អាហារអ្វីខ្លះដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់បាន ?​



ទម្លាប់​របស់​អ្នក​នៅ​ក្នុង​ការ​ទទួលទាន​អាហារ​ប្រចាំ​ថ្ងៃ​ពិត​ជា​មាន​ឥទ្ធិពល​សំខាន់​ចំពោះ​សុខភាព​របស់​អ្នក។ ការ​កើនឡើង​សម្ពាធ​ឈាម​គឺជា​ជំងឺ​មួយ​ដែល​កើតឡើង​ទៅលើ​មនុស្ស​ជាច្រើន​នៅ​ពេល​ពួកគេ​មាន​អាយុ​ច្រើន។ វា​អាច​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេងៗ​ចូលរួម​ផ្សំ​គ្នា ប៉ុន្តែ​នៅ​ក្នុង​នោះ​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​បាន​នាំ​ទៅ​រក​ការ​កើន​ឡើង​សម្ពាធ​ឈាម​នេះ ក៏​កើត​ចេញ​មក​ពី​ទម្លាប់​បរិភោគ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​ដែរ។ ដូច្នេះ​តើ​ប្រភេទ​អាហារ​អ្វីខ្លះ ដែល​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​មួយ​នេះ​បាន ?

១) ខ្ទឹម​ស៖ តាំង​ពី​យូរ​ណាស់​មក​ហើយ ខ្ទឹម​ស​ត្រូវ​បាន​ចាស់​បុរាណ​ប្រើប្រាស់​ធ្វើ​ជា​ឱសថ​ធម្មជាតិ​សម្រាប់​ព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទ។ ពិត​ប្រាកដ​ណាស់​ខ្ទឹម​ស​ពោរពេញ​ដោយ​អត្ថប្រយោជន៍​ជាច្រើន​ក្នុង​ការ​ទប់ស្កាត់​និង​ព្យាបាល​ជំងឺ។ ខ្ទឹម​ស​គឺជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​សម្រាប់​សុខភាព​បេះដូង​របស់​អ្នក។ វា​ថែម​ទាំង​ជួប​កាត់បន្ថយ​សម្ពាធ​ឈាម ជាតិ​កូឡេស្តេរ៉ុល និង​លើស​ពី​នេះ​ទៅ​ទៀត​ខ្ទឹម​ស​ផ្ទុក​ទៅ​ដោយ​សារធាតុ​ដែល​មាន​នាទី​បង្កើន​ថាមពល​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក ជួយ​ប្រឆាំង​នឹង​បាក់តេរី និង​ជួយ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ផង​ដែរ។

២) ត្រី៖ អាស៊ីដ​ខ្លាញ់​ទាំងអស់​មិនមែន​សុទ្ធតែ​មិន​ល្អ​ចំពោះ​សុខភាព​របស់​អ្នក​នោះ​ទេ។ ជាក់ស្ដែង​អាស៊ីដ​ខ្លាញ់​អូមេហ្កា​៣​ដែល​សម្បូរ​នៅ​ក្នុង​ត្រី​សាលមន​ជាពិសេស ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ជាតិ​កូឡេស្តេរ៉ុល និង​កាត់បន្ថយ​ប្រភេទ​អាស៊ីដ​ខ្លាញ់​មួយ​ចំនួន​ដែល​មិន​ល្អ​សម្រាប់​សុខភាព​របស់​អ្នក។ អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​មាន​ប្រសិទ្ធភាព បើ​សិន​ជា​អ្នក​ទទួលទាន​វា​ដោយ​ចំហុយ ស្ងោរ​ឬ​អាំង​ជាដើម ជាជាង​ការ​ប្រើប្រាស់​ខ្លាញ់​ដើម្បី​ចម្អិន។

៣) ចិញ្ចឹម​សត្វ៖ នៅ​ពេល​អ្នក​ត្រឡប់​មក​ផ្ទះ​ពី​កន្លែង​ធ្វើការ​វិញ និង​ពោរពេញ​ដោយ​អារម្មណ៍​ស្ត្រេស​និង​ហត់នឿយ នោះ​ការណ៍​ដែល​បាន​ប្រលែង​លេង​ជាមួយ​នឹង​សត្វ​ចិញ្ចឹម​របស់​អ្នក នឹង​ជួយ​កាត់បន្ថយ​ភាព​តប់ប្រមល់​អស់​ទាំងនោះ ហើយ​នឹង​ជួយ​ធ្វើឲ្យ​អារម្មណ៍​អ្នក​ធូរស្រាល​ជាង​មុន ដែល​ត្រង់​ចំណុច​នេះ​ក៏​បាន​ចូលរួម​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​កាត់បន្ថយ​ឬ​បង្ការ​ការ​កើន​ឡើង​សម្ពាធ​ឈាម​របស់​អ្នក។

៤) សូកូឡា​ខ្មៅ៖ សូកូឡា​ខ្មៅ​តែងតែ​ត្រូវ​បាន​គេ​លើក​សរសើរ​ពី​អត្ថប្រយោជន៍​របស់​វា​ដែល​មាន​ចំពោះ​សុខភាព​ជានិច្ច។ វា​មិន​ត្រឹមតែ​ជួយ​បង្កើន​នូវ​ការ​ផលិត​ដូប៉ាមីន ដែល​ជា​សារធាតុ​គីមី​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​ដែល​មាន​នាទី​ជួយ​ធ្វើឲ្យ​អារម្មណ៍​របស់​អ្នក​សប្បាយ​រីករាយ​និង​ស្រស់ស្រាយ​ជាង​មុន​នោះ​ទេ តែ​សូកូឡា​ខ្មៅ​ក៏​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ៕

ប្រភព៖ www.quickanddirtytips.com ប្រែសម្រួល៖ ស្រីពៅ

X
5s