តើកំហុសលុយកាក់អ្វីខ្លះ ដែលអ្នកអាចមានជាមួយដៃគូជីវិតរបស់អ្នក ?​



តើ​កំហុស​លុយកាក់​អ្វីខ្លះ​ដែល​អ្នក​និង​ដៃគូ​របស់​អ្នក​អាច​សាង​ឡើង​ដែល​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ? តើ​អ្នក​គួរ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដោយ​របៀប​ណា?

១) មិន​ស្មោះត្រង់​ជាមួយ​គ្នា៖ ទំនុកចិត្ត​អាច​កើត​មាន​បាន​លុះត្រាតែ​មាន​ភាព​ស្មោះត្រង់​កើត​ចេញ​មក​ជា​មុន​សិន។ កុហក​មិនមែន​សុទ្ធតែ​ជា​អំពើ​មិន​ល្អ​ទាំងអស់​នោះ​ទេ ព្រោះ​អ្វី​ដែល​សំខាន់​គឺ​ស្ថិត​នៅ​លើ​គោលបំណង​ពិត​ប្រាកដ​របស់​អ្នក​មាន​ទិសដៅ​ក្នុង​ផ្លូវ​ល្អ​ឬ​យ៉ាង​ណា។ យ៉ាងណាមិញ​ចំពោះ​បញ្ហា​លុយកាក់ វា​គឺជា​រឿង​សំខាន់​បំផុត​មួយ​ដែល​មិន​ថា​ជា​មាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ អ្នក​គួរតែ​មាន​ភាព​ស្មោះត្រង់​ចំពោះ​គ្នា​ទៅវិញ​ទៅមក ប្រាប់​ពី​បញ្ហា​លម្អិត​ដែល​ចាំបាច់​ទាំងអស់ ដើម្បី​ជួយ​គ្នា​ស្វែងរក​ផ្លូវ​ចេញ​ពី​ច្រក​នៃ​បញ្ហា​ជាមួយ​គ្នា។ មាន​បញ្ហា​លុយកាក់​អ្វី​គួរតែ​ជជែក​គ្នា​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ ពុំ​នោះ​ទេ​បើ​ទុក​កាន់តែ​យូរ វា​អាច​នឹង​នាំ​មក​នូវ​បញ្ហា​កាន់តែ​ច្រើន​នៅ​ពេល​ខាងមុខ​ទៀត​មិនខាន។

២) កុំ​ឲ្យ​អារម្មណ៍​គ្រប់គ្រង​អ្នក​បាន​ឲ្យ​សោះ៖ មិន​ថា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ប៉ុណ្ណា​ក៏​ដោយ កំហឹង​ពុះ​កញ្ជ្រោល​មិន​ដែល​អាច​ដោះស្រាយ​បញ្ហា​អ្វី​បាន​នោះ​ឡើយ។ បើ​សិន​ជា​ដៃគូ​របស់​អ្នក​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​អ្វីមួយ​ជាមួយ​នឹង​លុយ​កាក់ នោះ​អ្នក​គួរតែ​ព្យាយាម​អង្គុយ​ស្ដាប់​គាត់​ដោយ​ការ​អត់ធ្មត់ ដើម្បី​ស្វែងយល់​ថា​អ្វី​ទៅ​ទើប​នាំ​មក​នូវ​បញ្ហា​នោះ​យ៉ាង​ពិតប្រាកដ បន្ទាប់​មក​អ្នក​ទាំងពីរ​នឹង​អាច​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា​បាន​ជា​ក្រោយ។

៣) មិន​រៀបចំ​និង​គោរព​តាម​ផែនការ​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់៖ អ្នក​និង​ដៃគូ​អាច​នឹង​បាន​រៀបចំ​ផែនការ​សម្រាប់​ចាយវាយ​ទៅលើ​អ្វី​ទៅ​តាម​កាលកំណត់​របស់​អ្នក​បាន​ច្បាស់លាស់​រួចរាល់​ហើយ ប៉ុន្តែ​បញ្ហា​អាច​កើតឡើង​នៅ​ពេល​ដែល​អ្នក​មិន​បាន​គោរព​ទៅ​តាម​ផែនការ​ដែល​បាន​កំណត់​មក​នោះ។ មិន​មាន​ផែនការ​ច្បាស់លាស់​និង​មិន​គោរព​ទៅ​តាម​ផែនការ​ចំណាយ​របស់​ខ្លួន គឺជា​កំហុស​ដ៏​ធំ​មួយ​ដែល​អាច​ធ្វើឲ្យ​អ្នក​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាន់​ពេលវេលា និង​ប៉ះពាល់​រាលដាល​ទៅ​ដល់​បញ្ហា​ដទៃ​ៗ​ទៀត​ឲ្យ​កើតឡើង​ផង​ដែរ។ បើ​អ្នក​រស់នៅ​តែ​ម្នាក់ឯង វា​មិន​ជា​បញ្ហា​អ្វី​ធំ​ដុំ​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​រស់នៅ​ជាមួយ​ដៃគូ ហើយ​បើ​សិន​ជា​មាន​កូនៗ​ទៀត​នោះ នោះ​វា​ប្រាកដ​ជា​ក្លាយ​ជា​បញ្ហា​ធំ​មិនខាន៕

ប្រភព៖ quickanddirtytip.com ប្រែសម្រួល៖ ស្រីពៅ

X
5s