តើការសន្សំបែបណាដែលមានសុវត្ថិភាពនិងបង្កើនប្រាក់របស់អ្នកទៀតនោះ?
អ្នកខ្លះយល់ច្រឡំថាការសន្សំប្រាក់នៅតាមធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺមិនមែនសុវត្ថិភាពនោះទេ។ ហើយគិតថាសន្សំលុយនៅផ្ទះមានសុវត្ថិភាពទៅវិញ។ ប៉ុន្តែ ពួកគេមិនបានគិតដល់ចោរឬអគ្គីភ័យដែលអាចកើតឡើងជាយថាហេតុឡើយ។ ការសន្សំលុយនៅធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺមានសុវត្ថិភាពនិងទទួលបានការប្រាក់ទៀតផង។ ហើយគណនីសន្សំគឺមានច្រើនប្រភេទដែលអ្នកអាចជ្រើសរើសបានដូចខាងក្រោម៖
១) គណនីសន្សំធម្មតា៖គណនីសន្សំធម្មតាមានន័យថាអ្នកអាចដកឬដាក់ប្រាក់ពេលណាក៏បាន។ ហើយប្រាក់ដែលទាមទារឲ្យមាននៅក្នុងគណនីក៏មិនច្រើនផងដែរ។ វាជាជម្រើសដ៏ល្អសម្រាប់បុគ្គលដែលទើបតែរៀនសន្សំលុយនិងអ្នកដែលដកឬដាក់លុយសេរី ហើយអ្នកក៏ទទួលបានអត្រាការប្រាក់ផងដែរ។ ជាឧទាហរណ៍ដូចជា Current Saving ជាដើម។
២) សន្សំដោយយកវិញ្ញាបនបត្រ ឬសន្សំរយៈពេលវែង៖ ការសន្សំដោយយកវិញ្ញាបនបត្រភាគច្រើនមានតែនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ ហើយការដាក់ប្រាក់បញ្ញើរបៀបនេះគឺមានអត្រាការប្រាក់ខ្ពស់ជាធនាគារទៅទៀត។ ប្រសិនជាអ្នកដាក់ប្រាក់បញ្ញើរយៈពេលយូរខែ នោះអ្នកក៏ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់ផងដែរ។ ដោយឡែក ក៏មានការដាក់ប្រាក់សន្សំរយៈពេលវែង ប៉ុន្តែក្នុងរយៈពេលថេរដូចជា Fixed Deposit ជាដើម។
៣) ទិញធានារ៉ាប់រង៖ ការទិញធានារ៉ាប់រងក៏ដូចជាការសន្សំប្រាក់ផងដែរ ប៉ុន្តែវារួមជាមួយនឹងការធានាផងដែរ មានន័យថា អ្នកមិនត្រឹមតែសន្សំប្រាក់របស់អ្នកសម្រាប់អនាគតនោះទេ ហើយអ្នកក៏ទទួលបានការប្រាក់ទៀត។ អ្វីដែលរឹងតែពិសេស គឺជីវិតរបស់អ្នកក៏ត្រូវបានធានាផងដែរ។ ប៉ុន្តែ ការទិញធានារ៉ាប់រងជីវិតគឺជាការសន្សំឬការវិនិយោគរយៈពេលវែង។ ជម្រើសខាងបីខាងលើនេះសុទ្ធតែជួយបង្កើនប្រាក់របស់អ្នកនិងមានសុវត្ថិភាពជាជាងការដាក់លុយនៅក្នុងកូនជ្រូកឬសន្សំបែបបុរាណ៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ The balance