លក្ខណៈដូចគ្នានិងខុសគ្នាខ្លះៗរវាងក្រុមហ៊ុនសហកម្មសិទ្ធិទូទៅនិងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត
ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា ក្រុមហ៊ុនសហកម្មសិទ្ធិបែងចែកចេញជាពីរប្រភេទគឺ ក្រុមហ៊ុន សហកម្មសិទ្ធិទូទៅ និង ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្វែង យល់អំពីលក្ខណៈដូចគ្នា និង ខុសគ្នាខ្លះៗ រវាងក្រុមហ៊ុនសហកម្មសិទ្ធិទាំងពីរនេះ។
១. លក្ខណៈដូចគ្នា ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និង ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត គឺជាប្រភេទតែមួយនៃក្រុមហ៊ុនសហកម្មសិទ្ធិ ដែលត្រូវបានបង្កើតឡើងដោយកិច្ចសន្យារវាងបុគ្គលពីរនាក់ ឬច្រើន។ កិច្ចសន្យានោះ អាចត្រូវបានធ្វើដោយផ្ទាល់ មាត់ក៏បាន ឬជាលាយលក្ខណ៍អក្សរក៏បាន។ ជាការពិតណាស់ ក្រុមហ៊ុនសហកម្មសិទ្ធិ ទោះជាប្រភេទណាក៏ដោយ គឺជាប្រភេទក្រុមហ៊ុនដែលមានការទទួលខុស ត្រូវគ្មានកម្រិតចំពោះបំណុលនានា។ ត្រង់នេះបានន័យថា ក្នុងករណីអាជីវកម្មមានការខាតបង់ សហកម្មសិទ្ធិករ ទាំងឡាយត្រូវយកទ្រព្យសម្បត្តិផ្ទាល់ខ្លួនមកចាត់ចែងដើម្បីសងបំណុល លើកលែងតែសហកម្មសិទ្ធិករមានកម្រិត នៃក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតប៉ុណ្ណោះ ដែលទទួលខុសត្រូវត្រឹមកម្រិតនៃភាគទុនដែលបានដាក់។
២. លក្ខណៈខុសគ្នា ត្បិតថា ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និង ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត ជាប្រភេទក្រុមហ៊ុនតែមួយ ប៉ុន្តែក៏នូវ តែមានលក្ខណៈខុសគ្នាមួយចំនួនដែលយើងគួរគប្បីស្វែងយល់។ លក្ខណៈខុសគ្នាទាំងនោះមានដូចខាងក្រោម៖
ក) ការបង្កើត ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅត្រូវបានបង្កើតឡើងដោយបុគ្គលពីរនាក់ឬច្រើន ដោយដាក់រួមគ្នានូវទ្រព្យសម្បតិ្ត ចំណេះដឹង ឬសកម្មភាពដើម្បីប្រកបពាណិជ្ជកិច្ច ។ ផ្ទុយមកវិញ ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត ដែលក្នុងនោះ មានសហកម្មសិទ្ធិករមានកម្រិតម្នាក់ ឬច្រើន មិនអាចដាក់ភាគទុនជាចំណេះដឹង ឬសេវាបានឡើយ ដើម្បីប្រកប ពាណិជ្ជកិច្ចរួមនោះ ។ ពួកគេចាំបាច់ត្រូវដាក់ភាគទុនជាទ្រព្យសម្បតិ្ត ដើម្បីមានសិទ្ធិក្លាយជាសហកម្មសិទ្ធិកររបស់ ក្រុមហ៊ុន។
ខ) ការគ្រប់គ្រង ផ្ទុយពីក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ដែលរាល់សហកម្មសិទ្ធិករទូទៅទាំងអស់មានសិទ្ធិស្មើៗគ្នាក្នុងការគ្រប់គ្រង ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ។ ចំណែកឯ នៅក្នុងក្រុមសហកម្មសិទ្ធិមានកម្រិតវិញ ច្បាប់កំណត់ថា សហកម្មសិទ្ធិករមានកម្រិតមិនអាចចូលរួមនៅក្នុងការគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុនបានឡើយ។ ប៉ុន្តែពួកគេ មានសិទ្ធិធ្វើការពិនិត្យរបាយការណ៍ និង ការរីកចម្រើនរបស់ក្រុមហ៊ុន និង អាចផ្តល់ជាគំនិតក្នុងការគ្រប់គ្រង ក្រុមហ៊ុននោះបានគ្រប់ដំណាក់កាល៕
ដោយ៖ ប៉ុម ទូច