​វិធី​ងាយ​ៗ​ ដើម្បី​បំបាត់ការឈឺធ្មេញដោយខ្លួនឯង បើអ្នកមិននៅជិតគ្រូពេទ្យ​​



ការ​ឈឺ​ចុកចាប់​ធ្មេញ​គឺជា​អារម្មណ៍​ដ៏​រំខាន​មួយ ដែល​អាច​នឹង​កើតឡើង​ចំពោះ​មនុស្ស​ភាគច្រើន ដោយសារ​មូលហេតុ​ផ្សេងៗ​គ្នា​ដែល​អាច​មាន​មក​ពី​ទម្លាប់​ទទួលទាន​អាហារ​របស់​ពួកគេ ឬ​អាច​ជា​ទម្លាប់​ក្នុង​ការ​សម្អាត​ធ្មេញ​ជាដើម។ នៅ​ពេល​អ្នក​ឈឺ​ធ្មេញ មាន​ពេល​ខ្លះ​អ្នក​ចាំបាច់​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​និង​ទទួល​ការ​ព្យាបាល ប៉ុន្តែ​បើ​គ្រាន់តែ​ជា​បញ្ហា​បណ្ដោះ​អាសន្ន​ធម្មតា​ទេ នោះ​វិធីសាស្ត្រ​ខាងក្រោម​អាច​ព្យាបាល​ការ​ឈឺ​ចុកចាប់​របស់​អ្នក​ឲ្យ​មាន​ប្រសិទ្ធភាព​បាន។

១) តែ​ជី​អង្កាម៖ តែ​ជី​អង្កាម​មាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​ការ​ហើម​ជើង​ធ្មេញ​និង​ឈឺ​ធ្មេញ។ អ្នក​គ្រាន់តែ​ដាក់​ស្លឹក​ជី​អង្កាម​មួយ​ស្លាប​ព្រា​បាយ​ចូល​ទៅ​ក្នុង​ទឹក​ក្ដៅ​មួយ​កែវ​ដែល​ទើប​នឹង​ដាំ​ពុះ បន្ទាប់​មក​ទុក​ឲ្យ​ត្រជាក់​ល្មម​រយៈពេល​ប្រហែល​១៥នាទី ហើយ​អ្នក​អាច​ខ្ពុរ​ទឹក​តែ​ជី​អង្កាម​នោះ​ហើយ​ខ្ជាក់​ចេញ​ឬ​ក៏​លេប​ចូល​ក៏​បាន។

២) ទឹក​អ៊ីដ្រូហ្សែន​ពែអុកស៊ីត៖ សូលុយស្យុង​អ៊ីដ្រូហ្សែន​ពែអុកស៊ីត​អាច​កម្ចាត់​មេរោគ​ពី​បាក់តេរី​និង​ថែមទាំង​អាច​ជួយ​សម្រាល​ការ​ឈឺ​ចុកចាប់​ធ្មេញ​របស់​អ្នក​បាន​ទៀត​ផង។ អ្នក​អាច​ព្យាបាល​ការ​ឈឺ​ចុកចាប់​របស់​អ្នក​បាន​ដោយ​ខ្ពុរ​មាត់​ជាមួយ​ទឹក​អ៊ីដ្រូហ្សែន​ពែអុកស៊ីត​នេះ ហើយ​ខ្ជាក់​ចេញ និង​បន្ទាប់​មក​ត្រូវ​ខ្ពុរ​ជាមួយ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន​ដង។

៣) ទឹក​អំបិល៖ វិធីសាស្ត្រ​នេះ​គឺជា​វិធី​ព្យាបាល​ដ៏​សាមញ្ញ​បំផុត​មួយ​ដែល​គ្រឿងផ្សំ​អាច​រក​បាន​នៅ​ក្នុង​ផ្ទះ​បាយ។ មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ខ្ពុរ​មាត់​ជាមួយ​ទឹក​អំបិល ឬ​ដុស​ធ្មេញ​ជាមួយ​អំបិល​ដើម្បី​សម្អាត​ធ្មេញ​និង​ព្យាបាល​ការ​ឈឺ​ចុកចាប់​ធ្មេញ​របស់​ពួកគេ​ស្រាប់​ទៅ​ហើយ។ ដោយ​គ្រាន់តែ​ដាក់​អំបិល​មួយ​ស្លាប​ព្រា​បាយ​លាយ​បញ្ចូល​គ្នា​នៅ​ក្នុង​ទឹក​ក្ដៅ​មួយ​កែវ ហើយ​ខ្ពុរ​មាត់​ប្រមាណ​១​នាទី​កន្លះ​ជាមួយ​ទឹក​អំបិល​នោះ និង​ខ្ជាក់​ចេញ ធ្វើ​បែប​នេះ​ជា​ញឹកញាប់ នោះ​អ្នក​នឹង​អាច​កាត់បន្ថយ​ការ​ឈឺ​ចុកចាប់​ធ្មេញ​របស់​អ្នក បំបាត់​ការ​ហើម និង​ថែមទាំង​អាច​សម្អាត​កាក​សំណល់​ផ្សេងៗ​នៅ​ចន្លោះ​ធ្មេញ​របស់​អ្នក​បាន​ផង​ដែរ។

ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រ​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​គ្រាន់តែ​ជា​ការ​ព្យាបាល​បណ្ដោះអាសន្ន​ខណៈ​ពេល​អ្នក​មិន​នៅ​ក្បែរ​គ្រូពេទ្យ​ប៉ុណ្ណោះ។ លើស​ពី​នេះ អ្នក​ត្រូវ​កាត់បន្ថយ​ទម្លាប់​ទទួលទាន​អាហារ​ដែល​សម្បូរ​ជាតិ​ផ្អែម ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​យ៉ាងតិច​ម្ដង​ក្នុង​១ឆ្នាំ ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​ទៀងទាត់​និង​ប្ដូរ​ច្រាស់​ដុស​ធ្មេញ​រយៈពេល​៣​ខែ​ម្ដង និង​ប្រើប្រាស់​ទឹក​ខ្ពុរ​មាត់​ដើម្បី​លាង​សម្អាត​ធ្មេញ​អ្នក​ឲ្យ​មាន​សុខភាព​ល្អ៕

ប្រភព៖ lifehack ប្រែសម្រួល៖ ស្រីពៅ

X
5s