គុណសម្បត្តិ​នៃ​ការហាត់ប្រាណ ទៅលើដំណើរការណ៍​អភិវឌ្ឍ​ ខួរក្បាល​​មនុស្ស​​



មាន​ការ​សិក្សា​ជាច្រើន​បាន​អះអាង​និង​ជំរុញ​មនុស្ស​ឲ្យ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ហាត់ប្រាណ ព្រោះ​ថា​ការ​ហាត់ប្រាណ​មាន​គុណសម្បត្តិ​ជាច្រើន​រាប់​មិន​អស់​ទៅលើ​សុខភាព​របស់​ពួកគេ។ មិនត្រឹមតែ​គុណសម្បត្តិ​ទៅលើ​សុខភាព​ផ្លូវ​កាយ​នោះ​ទេ តែ​ចំពោះ​ខួរក្បាល​របស់​អ្នក​ក៏​ទទួល​បាន​នូវ​ប្រយោជន៍​ដ៏​លើសលប់​ជាច្រើន ហើយ​ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ​ចំនួន៣​សំខាន់ៗ​ដែល​អ្នក​គួរ​ចាប់​អារម្មណ៍៖

១) ជួយ​បង្កើន​ការ​ផ្ចង់​អារម្មណ៍​របស់​អ្នក៖ ការ​ហាត់ប្រាណ​ជួយ​បង្កើន​ការ​ផ្ចង់​អារម្មណ៍​របស់​អ្នក​ទៅលើ​ការងារ​ឬ​ការ​រៀន​សូត្រ ហើយ​មិនតែប៉ុណ្ណោះ​ការ​ហាត់ប្រាណ​ក៏​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​ចងចាំ​របស់​អ្នក​ឲ្យ​បាន​ល្អ​ជាង​មុន ព្រោះ​ផ្នែក​នៃ​ខួរក្បាល​ដែល​មាន​នាទី​ទៅលើ​ការ​រៀន​សូត្រ​ទទួល​យក​ព័ត៌មាន​ថ្មីៗ​និង​ស្តុក​ទុក​នូវ​ការ​ចងចាំ​ក្នុង​រយៈពេល​វែង មាន​ភាព​សកម្ម​ជាង​ធម្មតា​នៅ​ពេល​អ្នក​បញ្ចេញ​សកម្មភាព​ដូចជា​ការ​ធ្វើ​លំហាត់​ប្រាណ​នេះ​ជាដើម។

២)ជួយ​បង្កើន​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក៖ មនុស្ស​ដែល​ធ្វើការ​ហាត់ប្រាណ​រួច​នឹង​តែងតែ​ទទួល​បាន​នូវ​អារម្មណ៍​មួយ​ដែល​មាន​ភាព​ស្រស់ស្រាយ​និង​ធូរ​ស្រឡះ​ជាង​មុន។ ពិត​ប្រាកដ​ណាស់ លទ្ធផល​របស់​ការ​សិក្សា​ចំនួន​២​បាន​រក​ឃើញ​ថា ការ​ធ្វើ​លំហាត់​ប្រាណ​ពិត​ជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​ជំងឺ​បាក់​ទឹកចិត្ត​ដែល​កំពុង​តែ​ក្លាយ​ជា​ជំងឺ​ដ៏​ពេញ​និយម​បំផុត​មួយ​កើតឡើង​ចំពោះ​មនុស្ស​ទូទាំង​សកលលោក។

ការ​សិក្សា​ទី១​បាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០១០ បាន​ឲ្យ​អ្នក​ចូលរួម​ធ្វើ​លំហាត់​ប្រាណ​ដោយ​ការ​ធ្វើ​យូហ្កា​និង​ការ​តាំង​សមាធិ​ជា​រៀងរាល់​ថ្ងៃ​អស់​រយៈពេល​៨​សប្ដាហ៍ ហើយ​លទ្ធផល​ក៏​បាន​រក​ឃើញ​ថា​អ្នក​ចូលរួម​ទាំងនោះ​សុទ្ធតែ​បាន​កាត់បន្ថយ​នូវ​អារម្មណ៍​ស្ត្រេស​របស់​ពួកគេ​យ៉ាង​គួរឲ្យ​កត់​សម្គាល់។ រីឯ​ការ​សិក្សា​មួយ​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៣​ក៏​បាន​រក​ឃើញ​ដែរ​ថា ការ​ហាត់ប្រាណ​បាន​ដើរតួ​ប្រៀប​ដូចជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​ដូច្នោះ​ដែរ។

៣) ជួយ​បង្កើន​ភាព​ច្នៃប្រឌិត​របស់​អ្នក៖ ការ​សិក្សា​មួយ​នៅ​ក្នុង​ឆ្នាំ​២០១៤ បាន​អះអាង​ថា​ការ​ដើរ​លំហាត់​ប្រាណ​អាច​ជួយ​ជំរុញ​ដល់​ភាព​ច្នៃប្រឌិត​បាន។ ក្រៅ​ពី​នេះ ការ​ដើរ​ហាត់ប្រាណ​ថែម​ទាំង​អាច​ជួយ​ពន្យឺត​ដំណើរការណ៍​ភ្លេចភ្លាំង​ដែល​តែងតែ​កើត​ឡើង​នៅ​ពេល​អ្នក​មាន​អាយុ​ច្រើន​ជាង​មុន។ ការ​ដើរ​ហាត់ប្រាណ​នេះ​គ្រាន់តែ​ចំណាយ​ពេល​ត្រឹមតែ​៣០​ទៅ​៤៥នាទី​និង​៣ដង​ក្នុង​១​សប្ដាហ៍​ក៏​មាន​ប្រសិទ្ធភាព​បាន​ដែរ៕

ប្រភព៖ quickanddirtytips.com

ប្រែសម្រួល៖ ស្រីពៅ

X
5s