អាហារ ៤ប្រភេទដែលអាចជួយទប់ទល់អ្នកពីមេរោគគ្រុនផ្ដាសាយបាន
នៅពេលមានជំងឺគ្រុនផ្ដាសាយ អ្នកប្រាកដជាមានអារម្មណ៍ថាអស់កម្លាំងល្ហិតល្ហៃ ចង់សម្រាកគេងឲ្យបានច្រើន និងមិនចង់ទទួលទានអ្វីនោះឡើយ។ ប៉ុន្តែ បើអ្នកមិនទទួលទានអ្វី នោះវានឹងកាន់តែធ្វើឲ្យសភាពជំងឺរបស់អ្នកចំណាយពេលយូរដើម្បីជះសះស្បើយ និងមានអារម្មណ៍ល្អឡើងវិញ។ ជាពិសេសគឺអាហារ៤ប្រភេទខាងក្រោម មានប្រយោជន៍ជាច្រើនដើម្បីព្យាបាលអ្នកពីរោគគ្រុនផ្ដាសាយនេះបាន៖
១) ស៊ុបមាន់៖ ស៊ុបមាន់មិនត្រឹមតែជួយប៉ូវកម្លាំងដល់អ្នកខណៈពេលអ្នកកំពុងតែល្ហិតល្ហៃអស់កម្លាំងដោយសារគ្រុនផ្ដាសាយប៉ុណ្ណោះទេ តែស៊ុបមាន់ក៏ប្រៀបបាននឹងឱសថដ៏ស័ក្ដិសិទ្ធិដែលអាចកាត់បន្ថយរោគសញ្ញាគ្រុនផ្ដាសាយផងដែរ។
២) ទឹកឃ្មុំ៖ ទឹកឃ្មុំសម្បូរទៅដោយសារធាតុពិសេសល្អៗជាច្រើន ដែលក្នុងនោះក៏អាចជួយទប់ទល់នឹងមេរោគបាក់តេរីពីជំងឺគ្រុនផ្ដាសាយបានដែរ ហើយកាន់តែប្រសើរទៅទៀតបើអ្នកមានតែបៃតងដើម្បីបានដាក់លាយជាមួយនឹងទឹកឃ្មុំ។ តែបៃតងមានគុណសម្បត្តិក្នុងការជួយជំរុញនូវការផលិតកោសិកាB ដែលជាប្រូតេអ៊ីនការពារខ្លួនដែលត្រូវបានផលិតដោយប្រព័ន្ធភាពស៊ាំរបស់អ្នក ដើម្បីប្រឆាំងជាមួយនឹងមេរោគរាតត្បាតទាំងឡាយ។
៣) ខ្ទឹមស៖ ខ្ទឹមសដើរតួដូចជាអង់ទីប៊ីយ៉ូទីក ដែលអាចកាត់បន្ថយរោគគ្រុនផ្ដាសាយរបស់អ្នកនិងជួយទប់ទល់នឹងមេរោគដទៃទៀតបានយ៉ាងមានប្រសិទ្ធភាពបំផុត។
៤) ផ្លែបឺរី៖ វាមានសារធាតុដែលប្រឆាំងនឹងមេរោគវីរុសផ្សេងៗ និងសម្បូរទៅដោយសារធាតុគីមីមួយប្រភេទដែលត្រូវបានផលិតដោយរុក្ខជាតិ ដែលមានប្រយោជន៍សម្រាប់ភាពរឹងមាំរបស់ប្រព័ន្ធភាពស៊ាំ ដើម្បីអាចទប់ទល់ជាមួយនឹងមេរោគដទៃ និងអាចឲ្យរោគគ្រុនផ្ដាសាយរបស់អ្នកកាន់តែឆាប់បានធូរសះស្បើយផងដែរ៕
ប្រភព៖ livestrong.com ប្រែសម្រួល៖ ស្រីពៅ