពី​គេង​យឺត ពិសា​មិន​ទាន់ មិន​ឃ្លាន​​ឬ​ចាំ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ (Brunch) ​តែ​ម្ដង​ទៅ​ដើម្បី​សន្សំ​លុយ​បាន​ខ្លះ។ មិន​ថា​ហេតុផល​របស់​អ្នក​​​​ជា​អ្វី​នោះ​ទេ រំលង​អាហារ​ពេល​ព្រឹក​គឺ​មិន​ល្អ​ចំពោះ​សុខភាព​ឡើង។ ខាង​ក្រោម​នេះ​ជា​ហេតុ​អវិជ្ជមាន​ដែល​នឹង​កើត​ឡើង​ប្រសិន​អ្នក​​រំលង​ មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក៖

១) ​ផ្នែក​ប្រាជ្ញា​៖ ប្រសិន​អ្នក​មិន​ទទួល​ទាន​អាហារ​​​ពេល​ព្រឹក នោះ​អ្នក​ក៏​ខ្វះ​​ជីវជាតិ​ផង​ដែរ ពោល​គឺ​គ្មាន​វីតាមីន​ក្នុង​ខ្លួន​គ្រប់​គ្រាន់​ ​ហើយ​​គ្មាន​ជីវជាតិ​គ្រប់​គ្រាន់ ខួរ​ក្បាល​របស់​អ្នក​ក៏​មិន​ដំណើរ​ការ​បាន​ល្អ​ផង​ដែរ ​ដូច្នេះ​ហើយ​វា​អាច​ប៉ះពាល់​ដល់​ភាព​វ័យ​ឆ្លាត​និង​ការ​អភិវឌ្ឍន៍​របស់​ខួរ​ក្បាល។

២) ឡើង​គីឡូ៖ អ្នក​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា​មិន​ពិសា​អាហារ​ពេល​ព្រឹក ម៉េច​ទៅ​ឡើង​គីឡូ​ទៅ​វិញ? អស់​រយៈ​ពេល​មួយ​យប់ ខ្លួន​ប្រាណ​របស់​អ្នក​មិន​បាន​ទទួល​​អាហារ​អ្វី​នោះ​ទេ​ ហើយ​ប្រសិន​ជា​នៅ​ពេល​ព្រឹក អ្នក​មិន​ពិសា​អាហារ​ទៀត​ អ្នក​ច្បាស់​ជា​ឃ្លាន​ហើយ​ញាំ​ច្រើន​នៅ​ពេល​ថ្ងៃ​ទៅ​វិញ ដែល​នេះ​ជា​កត្តា​ដែល​ធ្វើ​​ឲ្យ​អ្នក​ឡើង​គីឡូ​ទៅ​វិញ។

៣) ខូច​ក្រពះ៖ នៅ​ពេល​ដែល​អ្នក​មិន​ទទួល​ទាន​អ្វី​សោះ ក្រពះ​របស់​អ្នក​មិន​មាន​អ្វី​ដើម្បី​កិន​នោះ​ទេ។ ហើយ​នៅ​ពេល​​ដែល​ក្រពះ​បញ្ចេញ​ជាតិ​អាស៊ីដ​មក​ទៀត​នោះ​ យូរ​ៗ​ទៅ​វា​កាត់​ក្រពះ​ ធ្វើ​ឲ្យ​ឈឺ​ក្រពះ។

៤) កម្រិត​ជាតិ​ស្ករ​ថយ​ចុះ៖ អាហារ​ពេល​ព្រឹក​ពិត​ជា​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ ហើយ​វា​អាច​ធ្វើ​ឲ្យ​​មួម៉ៅ​និង​ខឹង​ជា​និច្ច។ ព្រោះ​ប្រសិន​បើ​កម្រិត​ជាតិ​ស្ករ​ថយ​ចុះ ​អ្នក​មិន​សូវ​មាន​អារម្មណ៍​ល្អ​​ប៉ុន្មាន​នោះ​ទេ ពោល​គឺ​អ្នក​ងាយ​ខឹង​ខ្លាំង​ណាស់។ ម៉្យាង​វិញ​ទៀត ​ថាមពល​របស់​អ្នក​ក៏ ថយ​ចុះ​ផង​ដែរ​នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ថយ​ចុះ៕

 

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ eatthis.co

X
5s