តើការច្រាល់ជាតិអាស៊ីដក្នុងក្រពះកើតឡើងមកពីអ្វី ហើយអាហារអ្វីខ្លះដែលអ្នកត្រូវចៀសវាង?​



អាហារ​ដែល​អ្នក​ទទួល​ទាន​ឆ្លងកាត់​តាម​បំពង់​អាហារ​របស់​អ្នក បន្ទាប់​មក​ត្រូវ​ឆ្លងកាត់​សន្ទះ​មួយ​រួច​ទើប​ចូល​ទៅ​កាន់​ក្រពះ​របស់​អ្នក។ សន្ទះ​ដែល​ជា​ច្រក​ទ្វារ​សម្រាប់​ចូល​ទៅ​ក្រពះ​របស់​អ្នក​នេះ នឹង​តែងតែ​បិទ​ភ្លាមៗ​នៅ​ពេល​អាហារ​បាន​ឆ្លងកាត់​វា​រួច។ យ៉ាងណាមិញ ក្នុង​ករណី​ដែល​សន្ទះ​នេះ​បើក​ញឹកញាប់​ពេក ជាតិ​អាស៊ីដ​ដែល​ផលិត​ចេញ​ពី​ក្រពះ​របស់​អ្នក​នឹង​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ដល់​បំពង់​អាហារ​របស់​អ្នក​បាន។

នៅ​ពេល​នេះ​ហើយ​ដែល​អ្នក​អាច​នឹង​មាន​បញ្ហា​ច្រាល់​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ។ ជំងឺ​នេះ​អាច​កើត​ចេញ​មក​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែល​អាច​មាន​ដូចជា ទទួលទាន​អាហារ​ច្រើនៗ​ឬ​ទម្រេត​ខ្លួន​គេង​ភ្លាមៗ​បន្ទាប់​ពី​ទទួលទាន​អាហារ​រួច ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ហិល ភេសជ្ជៈ​កាបូណាត​ដូចជា​កូកាកូឡា​និង​ទឹក​សូដា ភេសជ្ជៈ​ដែល​សម្បូរ​ជាតិ​អាល់កុល និង​អាច​ជា​កាហ្វេ​ឬ​តែ មាន​ទម្លាប់​ជក់​បារី ទទួលទាន​ថ្នាំ​អាស្ពីរីន ឬ​ថ្នាំ​បន្ថយ​សម្ពាធ​ឈាម​ជាដើម។

បើ​អ្នក​មាន​បញ្ហា​ច្រាល់​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ មាន​ប្រភេទ​អាហារ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ចៀសវាង ព្រោះ​ថា​អាហារ​ទាំងនោះ​នឹង​ធ្វើឲ្យ​អាស៊ីដ​ក្នុង​ក្រពះ​របស់​អ្នក​បញ្ចេញ​មក​ច្រើន​លើសលប់ ហើយ​ធ្វើឲ្យ​បញ្ហា​របស់​អ្នក​កាន់តែ​យ៉ាប់យ៉ឺន​ជាង​មុន​ទៅ​ទៀត។ អាហារ​ទាំងនោះ​មាន​ដូចជា​ផ្លែ​ប៉េងប៉ោះ ព្រោះ​ថា​វា​គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​អាស៊ីដ​ស៊ីទ្រិក​ដែល​មាន​នៅ​ក្នុង​ក្រូចឆ្មារ ផ្លែ​ក្រូច និង​ផ្លែ​ទំពាំងបាយជូរ ដែល​នៅ​ពេល​អ្នក​ទទួលទាន​ចូល​ទៅ វា​នឹង​ជំរុញ​នូវ​ការ​ផលិត​អាស៊ីដ​ក្នុង​ក្រពះ​របស់​អ្នក​កាន់តែ​ច្រើន។

សូម្បី​តែ​កាហ្វេ​ដែល​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​សម្រាប់​មនុស្ស​ភាគច្រើន​នេះ ក៏​មិន​មាន​ផល​ល្អ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ច្រាល់​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​នេះ​ដែរ រួម​ទាំង​ភេសជ្ជៈ​កូកាកូឡា​និង​ជាតិ​អាល់កុល​ដូចជា​ស្រា​នេះ​ផង​ដែរ។ អ្វី​ដែល​អ្នក​ត្រូវ​ចៀសវាង​ផង​ដែរ​នោះ​គឺជា​អាហារ​ណា​ដែល​មាន​ជាតិ​ហិល និង​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ ព្រោះ​វា​នឹង​កាន់តែ​ធ្វើឲ្យ​បញ្ហា​របស់​អ្នក​យ៉ាប់​កាន់តែ​ខ្លាំង​បាន៕

X
5s