ចំណុចតូចតាច៣យ៉ាងដែលអ្នកអាចធ្វើឲ្យខ្លួនឯងមានសេចក្ដីសុខបាន​



ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​ល្អ​ដែរ អ្វី​ដែល​សំខាន់​គឺ​ស្ថិត​នៅ​ត្រង់​ក្នុង​ចិត្ត និង​ការ​គិត​របស់​អ្នក​តែ​ប៉ុណ្ណោះ​ឯង។ សេចក្ដី​សុខ​ពិត​ប្រាកដ​គឺ​ស្ថិត​នៅ​ក្នុង​ចិត្ត​ខាងក្នុង​របស់​អ្នក។ បើ​អ្នក​យល់​ថា​សេចក្ដី​សុខ​គឺ​ទាល់តែ​ទទួល​បាន​ពី​ប្រភព​នៅ​ខាងក្រៅ​មក​វិញ នោះ​អ្នក​នឹង​ដេញ​តាម​ចាប់​សេចក្ដី​សុខ​ឲ្យ​ខ្លួនឯង​អស់​មួយ​ជីវិត​រក​ទី​បញ្ចប់​មិន​ឃើញ​នោះ​ឡើយ។ អ្នក​មិន​អាច​មាន​ជីវិត​វិជ្ជមាន​ចេញ​ពី​ការ​គិត​អវិជ្ជមាន​បាន​នោះ​ទេ។ ខាងក្រោម​នេះ​គឺជា​ចំណុច​សាមញ្ញ​និង​តូចតាច​៣យ៉ាង​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ចាប់ផ្ដើម​ថ្ងៃ​នីមួយៗ​របស់​អ្នក​ពោរពេញ​ដោយ​សេចក្ដី​សុខ៖

១) ព្យាយាម​សម្លឹង​រក​ចំណុច​ល្អ​នៅ​ក្នុង​រាល់​ហេតុការណ៍​ទាំងឡាយ​ដែល​មិន​សម​តាម​បំណង​របស់​អ្នក៖ សេចក្ដី​ទុក្ខ​កើតឡើង​នៅ​ពេល​ដែល​អ្វីៗ​កើតឡើង​មិន​ទៅ​តាម​ចិត្ត​របស់​ខ្លួនឯង។ តែ​អ្នក​ត្រូវ​ដឹង​ថា មាន​តែ​អ្នក​តែ​ម្នាក់​គត់​ដែល​ជា​អ្នក​គ្រប់គ្រង​ទៅលើ​ការ​គិត​របស់​ខ្លួនឯង បើ​ទោះ​ជា​ស្ថានការណ៍​នៅ​ខាងក្រៅ​បាន​កើតឡើង​ហួស​ពី​អ្វី​ដែល​ដែន​កំណត់​របស់​អ្នក​បច្ចុប្បន្ន​អាច​គ្រប់គ្រង​បាន​ក៏​ដោយ។ ការ​គិត​របស់​អ្នក​បែប​ណា នោះ​លទ្ធផល​ទាំងឡាយ​ដែល​កើតឡើង​តាម​ក្រោយ​នឹង​ជា​ផល​ចេញ​ពី​ការ​គិត​របស់​អ្នក​បែប​នោះ​ដូចគ្នា​ដែរ។ មាន​មនុស្ស​តិចតួច​ណាស់​ដែល​មិន​ថា​ជា​មាន​ស្ថានការណ៍​អកុសល​បែប​ណា​កើតឡើង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ តែ​ពួកគេ​នៅ​តែ​អាច​រក​ឃើញ​ចំណុច​ល្អៗ​នៅ​ក្នុង​ភាព​អាក្រក់​ៗ​ទាំងនោះ និង​នាំ​ខ្លួនឯង​ចាកចេញ​ពី​ទី​ងងឹត​នោះ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទីកន្លែង​ដ៏​ភ្លឺ​ត្រចះត្រចង់​បាន។

២) ផ្ដោត​ទៅលើ​បច្ចុប្បន្នកាល៖ អតីតកាល​បាន​កន្លង​ផុត​ទៅ​ហើយ ទោះ​អ្នក​រអ៊ូរទាំ​មិន​អស់​ចិត្ត​ប៉ុណ្ណា​ក៏​មិន​អាច​ទាញ​ឲ្យ​អ្វីៗ​ត្រឡប់​ថយក្រោយ​វិញ​បាន​នោះ​ដែរ។ រីឯ​អនាគត​ក៏​មិន​ទាន់​មក​ដល់ បើ​ទោះ​ជា​អន្ទះសា​ខ្វាយខ្វល់​ប៉ុណ្ណា​ក៏​មិន​អាច​កែប្រែ​អ្វី​បាន​នោះ​ដែរ។ ប៉ុន្តែ​នេះ​មិនមែន​ហាមឃាត់​មិន​ឲ្យ​អ្នក​ខ្វាយខ្វល់​គិតគូរ​ពី​អនាគត​ជីវិត​របស់​ខ្លួនឯង ឬ​ក៏​មិន​ខ្វល់ខ្វាយ​ពី​កំហុស​របស់​ខ្លួនឯង​នៅ​ក្នុង​អតីតកាល​នោះ​ឡើយ។ ផ្ទុយទៅវិញ​បើ​អ្នក​បាន​សាង​កំហុស​មែន នោះ​អ្នក​គួរតែ​ស្វែងរក​ថា​តើ​បទពិសោធន៍​មួយ​នោះ​បាន​ផ្ដល់​មេរៀន​អប់រំ​អ្វីខ្លះ​ដែល​អាច​ឲ្យ​អ្នក​រៀន​សូត្រ​និង​កែប្រែ​ទៅ​រក​ភាព​រីក​ចម្រើន​បាន។ រី​ឯ​អនាគត​វិញ​គឺ​អ្នក​ត្រូវ​គិតគូរ​ពី​វា រក​ដំណោះស្រាយ​រៀប​ចំ​ទប់ទល់​ជាមួយ​វា មិនមែន​កង្វល់​ចិត្ត​ឥត​ប្រយោជន៍​នោះ​ទេ ព្រោះ​កង្វល់​ចិត្ត​ច្រើន​ក៏​នឹង​មិន​នាំ​ផល​ប្រយោជន៍​អ្វី​មក​អ្នក​វិញ​ដែរ។

៣) ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​ជា​រៀង​រាល់​ថ្ងៃ​ជាមួយ​នឹង​ផ្នត់​គំនិត​វិជ្ជមាន​ជានិច្ច៖ ការ​ផ្លាស់ប្ដូរ​ចាប់ផ្ដើម​ចេញ​ពី​ខាងក្នុង​ទៅ​ខាងក្រៅ។ នៅ​ពេល​អ្នក​គ្រប់គ្រង​ខ្លួនឯង​បាន​ដោយ​ផ្លាស់ប្ដូរ​ការ​គិត​របស់​ខ្លួនឯង​ជាមួយ​នឹង​ការ​យល់​ឃើញ​ទាំងឡាយ​ណា ដែល​នាំ​អ្នក​ទៅ​រក​តែ​ភាព​រីកចម្រើន និង​ភាព​ច្នៃប្រឌិត​ថ្មីៗ នោះ​អ្នក​នឹង​អាច​ផ្លាស់ប្ដូរ​ស្ថានការណ៍​ខាងក្រៅ​នៅ​ជុំវិញ​ខ្លួន​អ្នក​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​ជាក់​ជា​ពុំ​ខាន។ ដើម្បី​អាច​យក​ឈ្នះ​ឧបសគ្គ​ខាងក្រៅ​បាន ជា​ដំបូង​អ្នក​ត្រូវ​យក​ឲ្យ​ឈ្នះ​ខ្លួនឯង​ជាមុន​សិន។ អ្នក​ត្រូវ​តែ​មាន​ជំនឿ​ជឿជាក់​ទៅលើ​ខ្លួនឯង​ជា​មុន នោះ​ទើប​អ្នក​អាច​ធ្វើ​អ្វី​ដែល​ខ្លួនឯង​ចង់​បាន​បាន​សម្រេច៕

ដោយ៖ ស្រីពៅ

X
5s